ពេលម្ចាស់ដើមចេញមុខ ទើបដឹងសារព័ត៌មានកូរ៉េខំបំភ្លៃអំពី Song Hye Kyo កម្រិតណា

  • 2019-07-24 07:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ Song Hye Kyo បាន​ចូល​រួម​ក្នុង​បទ​សម្ភាសន៍​មួយ​ ខណៈ​ពេល​ផ្សព្វផ្សាយ​​​ឲ្យ​​គ្រឿង​អលង្ការ​មួយ​នៅ​ប្រទេស​ម៉ូណាកូ។ នៅ​​ពេល​នោះ នាង​បាន​និយាយ​អំពី​ផែនការ​អនាគត, និយាយ​អំពី​ជោគ​វាសនា​​​ និង​គោល​បំណង​ចង់​ពាក់​មកុដ​នៅ​ថ្ងៃ​កំណើត។

យ៉ាងណាក្ដី មាន​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន បាន​សម្រង់​សម្ដី​ខុស ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​ថា Song Hye Kyo គិត​ថា "ជា​ជោគ​វាសនា​របស់​ខ្លួន​ដែល​ត្រូវ​លែង​លះ​” និង​ថា "នាង​ចង់​ឲ្យ​គេ​ចាត់​ទុក​​ខ្លួន​ដូច​ជា​ព្រះនាង”។ មហាជន​កូរ៉េ​ចាប់​ផ្ដើម​ជឿ​នឹង​ការ​ចុះ​ផ្សាយ​នេះ ហើយ​ការ​រិះគន់ និង​ការ​បញ្ចេញ​កំហឹង​លើ​​តារា​សម្ដែង​រូប​នេះ ក៏​កើត​មាន​ឡើង។

យ៉ាងណាក្ដី​អ្នក​បក​ប្រែ​​ដែល​​មាន​ឈ្មោះ​ថា​ Miss J ដែល​បាន​ជួយ​ដល់​ Song Hye Kyo បក​ប្រែ​​ភាសា​ក្នុង​ពេល​ធ្វើ​ការ​សម្ភាសន៍​ដើម​នោះ បាន​ចេញ​មុខ​និយាយ​ការ​ពិត។ អ្នក​បក​ប្រែ​និយាយ​ថា ៖ "​មាន​ការ​យល់​ច្រឡំ​ជា​ច្រើន​កើត​មាន ព្រោះ​តែ​សារព័ត៌មាន​​លុប​ចោល​ពាក្យ​សម្ដី​ពី​ការ​សម្ភាសន៍​ខ្លះ ហើយ​ជ្រើស​យក​តែ​ចម្លើយ​តែ​នាង (Song Hye Kyo) ​បាន​ឆ្លើយ។ នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​ជួប​រឿង​បែប​នេះ ហេតុ​នេះ​ខ្ញុំ​ពិត​ជា​រន្ធត់​ចិត្ត និង​ខឹង​មែន​ទែន ហើយ​ក៏​ភ័យ​ខ្លាច​​ផង​ដែរ”។

​​​​តាម​ការ​បក​ស្រាយ​លម្អិត​របស់ Miss J គឺ​អ្នក​សម្ភាសន៍​បាន​សួរ​សំនួរ​ថា "ប្រសិន​បើ​អាច​ពាក់​មកុដ​មួយ​របស់ Chuamet (ម៉ាក​គ្រឿង ​អលង្ការ​ដែល​នាង​ផ្សាយ) តើ​អ្នក​ចង់​ពាក់​ពេល​ណា?​”។ ព្រោះ​សំនួរ​នេះ​ហើយ​ទើប​ Song Hye Kyo ឆ្លើយ​ថា "ប្រសិន​បើ​អាច​ ខ្ញុំ​ចង​ពាក់​មកុដ​នៅ​ថ្ងៃ​កំណើត នៅ​ថ្ងៃ​ទី ២២ វិច្ឆិកា។ នៅ​ពេល​ខ្ញុំ​ពាក់​មកុដ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​ព្រះ​នាង​”។ ប៉ុន្តែ​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ពី​ចម្លើយ​នេះ ដោយ​ពណ៌នា​ខុស​ន័យ។

Miss J បាន​បញ្ជាក់​ទៀត​ថា​ ពេល​និយាយ​ដល់​រឿង​ជោគ​វាសនា Song Hye Kyo មិន​មែន​សំដៅ​ដល់​ការ​លែងលះ​កាល​ពី​ថ្មីៗ​នេះ​ទេ។ ពេល​នោះ​សំនួរ​​បាន​សួរ​អំពី​ការ​ជ្រើស​រើស​លើ​​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ថា​ "តើ​អ្នក​សម្រេច​ថា​ធ្វើ​ការ​លើ​​កិច្ច​ការ​​អ្វី​មួយ​ដោយ​របៀប​ណា?”។ Song Hye Kyo បាន​តប​ថា "ខ្ញុំ​ជឿ​ថា​ការងារ​រត់​មក​រក​អ្នក​​តាម​​ជោគ​វាសនា​បាន​កំណត់ មិន​មែន​ថា​​ត្រូវ​ខិតខំ​​យក​វា​មក​បាន​​ដោយ​របៀប​ណា​នោះ​ទេ​”។

ចុង​ក្រោយ​ Miss J បង្ហាញ​ថា​សារព័ត៌មាន​កូរ៉េ​រាយការណ៍​ខុស​លើ​ចម្លើយ​របស់ Song Hye Kyo អំពី​ការ​រៀប​ចំ​ខ្លួន​របស់​​នាង។ នៅ​ពេល​អ្នក​សម្ភាសន៍​សួរ "តើ​អ្នក​ចូល​ចិត្ត​គ្រឿង​អលង្ការ​អ្វី”។ Song Hye Kyo ឆ្លើយ​ថា "ពិត​ណាស់ ខ្ញុំ​ចូល​ចិត្ត​គ្រឿង​អលង្ការ​ប្រណីត​ៗ​​ពេល​ធ្វើ​ការ ប៉ុន្តែ​ចំពោះ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ធម្មតា​ខ្ញុំ​ចូល​ចិត្ត​​រៀប​ចំ​ខ្លួន​ធម្មតាៗ។ ខ្ញុំ​គិត​ថា​វា​គ្រាន់​តែ​ជា​ស្ទីល​របស់​ខ្ញុំ"។

អ្នក​បក​ប្រែ​ខាង​លើ​លើក​ឡើង​ដែរ​ថា សោក​ស្ដាយ​ណាស់​ដែល​សារព័ត៌មាន​កូរ៉េ​​​ចុះ​ផ្សាយ​អំពី​ Song Hye Kyo ដូច​ជា​តារា​ចរិត​ជា​ព្រះ​នាង​ម្នាក់ ទាំង​ដែល​ធាតុ​ពិត​នាង​ជា​​ចិត្ត​ទូលាយ និង​ស្មោះត្រង់​ម្នាក់៕​​​​

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហេង