មកពីវិធីនេះសោះ ទើបតារារ៉េបឥណ្ឌា អាចឈ្នះ BTS បានលើ YouTube

  • 2019-08-01 03:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Bloomberg បាន​ចេញ​ផ្សាយ​ថា​ YouTube កំពុង​គិតគូរ​ឡើង​វិញ​លើ​ការ​​រាប់​ចំនួន View បន្ទាប់​ពី​តារា​រ៉េប​ឥណ្ឌា​ Badshah បាន​បង្កើត​កំណត់​ត្រា​ថ្មី​លើ​បណ្ដាញ​វីដេអូ​ដ៏​ធំ​មួយ​នេះ។

ក្នុង​រយៈពេល​ត្រឹម​មួយ​ថ្ងៃ​ Badshah អាច​រក​ចំនួន​ទស្សនា​បាន​ ៧៥ លាន​ដង សម្រាប់​វីដេអូ​ចម្រៀង "Paagal” របស់​ខ្លួន។ ជា​ធម្មតា YouTube តែងតែ​​សរសើរ​តារា​ដែល​បាន​បង្កើត​កំណត់​ត្រា​ថ្មី ប៉ុន្តែ​ចំពោះ​​ករណី​តារា​រ៉េប​ឥណ្ឌា​នេះ នៅ​មិន​ទាន់​ឃើញ​ការ​សាទរ​ពី YouTube នៅ​ឡើយ​ទេ។

ដើម​ឡើង​មាន​ការ​សង្ស័យ​ថា​តារា​ស្ថិត​ក្រោម​ផលិតកម្ម Sony Music នេះ បាន​ប្រមូល​នូវ​ចំនួន View ក្លែងក្លាយ​ ដោយ​ប្រើ​ប្រាស់​ Bots (ប្រព័ន្ធ​កុំព្យូទ័រ) ឲ្យ​ចុច​មើល​វីដេអូ​នេះ។ ប៉ុន្តែ​ក្រោយ​​​មក​ទើប​មាន​ការ​បញ្ជាក់​ថា​ Badshah និង Sony Music បាន​​ចំណាយ​លុយ​​ផ្សាយ​វីដេអូ​ចម្រៀង​ថ្មី ដោយ​ទិញ​យក​ផ្ទាំង​ពាណិជ្ជកម្ម​លើ Google និង YouTube។

ប្រសិន​បើ​អ្នក​មើល​ចុច​​មើល​វីដេអូ​​លើ​ផ្ទាំង​ពាណិជ្ជកម្ម​ ក្នុង​រយៈពេល​ណា​មួយ រួច​ទើប​​រំលង​ទៅ​កាន់​វីដេអូ​ផ្សេង នោះ​បទ "Paagal” នឹង​ទទួល​បាន​ចំនួន View នោះ។ ចំណុច​នេះ​អាច​ជួយ​បង្កើន​ចំនួន View សរុប​នៃ​វីដេអូ។ ប៉ុន្តែ Badshah មិន​មែន​ជា​តារា​តែ​ម្នាក់​ដែល​​ធ្វើ​បែប​នេះ​នោះ​ទេ តារា​ល្បីៗ​ជា​ច្រើន​ទៀត​ក៏​ធ្លាប់​ទិញ​ផ្ទាំង​ពាណិជ្ជកម្ម​ដើម្បី​ផ្សាយ​វីដេអូ​ចម្រៀង​ខ្លួន​ដែរ។

ដោយ​សារ​តែ​មិន​មាន​ការ​សាទរ​ពី YouTube ធ្វើ​ឲ្យ​តារា​រ៉េប​ខាង​លើ​ជឿជាក់​ថា​ YouTube សម្រេច​ចិត្ត​ជ្រើស​យក​ថា​មិន​ទទួល​ស្គាល់​ការ​ខិតខំ​របស់​​ខ្លួន។ Badshah និយាយ​ថា ៖ "យើង​ខិតខំ​ខ្លាំង​ណាស់​សម្រាប់​កំណត់​ត្រា​នេះ ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​បាន​ដឹង។ ខ្ញុំ​មិន​ចង់​ឲ្យ​​បរទេស​មើល​ឃើញ​​ឥណ្ឌា ដូច​ដែល​បាន​បង្ហាញ​ក្នុង​ភាព​យន្ត​ Slumdog Millionaire (ចេញ​ឆ្នាំ ២០០៨) នោះ​ទេ”។

យ៉ាងនេះ​ក្ដី​ YouTube កំពុង​​​គិតគូរ​ឡើង​វិញ​លើ​ការ​​រាប់​ចំនួន View។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រភព​ពីរ​ដែល​ដឹង​អំពី​រឿង​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន និង​បាន​ប្រាប់​ដល់​សារព័ត៌មាន Bloomberg៕

ចុចអាន៖

ប្រភព៖ Complex   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី