ទីក្រុង​បាងកក​ មាន​អាគារ​ខ្ពស់​កប់​ពពក​មួយ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ

  • 2019-07-24 04:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាគារ​ខ្ពស់​កប់​ពពក​មួយ​ នៅ​ពេល​ប្រិយមិត្ត​ឡើង​ដល់​លើ​កំពូល​អាច​ទស្សនា​ទីក្រុង​បាង​កក​ទាំង​មូល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ។ អាគារ​ខ្ពស់​កប់​ពពក​នេះ​ មាន​ឈ្មោះ​ថា King Power Mahanakhon ស្ថិត​នៅ​ចំ​តំបន់​ពាណិជ្ជ​កម្ម​នៃ​ទីក្រុង​បាងកក ដែល​មាន​កម្ពស់​ ៧៨​ជាន់ ស្មើនឹង​៣១៤ ម៉ែត្រ។

អាគារ​ដែល​ខ្ពស់​ជាង​គេ​ មាន​ឈ្មោះថា King Power Mahanakhon

អាគារ​ដ៏​ខ្ពស់​ជាង​គេ​នៅ​ទី​ក្រុង​បាងកក ដែល​បាន​ចំណាយ​ថវិកា​ប្រមាណ​ជា ៦០០​លាន​ដុល្លារ​​នេះ ក្រៅ​ពី​ទាក់ទាញ​អ្នក​ទេសចរ​មក​កម្សាន្ត​តាមរយៈ​ទស្សនា​ទី​ក្រុង​បាងកក និង​ផ្ដិត​រូបភាព​ប្លែក​ៗ​នោះ ក៏​ជា​កន្លែង​ទាក់ទាញ​វិនិយោគ​ទុន​ផងដែរ ដោយ​នៅ​ក្នុង​អាគារ​ King Power Mahanakon មាន​លំនៅ​ឋាន​សម្រាប់​អតិថិជន​ដែល​ចង់​រស់នៅ​បែប​ស៊ីវិល័យ ដែល​មាន​ឈ្មោះ​ថា Ritz Carlton Residence King Power។

លោក March Begassat នាយក​គ្រប់គ្រង​នៃ King Power Mahanakhon បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ ប្រទេស​កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និង វៀតណាម (CLMV) ដែល​បាន​ទៅ​ទស្សនា​អគារ​ខ្ពស់​កប់​ពពក​ខាង​លើ​នេះ​ថា "វា​ពិត​ជា​ឱកាស​មួយ​ដ៏​កម្រ​ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​លំនៅ​ឋាន​ក្នុង​អាគារ​ដ៏​ល្បីល្បាញ​ និង​លេច​ធ្លោរ​ និង​ជា​អាគារ​មួយ​ក្នុង​ចំណោម​អាគារ​ខ្ពស់​ៗ ក្នុង​ប្រទេស​ថៃ"។

លោក​បាន​បន្ថែម​ថា "ដូច​ដែល​យើង​ខិតខំ​ក្នុង​ការ​បន្ដ​បង្កើត​នូវ​ទិសដៅ​មួយ​ដែល​រួម​បញ្ចូល​ទាំង​បដិសណ្ឋារកិច្ច​ពិសេស​ មុខ​ម្ហូប​ដែល​ទទួល​បាន​ពាន​រង្វាន់ និង​ការ​ទាក់ទាញ​លំដាប់​ពិភពលោក យើង​ខ្ញុំ​រីករាយ​ក្នុង​ការ​ផ្ដល់​ជូន​លោក​អ្នក​នូវ​បទ​ពិសោធ​ការ​រស់​នៅ​ប្រកបដោយ​ភាព​ប្រណីត​ក្នុង​ទី​ក្រុង​ដែល​មាន​តែ​នៅ​ទី​នេះ"។

Mahanakhon Bangkok Skybar

អ្វី​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​ទៅ​កាន់​អាគារ​ខ្ពស់​កប់​ពក​នេះ គឺ​នៅ​ទី​នេះ​មាន​ហាង​លក់​ទំនិញ​រាយ ហាង​លក់​គ្រឿង​សំអាង និង Duty-Free និង​ King Power Mhanakhon SkyWalk ជា​ទី​លំហ​ដែល​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​ថៃ។ មួយ​ទៀត​នៅ​ទី​នេះ​ក៏​មាន​សណ្ឋាគារ​លំដាប់​ពិភពលោក​ Orient Express Hotel ផងដែរ។

