អ្នកគាំទ្រ Real ធ្លាប់​លើក​បដា​ដៀល Atletico ឈឺចាប់​បំផុត​ក្នុង​ជំនួប derby ដែល Atletico មិន​ដែល​ឈ្នះ

  • 2019-07-27 03:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ប្រវត្តិសាស្ត្រ​ក្រុម Real Madrid តែង​យក​ឈ្នះ​ស្ទើរ​រាល់​ការ​ប្រកួត​លើ Atletico Madrid ដែល​ជា​ខ្លា​២​​នៅ​ទីក្រុង​ម៉ាឌ្រីដ​តែ​មួយ។

ក្រុម​ Los Blancos ឈ្នះ​២៥ ក្នុង​ចំណោម ៣៦ ប្រកួត​​រវាង​គូ​ប្រជែង​២​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តែ​មួយ ឬ ជំនួប ​derby ចាប់​ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០១២ ពោល​គឺ​​ជិត​​២០​ឆ្នាំ ​ក្នុង​អំឡុង​ពេល​នោះ Atletico Madrid អាច​ត​ដៃ​យក​ឈ្នះ​ Real Madrid តែ​២​ដង​ប៉ុណ្ណោះ។

រហូត​ដល់​ក្រុម​អ្នកគាំទ្រ​​របស់​ក្លឹប​រហស្សនាម​អធិរាជ​ស​បាន​សរសេរ​បដា​សើច​ចំអក​​នៅ​ក្នុង​ឆ្នាំ ២០១១ ជា​ភាសា​អេស្ប៉ាញ “Se busca rival digno para clásico decente” ដែល​​ពួកគេ​ចង់​មាន​ន័យ​ថា "ចង់​បាន​គូ​ប្រជែង​​ក្នុង​​ទីក្រុង​តែ​មួយ​​​ឲ្យ​ខ្លាំង​ជាង​នេះ"។

ទីបំផុត​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​ក្លឹប​ម្ចាស់​ជើង​ឯក​ Champions League ៣​សម័យ​កាល​ជាប់​ៗ​គ្នា​ពិត​ជា​សម្រេច​ដូច​បំណង​មែន ក្រោយ​ពេល​ដែល​លោក Diego Simeone បាន​មក​ដឹកនាំ Atletico ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១១​មក។

ចាប់​តាំង​ពី​ដើម​រដូវ​កាល​ដំបូង ២០១២/១៣ ដែល​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​ទៅ​ដឹកនាំ​ក្លឹប​នៅ​ទីក្រុង​ម៉ាឌ្រីដ មក​ដល់​បច្ចុប្បន្ន ក្រុម​ទាំង​២​ឈ្នះ​១០​ប្រកួត​ដូច​គ្នា​ក្នុង​ចំណោម​ប្រកួត​សរុប​ទាំង​​៣០។

តែ​អ្វី​ដែល​​ធ្វើ​ឲ្យ​អ្នកគាំទ្រ Atletico Madrid ពេញ​ចិត្ត​បំផុត​គឺ​ការ​ប្រកួត​​ចុងក្រោយ លក្ខណៈ​មិត្តភាព​កម្ដៅ​សាច់​ដុំ ដែល Real Madrid ចាញ់​អ្នក​ជិត​ខាង Atletico ៧-៣។ ​​​

Atletico លែង​ជា​ខ្លា​កំសាក​ដូច​មុន​ទៀត​ហើយ​ ចែក​គ្នា​ដណ្តើម​ទាំង​ពាន​ធំៗ​របស់​អឺរ៉ុប​រៀងៗ​ខ្លួន និង ពាន​ក្នុង​ស្រុក​ហូរហែ​ដូច​គ្នា។ ដោយ​ក្នុង​នោះ លោក​ Simeone បាន​ជួយ Atletico Madrid ឈ្នះ Europa League ២​លើក La Liga ១​លើក៕

អាន៖ ក្លឹប​​ចំណាស់​បំផុត​មួយ​នឹង​ឡើង​មក​លេង​នៅ Premier League ក្រោយ​អវត្តមាន​ជាង​១​ទសវត្ស

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ សុខ លាងហ៊ត