ទោះ​បី Bale ប៉េណាល់ទី​មិន​ចូល​​ Real Madrid នៅ​តែ​​អាចឈ្នះ Arsenal

  • 2019-07-24 02:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​នៅ​អង់គ្លេស Arsenal ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី បន្ទាប់​ពី​បញ្ចប់​លទ្ធផល​៩០​នាទី​ស្មើ​គ្នា ២-២ លើ​ទឹក​ដី​អាមេរិក​ដែល​ទើប​បញ្ចប់​មុន​នេះ​ពាន​រង្វាន់​មិត្តភាព International Champions Cup។

ការ​ប្រកួត​មិន​ទាន់​ទាំង​ក្ដៅ​សាច់​ដុំ​ផង​នាទី​ទី​៩​ខ្សែ​ការពារ​ Nacho Fernandez ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ ក្រោយ​បាន​កាត​លឿង​២​ដង។ Arsenal បើក​ការ​នាំ​មុខ​នាទី​ទី​១០ ដោយ​ការ​ទាត់​ប៉េណាល់ទី​របស់​ខ្សែ​ប្រយុទ្ធ Alexandre Lacazette។

១៤​នាទី​បន្ទាប់​ក្រុម​កាំភ្លើង​ធំ​រក​បាន​គ្រាប់​ទី​ពីរ​ រក​បាន​ពី​កីឡាករ Pierre-Emerick Aubameyang។ យ៉ាងណាមិញ Real Madrid ខំប្រឹង​តាម​បាន​ពី​២​គ្រាប់​វិញ​ ដែល​ជា​ការ​ទាត់​បញ្ចូល​របស់​កីឡាករ Gareth Bale និង Marco Asensio។ លទ្ធផល ២-២ បាន​បន្សល់​រហូត​​ចប់​​ការ​ប្រកួត តម្រូវ​ឲ្យ​ក្រុម​ទាត់​ពី​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី មិន​ចាំ​បាច់​បន្ថែម​១៥​នាទី​ពីរ​ដង​ទេ ព្រោះ​ជា​ការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ។

បើក​ឆាក​ដំបូង Nelson ធ្វើ​បាន​ល្អ​ណាស់​ឲ្យ​ Arsenal​ តែ Bale ដែល​កំពុង​នៅ​ក្រៅ​ក្រសែភ្នែក​របស់ Zidane បែរ​ជា​ទាត់​មិន​ចូល​ទៅ​វិញ។ យ៉ាងណាមិញ គ្រាប់​បន្ត​បន្ទាប់ Real ធ្វើ​បាន​ល្អ​ជាង​ឈ្នះ ៣-២ នូវ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី៕

អត្ថបទ៖ ហេង សុធារិទ្ធិ