តើ​ប្រិយមិត្ត​ដែល​ចង់​រស់​នៅ​ក្នុង​លំនៅដ្ឋាន​បែប​ទំនើប​ ក្នុង​អាគារ​ខ្ពស់​កប់​ពពក​ ប្រាកដ​ណាស់​ពិត​ជា​ចង់​ដឹង​តម្លៃ​ហើយ​ តើ​មួយ យូនីត​តម្លៃ​ប៉ុន្មាន? យូនីត​នៅ The Ritz-Carlton Residents តម្លៃ​ចាប់​ពី (42 លាន​បាត) 42 លាន​បាត ស្មើ​នឹង 1,358,007.00។ សិទ្ធិ​ពិសេស​សម្រាប់​អតិថិជន​ដែល​ជាវ​យូនីត​ រួមមាន​កាត​សមាជិក King Power Crown, voucher ជា​សាច់​ប្រាក់​សរុប​ 5ម៉ឺន​បាត ស្មើ​នឹង 1,616.88 ដុល្លារ សម្រាប់​សេវាក្ម​អាហារ​ពី Pullman Bangkok King Power Hotel, និង សំបុត្រ​មើល​បាល់​ទាត់​ Premier League Football ចំនួន​ ២ នៅ​ពហុកីឡដ្ឋាន​ King Power Stadium ទីក្រុង Leicester ប្រទេស​អង់គ្លេស។

បន្ទប់គេង បើកបង្អួញ អាចមើលឃើញទីក្រុងបាងកក បានផងដែរ
កន្លែងទទួលភ្ញៀវ
កន្លែងញុំាបាយ និង​កន្លែង​ចំអិន​អាហារ
បន្ទប់ទឹកធំទូលាយ

យោង​តាម​របាយការណ៍​របស់​ Euromonitor International's Top 100 city Destinations ឆ្នាំ​២០១៨ ទី​ក្រុង​បាងកក​ គឺជា​ទី​ក្រុង​ដែល​មាន​អ្នក​ទៅ​ទស្សនា​ច្រើន​ជាង​គេ​ទីពីរ បន្ទាប់​ពី​ទីក្រុង​ហុងកុង។

ក្នុង​ចំណោម​បណ្ដុំ​ពាណិជ្ជកម្ម​អាស៊ី ទីផ្សារ​អចលនទ្រព្យ នៃ​ទីក្រុង​បាងកក​ជា​ទី​ផ្សារ​មួយ​ដែល​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាង​គេ​​សម្រាប់​ការ​រស់​នៅ​ និង​ការ​ធ្វើ​សកម្មភាព​អាជីវកម្ម​ផ្សេង​ៗ​ក្នុង​ប្រទេស​ថៃ។ ក្រៅ​ពី​ការ​វិនិយោគ​មក​ពី​តំបន់​ផ្សេង​ៗ​នោះ ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​ ដែល​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ​ មាន​អ្នក​ទៅ​ទស្សនា​ ១លាន​២សែន​៣ម៉ឺន​៤៧៣​នាក់ ដែល​ទៅ​ទស្សនា​តំបន់​ទេសចរណ៍ ទទួល​សេវា​សុខភាព​ និង​របៀប​របប​នៃ ការ​រស់​នៅ​បែប​ស៊ីវិល័យ នៅ​ទី​ក្រុង​បាងកក។

ដូច្នេះ​ប្រិយមិត្ត​ប្រសិន​បាន​ទៅ​ទីក្រុង​បាងកក កុំ​ភ្លេច​ទៅ​អាគារ​ខ្ពស់​កប់​ពពក​ King Power Mahanakhon ដែល​ខ្ពស់​ជាង​គេ​នៅ​ប្រទេស​ថៃ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ទស្សនា​ទី​ក្រុង​បាង​កក​ទាំង​មូល រួម​ផ្សំ​នឹង​ការ​ស្វែង​យល់​អំពី​ការ​វិនិយោគ​ នៃ​លំនៅ​ឋាន​បែប​ស៊ីវិល័យ​​ លំដាប់​ពិភពលោក និង​ហាង​ទំនិញ​រាយ​ និង Duty-Free។

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា