Liverpool កើត​ចេញ​ពី Everton និង​​យក Anfield អតីត​ទឹកដី Everton ធ្វើ​ជា​របស់​ខ្លួន

  • 2019-07-28 02:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ដែល​បាន​កើត​ចេញ​ពី Everton ដោយសារ​តែ​ទំនាស់​ដ៏​ស្រួចស្រាវ​​​កាល​ពី​ជាង​១​សតវត្ស​មុន ហើយ​ទី​បំផុត​ហង្ស​ក្រហម​បាន​ក្លាយ​ទៅ​ជា​ក្លឹប​ដ៏​ជោគជ័យ​បំផុត​មួយ​​នៅ​អង់គ្លេស។

រូបភាព​លើ​លំហ​​ដែល​បង្ហាញ​ថា Anfield និង Goodison Park នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ឡើយ

ប៉ុន្តែ​ឆាក​ប្រយុទ្ធ​រវាង​ក្រុម​ទាំង​២​នេះ គឺ​ជា​ការ​ប្រកួត derby (ក្រុម​២​ក្នុង​ទីក្រុង​តែ​មួយ) ដ៏​​ឈឺ​ចាប់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស។

សម្រាប់​អ្នក​គាំទ្រ Everton នៅ​ពេល​ឈាន​ជើង​ចូល​កីឡដ្ឋាន Anfield ពួកគេ​នឹង​មាន​អារម្មណ៍​ថា​ស្រណោះ ព្រោះ​ជា​អតីត​​ទឹកដី​​របស់​ខ្លួន និង មិន​សម​ណា Liverpool ដែល​បំបែក​ខ្លួន ព្រម​ទាំង​បាន​ដណ្ដើម​ទីតាំង​ឈរ​ជើង​របស់​​​ខ្លួន ហើយ​ទី​បំផុត​ត្រូវ​មក​ហែកហួរ​សាច់​ឯង ប្រៀប​ដូច​សង្គ្រាម​រវាង​ម្ដាយ​និង​កូន។

Anfield (១៨៨៤) ជា​កីឡដ្ឋាន​ចំណាស់​បំផុត​ទី​៤ ដែល​នៅ​តែ​បន្ត​​ប្រើ​​ដល់​បច្ចុប្បន្ន

ប៉ុន្តែ​សម្រាប់​​អ្នក​គាំទ្រ​ហង្ស​ក្រហម Everton គ្រាន់​តែ​ជា​ក្លឹប​ដែល​មក​ជួល​ដី​ពួកគេ​ហើយ​គ្មាន​លទ្ធភាព​បង់​ថ្លៃ​ជួល ទើប​ត្រូវ​ម្ចាស់​ដី​រឹបអូស​យក​វិញ​ប៉ុណ្ណោះ។

តើ​រឿងរ៉ាវ Everton Liverpool ចាប់​ផ្ដើម​យ៉ាង​ដូចម្តេច? ហើយ​ទំនាស់​ដ៏​ស្រួចស្រាវ​ឈាន​ដល់​ការ​បង្កើត​ក្លឹប Liverpool ចេញ​ពី​ក្លឹប​ដើម​ Everton ចាប់​ផ្តើម​នៅ​ពេល​ណា? ដោយសារ​អ្វី?

​​និយាយ​ជារួម ទំនាស់​ចម្បង​បំផុត​ដែល​​បាន​កើត​ឡើង​គ្មាន​អ្វី​ក្រៅ​ពី "លុយ" នោះ​ទេ។

Everton គឺ​ជា​ក្លឹប​បាល់ទាត់​ដ៏​ចំណាស់​បំផុត​មួយ បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨៧៨។ ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ Liverpool មួយ​នេះ​បាន​ប្រើប្រាស់​កីឡដ្ឋាន Anfield ពី​ឆ្នាំ ១៨៨៤ រហូត​ដល់​ឆ្នាំ ១៨៩២ នៅ​ពេល​ដែល Liverpool ត្រូវ​បាន​បង្កើត​ឡើង​និង​បាន​យក​កីឡដ្ឋាន Anfield ធ្វើ​ជា​ផ្ទះ​រហូត​ដល់​បច្ចុប្បន្ន។

Goodison Park (១៨៩២) ជា​កីឡដ្ឋាន​ចំណាស់​បំផុត​ទី​៧​លើ​លោក

មុន​ពេល Everton មក​បោះ​មូលដ្ឋាន​នៅ Anfield នៅ​ឆ្នាំ​១៨៨៤ ពួកគេ​​​​មាន​កីឡដ្ឋានPriory Road  ប៉ុន្តែ​ដោយសារ​​កីឡដ្ឋាន​ដែល​មាន​ទំហំ​ប៉ុន​ហ្គារ៉ាស​សាំង​នោះ​ចង្អៀត​ពេក នៅ​ពេល​ក្លឹប​មាន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន។ ​​

ចន ហូលឌីង (John Houlding) ជា​អ្នក​ជំនួញ​ម្ចាស់​ហាង​ស្រា និង ជា​ម្ចាស់​ដី​ជួល ដែល​បាន​ជួល​ដី​ឲ្យ Everton សង់​កីឡដ្ឋាន Anfield ហើយ​ក៏​ជា​ប្រធានក្រុម​ប្រឹក្សា​របស់​ក្លឹប Everton ផង​ដែរ។

John Houlding ស្ថាបនិក​ និង​ជា​អ្នក​បង្កើត​ក្លឹប Liverpool ចេញ​ពី Everton

​ប៉ុន្តែ​ពេល​នោះ Everton ជួប​បញ្ហា​ធំ​ដោយសារ​ការ​ចំណាយ​ខ្ពស់​សម្រាប់​សង់​កីឡដ្ឋាន​ថ្មី។ សមាជិក​២​នាក់​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​របស់ Everton គឺលោក William Barclay និង W Jackson បាន​ទៅ​ជួប​លោក Houlding ដែល​ជា​អ្នក​ជំនួញ និង ជា​អ្នក​ស្នេហា​វិស័យ​កីឡា ហើយ​បាន​ស្នើសុំ​ឱ្យ​គាត់​ទិញ​ក្លឹប​មួយ​នេះ។

ថ្លៃ​ចំណាយ​សាងសង់​កីឡដ្ឋាន​ថ្មី​គឺ ៦,០០០ ផោន សម័យ​នោះ នៅ​ពេល​ដែល​លុយ ១,០០០ ផោន​អាច​​បើក​ប្រាក់​ខែ​កីឡាករ និង បុគ្គលិក​បាន​ពេញ​១​ឆ្នាំ។

ម្ចាស់​ដី​ទារ​ឡើងថ្លៃជួល ​កីឡដ្ឋាន Anfield

បន្ទាប់​ពី​កីឡដ្ឋាន Anfield របស់ Everton សាងសង់​រួច Everton តែង​បើក​ទ្វារ​ស្វាគមន៍​អ្នកទស្សនា​នៅ Anfield ចន្លោះ​ពី ១៤,០០០ នាក់ ទៅ ១៥,០០០ នាក់​។ ចំណូល​របស់​ក្លឹប​​កើន​ឡើង​មួយ​រំពេច ក៏​ប៉ុន្តែ​លោក Houlding ដែល​មាន​ដី និង សង់​កីឡដ្ឋាន Anfield សម្រាប់​ជួល​​បាន​ថ្លៃ​ជួល​តែ ២៥០ ផោន​ (សម័យ​នោះ) ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ។

Houlding ទារ​ឡើង​ថ្លៃ​ជួល ប៉ុន្តែ​សមាជិក​ក្រុមប្រឹក្សា​ក្លឹប Everton មិន​ព្រម។ ទីបំផុត លោក John Houlding ឈប់​ជួល​ដី និង កីឡដ្ឋាន Anfield ឲ្យ​ Everton ហើយ​លោក​បាន​បង្កើត​ក្លឹប​ថ្មី​ឈ្មោះ​ថា Liverpool នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ​១៨៩២ ដោយ​ប្រើប្រាស់ Anfield ជា​ទឹកដី។

Everton ក៏​បាន​​ដើរ​ចេញ​ពី​អតីត​ទឹកដី​ខ្លួន​ឯង ហើយ​ទៅ​សាងសង់​កីឡដ្ឋាន Goodison Park នៅ​ឆ្នាំ ១៨៩២ ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី Anfield ឡើយ​ហើយ​បាន​ប្រើប្រាស់​វា​មក​ដល់​សព្វថ្ងៃ។

ប្រវត្តិសាស្ត្រ​ក៏​បាន​ចាប់​ផ្តើម​កែប្រែ​តាំង​ពី​ពេល​នោះ។ Everton Liverpool ក៏​បាន​ក្លាយ​ទៅ​ជា​សត្រូវ​សាច់​ឈាម​ឯង។ ក្នុង​ចំណោម​ប្រវត្តិ​ប្រកួត​គ្នា ២៨៤ លើក (គិត​ត្រឹម​ខែ​មីនា ២០១៩) Everton ឈ្នះ​ Liverpool ៨២​ដង ស្មើ ៨៣​ដង និង ចាញ់ ១១៩​ដង។

ទីបំផុត Liverpool បាន​ក្លាយ​ទៅ​ជា​ក្លឹប​ដ៏​ជោគជ័យ​បំផុត​មួយ​​នៅ​លើ​ផែនដី ដោយ​បាន​កើប​ពាន​​ទាំង​ក្នុង​ស្រុក​និង​ពាន​អន្តរជាតិ​សរុប​៤២៕

ប្រភព៖ Liverpool Echo   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម