៣​ចំណុច​អស្ចារ្យ​របស់​ស្ពាន​មាស​នៅ​វៀតណាម ដែល​គូស្នេហ៍​ណា​​​ក៏​ប្រាថ្នា​ Check in

  • 2019-07-28 06:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ស្ថាបនា​រួច​ជា​ស្ថាពរ ស្ពាន​មាស​នៅ​លើ​ជម្រាល​ភ្នំ Ba Na​ ទីក្រុង Danang ប្រទេស​វៀតណាម​បាន​ក្លាយ​ជា​ប្រធាន​​បទ​ពេញ​និយម​បំផុត មិន​ត្រឹម​តែ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក តែ​ធ្លាយ​ទៅ​ដល់​បណ្ដាញ​សង្គម​អន្តរជាតិ​អំពី​ភាព​ស្រស់​ស្អាត​របស់​វា។

ខាង​ក្រោម​នេះ​ អ្នក​នឹង​បាន​ឃើញ​ពី​ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍​ទាំង​៣​យ៉ាង​នៃ​ស្ពាន​មាស​ដែល​​ទ្រ​ដោយ​ដៃ​នេះ ហេតុ​អី​បាន​ជា​ទាក់ទាញ​ទេសចរ​ខ្លាំង​ដល់​កម្រិត​នេះ៖

ការ​សាងសង់

យោង​តាម​សារព័ត៌មាន​​ធំៗ​របស់​វៀតណាម ស្ពាន​មាស​នេះ​ស្ថិត​នៅ​កម្ពស់​​១៤១៤​ម៉ែត្រ​ពី​កម្ពស់​ទឹក​សមុទ្រ ​​កម្ពស់​២៣,៨ ម៉ែត្រ​ពី​ដី ទទឹង​ ១២,៨​ម៉ែត្រ និង​មាន​ប្រវែង​១៥០​ម៉ែត្រ។ វា​ត្រូវ​បាន​​ទ្រ​ដោយ​ដៃ​យក្ស​មួយ​គូ ​​ដែល​មើល​ទៅ​ដូច​ជា​ថ្ម តែ​​ត្រូវ​បាន​សាងសង់​និង​​រចនា​ដោយ​ដែក​ និង​សំឡី​កែវ​​​។ ​ចំណែក​បង្កាន់​ដៃ​ស្ពាន​សង់​ពី​ដែក​​អ៊ីណុក​មិន​ច្រែះ​ចាប់​ លាប​ពណ៌​លឿង​ភ្លឺ​ដូច​មាស​។ រយៈ​ពេល​សាងសង់​ចំណាយ​​​ពេល​មិន​ដល់​១​ឆ្នាំ​ពេញ​ផង គឺ​ពី​ខែ​កក្កដា ២០១៧ ដល់​ខែ​មេសា ២០១៨ ក៏​ត្រូវ​បាន​បញ្ចប់​។

វា​ត្រូវ​បាន​ឱ្យ​ដឹង​ទៀត​ថា ជា​​ការ​គូស​ប្លង់​របស់​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ TA Landscape Architecture។ សំណង់​មួយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​​គម្រោង​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ២​ពាន់​ដុល្លារ​ដែល​បាន​នាំ​ភ្ញៀវ​ទេសចរណ៍​១,២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។​​​​

ទិដ្ឋភាព

ស្ពាន​ Golden Bridge បណ្ដែត​ខ្លួន​​កោង​លើ​ពពក​នៃ​ជម្រាល​ភ្នំ Ba Na​ យ៉ាង​ឆើតឆាយ​ជា​មួយ​ពណ៌​មាស​ភ្លឺ​រលោង។ នៅ​តាម​សង​ខាង​ស្ពាន មាន​លម្អ​ដោយ​ផ្កា​ពណ៌​ស្វាយ​ម្យ៉ាង​​ឈ្មោះ​ថា Lobelia Chrysanthemums ដែល​លេច​ធ្លោ​និង​បន្ថែម​សម្រស់​មួយ​កម្រិត​ទៀត​ពី​លើ​ពណ៌​មាស។ ឈរ​ពី​លើ​ស្ពាន​មាស​ អ្នក​នឹង​អាច​មើល​ឃើញ​ទិដ្ឋភាព​ក្រុង​ Danang ទាំង​មូល និង​អាច​មាន​អារម្មណ៍​ថា​ដូច​បាន​ឈរ​លើ​ពពក​ផ្ទាល់​ នៅ​ពេល​មេឃ​ចុះអ័ព្ទ។

ដោយ​សារ​តែ​ទេសភាព​និង​ភាព​ទាក់ទាញ​រវាង​សំណង់​មួយ​​នេះ​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​នៅ​ជុំវិញ Golden Bridge របស់​វៀតណាម​មួយ​នេះ​បាន​ក្លាយ​ជា​ទី​ប្រាថ្នា​របស់​​ភ្ញៀវ​ទេសចរ​ ជាពិសេស​គូ​ស្នេហ៍​ រហូត​មាន​ការ​ថត​ Pre-wedding និង​​ការ​ថត​បង្ហាញ​ម៉ូដ​របស់​ទស្សនាវដ្ដី​នានា​ទៀត​ផង។

ការ​ផ្សព្វផ្សាយ

គិត​ចាប់​ពី​​ពេល​បើក​ឱ្យ​ចូល​ជា​សាធារណៈ​នៅ​​ដើម​​​ខែ​​​មិថុនា​ថ្មីៗ​នេះ ស្ពាន​មាស​ទ្រ​ដោយ​ដៃ​យក្ស​​ត្រូវ​បាន​ផ្សព្វផ្សាយ​ស្ទើរ​តែ​គ្រប់​បណ្ដាញ​សារព័ត៌មាន​​​ទាក់ទង​នឹង​ស្ថាបត្យកម្ម និង​ Lifestyleធំៗ​របស់​អន្តរជាតិ​ដូច​ជា Boredpanda, The Space, Creapills ជា​ដើម។ ចំណែក​ទំព័រ​ហ្វេសប៊ុក​របស់ Amazing Things in Vietnam ​ដែល​បាន​បង្ហោះ​វីដេអូ​ពី​ទិដ្ឋភាព​ស្ពាន​នេះ​​រយៈ​ពេល​​ត្រឹម​តែ​ប្រហែល​២​ជាង​២​សប្ដាហ៍​មុន​ មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​១៧​លាន​ដង​ទៅ​ហើយ។ ក្រៅ​ពី​នេះ នៅ​តាម​គណនី​​លើ Instagram ក៏​មាន​ការ​ផុស​រូប និង​ Check in នៅ​រមណីយដ្ឋាន​នេះ​មិន​តិច​ដែរ៕

ប្រភព៖ Kanha   ប្រែ​សម្រួល៖ សរ សុគន្ធី