មក​ដឹងគន្លឹះ​ខ្លះៗ​ដើម្បីមាន​​លទ្ធ​ភាព​​បាន​​អាហារូបករណ៍​ទៅ​សិក្សា​​នៅ​​ប្រ​ទេសជប៉ុន​

  • 2019-07-25 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ទទួលបាន​អាហារូបករណ៍ទៅ​សិក្សា​នៅ​បរទេសទំនងជា​ក្ដី​ស្រមៃមួយ​របស់​អ្នក​សិក្សា​​ទាំងឡាយ តែអ្វី​ដែល​សំខាន់ថា​តើ​ត្រូវ​ធ្វើ​បែប​ណា​ទើប​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រ​ទេសនេះ។

លោក សេន ហេង​ឡាយ ជា​មន្ត្រី​នរគ​បាល​មួយ​រូប​​​ ក៏មាន​ក្ដី​ស្រមៃ​នេះ​ដែរ ហើយ​លោក​បាន​ព្យាយាម​ស្វះស្វែង​រហូត​បាន​ទទួល​អាហារូបករណ៍ទៅ​សិក្សានៅប្រ​ទេសជប៉ុន។ បច្ចុប្បន្ន​លោកទើប​ត្រឡប់​មកពី​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សាកល​វិទ្យាល័យ​ International University of Japan​ លើ​មុខជំនាញ​គ្រប់​គ្រង​សាធារណៈ និង​វិភាគ​គោល​នយោបាយ​ ក្នុង​កម្មវិធី​ជំនួយ​អភិវឌ្ឍ​ន៍ធនធាន​មនុស្ស​របស់​រដ្ឋាភិបាល​ជប៉ុនហៅ​កាត់​ថា​JDS​កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​។​ តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​Sabayលោក បាន​ផ្ដល់​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​អ្នក​ចង់បាន​អាហារូបករណ៍​ពី​កម្មវិធី​មួយ​នេះ។

(លោក​ សេន ហេង​ឡាយ ជាមន្ត្រីនគរបាល​ ទើប​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ​មួយនៅប្រ​ទេសជប៉ុន)

JDS​ជាកម្មវិធី​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​តាម​រយៈ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​​ឲ្យ​មន្ត្រី​រាជ​ការវ័យ​ក្មេង​​របស់​ប្រ​ទេស​ចំនួន​១៤​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព និង​ត្រឡប់​មក​បម្រើការ​នៅ​ប្រ​ទេស​កំណើត​ខ្លួន​វិញ​ក្រោយ​រៀន​ចប់​រយៈពេល​ពីរ​ឆ្នាំ។

ត្រឡប់​មក​លោក សេន ហេងឡាយ វិញ លោក​ឲ្យ​ដឹងថា​លោក​មិន​ដែល​សង្ឃឹម​ថា​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេសនោះទេ ប៉ុន្តែ​ថា​តាម​រយៈការ​ស្វះស្វែង និង​ខិត​ខំ​របស់​លោក​ទីបំផុត​ក៏​បានជាប់​អាហារូប​ករណ៍​មួយនេះ។

លោក​ឲ្យ​ដឹងថា៖ «​ខ្ញុំ​សប្បាយ​ចិត្ត​រកអ្វី​និយាយ​មិន​ចេញទេ ពេល​ហ្នឹង​ចង់​ហូរ​ទឹក​ភ្នែក​ ពេល​អង្គការJICAតេ​ប្រាប់ ខ្ញុំ​មិន​ដែល​គិតថា​បានជាប់ទេ តែ​ពេលជាប់​ទៅ​ខ្ញុំ​សប្បាយចិត្តខ្លាំង ហើយ​សប្បាយចិត្ត​ពេល​បាន​សរសេរ​និក្ខេប​បទ​ប្រ​ចាំ​នាយក​ដ្ឋាន​របស់​យើងដែលមាន​ផល​ប្រ​យោជន៍​សម្រាប់ជាតិ​យើង»។​

សម្រាប់​ការ​ជាប់​អាហារូបករណ៍នេះ​មិ​នមែនជា​រឿង​ចៃដន្យ​ទេ​សម្រាប់​លោក​ សេន ហេងឡាយ។​គន្លឹះសំខាន់ៗ​មួយ​ចំនួន​ដើម្បី​បានជាប់អាហារូបករណ៍នេះលោក​ថា​ទី​មួយ​ត្រូវ​ដឹង​ព័ត៌មាន​ឲ្យ​បាន​ច្រើន​ពី​កម្មវិធី​អាហារូបករណ៍ និង​ចូល​រួម​​ស្តាប់​ក្នុង​សិក្ខាសាលាដែលមាន​អ្នក​ជាប់​មុន​ៗ​ចែករំលែក​បទពិសោធន៍​។ លោក​បន្ថែម​ថា​តាម​រយៈ​សិក្ខាសាលា​ អ្នក​ចូល​រួម​នឹង​បាន​ស្គាល់​អ្នក​ជាប់​អាហារូបករណ៍​មុន​ៗ និង​អាច​សុំ​ប្រឹក្សា​យោបល់​បានទៀត​ផង។

