រឿងជូរចត់ ៤ សម្រាប់សិស្សទី ១២ ពេលឡើងមករៀនត្រៀមប្រលងបាក់ឌុបនៅភ្នំពេញ
- 2019-08-05 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងជូរចត់ ៤ សម្រាប់សិស្សទី ១២ ពេលឡើងមករៀនត្រៀមប្រលងបាក់ឌុបនៅភ្នំពេញ
ចន្លោះមិនឃើញ
ក្រោយពីប្រលងឆមាសលើកទី ២ ចប់ សិស្សទី ១២ ខ្លះ ក៏រៀនត្រៀមជាមួយគ្រូនៅតាមសាលារបស់ខ្លួន ហើយសិស្សខ្លះទៀតក៏ឡើងមករៀនត្រៀមនៅឯរាជធានីភ្នំពេញ ជាពិសេសគឺនៅសាលាជ័យថាវីដើម្បីបានបទពិសោធន៍ ឬចំណេះដឹងថ្មីៗ ពីគ្រូដទៃទៀត។
ខាងក្រោមនេះ ជាបញ្ហាលំបាក ៤ យ៉ាង ដែលពួកគេនឹងជួបប្រទះ៖
១. កន្លែងស្នាក់នៅ
ចំពោះអ្នកមានបងប្អូនរស់នៅទីក្រុងភ្នំពេញស្រាប់ វាមិនអីនោះទេ តែចំពោះអ្នកមិនមានបងប្អូននៅភ្នំពេញ ពួកគេត្រូវជួលកន្លែងស្នាក់នៅ ដែលមានតម្លៃសមរម្យ ហើយភាគច្រើនគឺជួលបន្ទប់ ដើម្បីស្នាក់នៅ ព្រោះវាមានតម្លៃថោក។
ការរស់នៅក្នុងបន្ទប់ ៤ ម៉ែត្រ ៤ ជ្រុងនោះ វាមិនមែនងាយស្រួលនោះទេ។ សម្រាប់អ្នកធ្លាប់នៅជនបទមានផ្ទះ និងទីធ្លាធំទូលាយនោះ ព្រោះថាងាកទៅឆ្វេង ឬទៅស្ដាំ មិនឃើញអ្វីនោះទេ គឺឃើញតែជញ្ជាំងពណ៌ស ៤ ជ្រុង តូចចង្អៀត ព្រមទាំងក្ដៅទៀតផង។
២. បរិបទសិក្សាថ្មី
រៀនត្រៀមប្រលងនៅ "ជ័យថាវី" នៅក្នុង ១ ថ្នាក់ មិនមែនសិស្សតិចដូចរៀននៅឯស្រុកទៀតទេ គឺប្រមូលផ្ដុំសិស្សជាច្រើនមកតាមបណ្ដាលខេត្តនានា ក៏ដូចជាក្នុងរាជធានីភ្នំពេញផងដែរ ដែលជាហេតុធ្វើឲ្យសិស្សមួយចំនួន មានការលំបាកក្នុងការសម្របខ្លួនរៀនក្នុងថ្នាក់ ដែលមានចំនួនសិស្សច្រើន ហើយអ្វីដែលកាន់តែប្លែកនោះ គឺត្រូវដណ្ដើមគ្នាចាប់តុ បើចាប់បានក្រោយគេ រៀនក៏មិនយល់ មើលអក្សរក៏មិនសូវឃើញដែរ។
៣. ការធ្វើដំណើរ
មានផ្លាកសញ្ញាចរាចរណ៍ នឹងផ្លូវជាច្រើន ដែលអ្នកឡើងមករៀននៅភ្នំពេញជាលើកដំបូងមិនទាន់ស្គាល់ ដូច្នេះហើយអ្នកទាំងអស់នោះ តែងតែមានបញ្ហាពេលចេញធ្វើដំណើរទៅណាម្ដងៗ ដូចជា វង្វេងផ្លូវ មិនដឹងថាភ្លើងស្តុបពណ៌ណាគេឲ្យឈប់ ឬឲ្យទៅ ព្រោះសំបូរអ្នកមិនគោរពច្បាប់ចរាចរណ៍ច្រើន ដែលជាហេតុធ្វើឲ្យអ្នកចំណូលថ្មីទាំងនោះ មិនដឹង ថាអ្វីត្រូវ អ្វីខុស ហើយក៏ជិះតាមគេតែម្ដង រួចក៏ត្រូវប៉ូលិសហៅឈប់ ព្រោះបើកបរខុសច្បាប់ចរាចរណ៍។
៤. ការហូបចុក
ធ្លាប់តែហូបឆ្ងាញ់ ដេកស្រួល ពេលមកពីរៀនវិញមិនចាំបាច់ខ្វល់ខ្វាយ តែពេលនេះលែងដូចមុនហើយ ព្រោះគ្មានប៉ាម៉ាក់នៅជាមួយទៀតទេ ដូច្នេះហើយអ្នកត្រូវស្វែងរកអាហារហូបដោយខ្លួនឯង ដោយចម្អិន ឬក៏ទិញអាហារនៅខាងក្រៅ។
ចំពោះអាហារនៅខាងក្រៅ ពិតជាមានការលំបាក ចំពោះអ្នកទើបតែមកនៅភ្នំពេញ ដោយមិនដឹងថា កន្លែងណាធ្វើម្ហូបលក់ឆ្ងាញ់ កន្លែងណាចម្អិនម្ហូបមានអនាម័យ ហើយពេលខ្លះក៏មិនដឹងថាទៅទិញឯណា ក៏ទិញឲ្យតែបានហូបសិន បន្ទាប់មកក៏មានបញ្ហា ដូចជារាគជាដើមទៅ៕