Smart Farm Assistance ឧបករណ៍​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​សម្រាប់​កសិករ តាមរយៈ​ទូរសព្ទ​ដៃ

  • 2019-07-24 08:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការស្រោចស្រពដំណាំ ជាបញ្ហាធំចម្បងមួយ​របស់​កសិករ ដោយសារ​ពួកគាត់​ត្រូវចំណាយពេលវេលា ថវិកា និងកម្លាំងពលកម្មដ៏ច្រើន។ បងស្រីកសិករម្នាក់ បានប្រាប់​ឲ្យដឹងថា គាត់ត្រូវចំណាយពេល ពីរ ទៅ​បីម៉ោង ក្នុងការស្រោចដំណាំស្វាយរបស់គាត់មួយដង ដោយត្រូវចុះទៅបើកបិទទឹកដោយខ្លួនឯងផ្ទាល់។

ដោយមើលឃើញពីបញ្ហាទាំងនេះ ទើប​ឧបករណ៍​ "ជំនួយការកសិកម្មដ៏ឆ្លាតវៃ ឬ Smart Farm Assistance" ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​ស្វ័យប្រវត្តិ ដែល​អាច​បញ្ជា​តាម​រយៈ​កម្មវិធី​លើ​ទូរសព្ទ​ដៃ ជាមួយ​នឹង​បច្ចេកវិទ្យា IOT។

Smart Farm Assistance មាន​មុខងារ​ ២យ៉ាង គឺ៖ ទី១ អាចបិទបើក ម៉ូទ័របូមទឹកដោយស្វ័យប្រវត្តិ និង​ទី២ បញ្ជាវ៉ានទឹកបិទបើក ដែលអាចកំនត់ពេលវេលា និងកម្រិតទឹកដ៏ត្រឹមត្រូវតាមការកំណត់។ ម្យ៉ាងវិញទៀត ឧបករណ៌នេះ ក៏ជួយសម្រួលដល់ម្ចាស់សួនច្បារ ឬអ្នកដាំដំណាំប្រភេទ Green House ទៅតាមគ្រប់តំបន់ ជាពិសេសនៅទីក្រុងភ្នំពេញ។

លើសពីនេះទៀត ប្រជាកសិករមិនចាំបាច់ចំណាយភ្លើងច្រើនសម្រាប់ការគ្រប់គ្រង​ឧបករណ៌ Smart Farm Assistance នោះទេ គឺឧបករណ៌នេះយើងអាចបំពាក់ជាមួយនឹងសូឡា Solar ដែលអាចជួយសន្សំសំចៃភ្លើងបានច្រើន។ ប្រជាកសិករក៏អាចបញ្ជា​បិទ​បើក​ទៅតាមទីតាំងមួយៗ ឬ តាមជាជួរ ក្នុងការជួយសម្រួលដល់សម្ពាធទឹកផងដែរ។ ដូច្នេះរាល់មុខងាររបស់ឧបករណ៌ Smart Farm Assistance គឺជួយសម្រួលដល់ប្រជាកសិករ ម្ចាស់សួនច្បារ និងម្ចាស់ Green House កាត់បន្ថយទាំងពេលវេលា ទាំងថវិកា និងកម្លាំងពលកម្ម។

រីឯចំពោះគម្រោងទៅមុខទៀត Smart Farm Assistance នឹង​មាន​បន្ថែមមុខងារមួយចំនួន ដូចជា​វាស់​សំណើម​ដី វាស់សីតុណ្ហភាព និង​វាស់​កម្រិត PH ដី។ ចំណែកក្នុងពេលថ្មីៗនេះ Smart Farm Assistance ក៏បានទទួលជ័យលាភីលេខមួយ​ លើគម្រោងនេះផងដែរ នៅក្នុងកម្មវិធីប្រកួតមួយឈ្មោះថា Techno Innovation Challenge Cambodia 2019៕