(ប្រទេសទាំង​១៤​ដែល​ស្ថិត​នៅក្នុង​កម្មវិធីJDS/រូបភាព៖ JDS វែបសាយ)

ក្រៅពី​ព័ត៌មាន​ពី​សិក្ខាសាលា និង​អ្នក​ជាប់​មុនៗ លោក​ថា​នៅ​មាន​ចំណុច​បី​សំខាន់​ទៀត​ដើម្បី​អាច​មាន​លទ្ធភាព​​ជាប់​អាហារូបករណ៍​មួយ​នេះ។ ចំណុច​សំខាន់​ទី​មួយ​គឺ ភាសាអង់គ្លេស ដែល​លោក​ថា​​បេក្ខជន​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​ភាសាអង់គ្លេស​ដែល​រៀបចំដោយ​កម្មវិធី​អាហារូបករណ៍។ ចំណុច​ភាសានេះ​លោកថា​​ពេល​នោះ​លោក​បាន​ពិន្ទុTOEFL​តែប្រាំចុច​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា​លោក​ថាបើ​ជាប់បានទៅ​រៀន​នៅជប៉ុន​អ្ន​ក​ខ្សោយ​ភាសាអង់គ្លេស​នឹង​មាន​ថ្នាក់​បំប៉ន​ផងដែរ។​

ចំណុចមួយ​ទៀត​លោក​ថា​មុខវិជ្ជា​គណិត​វិទ្យា ដែល​លោក​ថា​វិញ្ញាសាមាន​កម្រិត​ប្រហាក់​ប្រហែល​នឹងថ្នាក់ទី​១២​ដែរ ហើយ​ក៏​មាន​គំរូ​វិញ្ញា​សាសម្រាប់អនុវត្តដែរ។ ចំពោះ​គណិត​វិទ្យា​នេះ​​លោក​ថា​លោក​បាន​រៀនធ្វើ​វិញ្ញាសាគំរូ និង​បាន​ទៅ​រៀន​គួបន្ថែម​នៅ​សាលា​ឯកជន​មួយ​មុន​ពេល​លោក​ទៅ​ប្រឡង​យក​អាហារូបករណ៍។

សម្រាប់​ចំណុច​ទាំងពីរខាង​លើ​លោក​ថា​នៅ​មាន​សារៈសំខាន់​ចាញ់​ចំណុចទី​បីនេះទេ។ ចំណុច​ទី​បី​នេះគឺ​ថា​ការជ្រើស​រើស​ប្រ​ធានបទ​សម្រាប់​សរសេរនិក្ខេប​បទ។ លោក​បញ្ជាក់ថា៖ «សំខាន់គឺ​គណិត​វិទ្យា ភាសាអង់គ្លេស ប៉ុន្តែ​វាអាចថាជាចំណុចតូចទេ ប៉ុន្តែ​អ្វីដែល​សំខាន់គឺនិក្ខេប​បទហ្នឹង​ហ្មងរើស​ម៉េច​ឲ្យ​ថ្មី មិនជាន់ដាន​ជាមួយ​គេ ដូច​ខ្ញុំ​រើស​ប្រ​ធានបទ​ជនភៀសខ្លួននៅកម្ពុជា វាអត់ទាន់មាន​អ្នក​ណា​មួយ​ស្រាវជ្រាវទេ អ៊ីចឹង​វាប្លែក​ ហើយ​ថ្មី ដ៏អ៊ីចឹង​គេមានការ​ចាប់អារម្មណ៍ យើង​ដាក់ទៅ​មាន​អាទិភាពជាងគេ​តែម្ដង»​។

លោក សេន ហេងឡាយ បាន​ផ្ដល់​ជា​យោបល់​បន្ថែមថា​៖ «មុនពេលទៅរៀន​យើង​ត្រូវ​កំណត់គោល​ដៅឲ្យ​បាន​ច្បាស់ ការទៅរៀប​ហ្នឹង​វាជួប​ផល​វិបាក និងការ​ប្រ​ឈម​ច្រើន មាន​បញ្ហា​ប្រ​ឈម​រៀងៗ​ខ្លួន​ ដែល​យើងគួរ​ដឹង រៀន​នៅប្រ​ទេស​គេវាជារឿង​ល្អ​ហើយ តែក៏មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​ដែល​យើង​គួរ​គិត​ឲ្យ​បាន​ច្បាស់​មុន​ដាក់​អាហារូបករណ៍​ហ្នឹង»៕

អត្ថបទ៖ ទូច សុខា