ZTE បញ្ចេញ​លក់​ស្មាតហ្វូន 5G នៅ​ចិន​បាន​មុនក្រុមហ៊ុនផ្សេងៗទាំងអស់

  • 2019-08-06 06:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន ZTE បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​បញ្ចេញ​លក់​ស្មាតហ្វូន 5G នៅ​ចិន​ ជា​មួយ​ការ​ចេញ​លក់​ស្មាតហ្វូន​ម៉ូដែល Axon 10 Pro 5G។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​ Xinhau។

ស្មាតហ្វូន​នេះ​បាន​បង្ហាញ​មុខ​ដំបូង​តាំង​ពី​ខែ​កុម្ភៈ ​ក្នុង​កម្មវិធី​ទូរសព្ទ MWC ដែល​វា​មាន​បំពាក់​នូវ​អេក្រង់ AMOLED ទំហំ ៦,៤៧ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត 1080P ប្រើ​ប្រាស់​ Model​ 5G ជំនាន់​ដំបូង​របស់​ Qualcomm ដែល​ជា​ម៉ូដែល​ X50 សម្រាប់​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ 5G របស់​ចិន។

ត្បិត​ថា​អតិថិជន​អាច​ប្រើ​ប្រាស់​ស្មាតហ្វូន 5G នេះ ចាប់​ពី​ពេល​នេះ ក៏​ពួក​គេ​មិន​អាច​ប្រើ​ប្រាស់​សេវា 5G បាន​នៅ​ឡើយ​​ដែរ ព្រោះ​ថា​ 5G នៅ​ចិន​អាច​នឹង​លេច​មុខ​នៅ​ខែ​តុលា​ខាង​មុខ ពី​ក្រុមហ៊ុន China Mobile។ China Mobile រំពឹង​ថា​នឹង​បញ្ចេញ 5G ឲ្យ​ប្រើ​ប្រាស់​ក្នុង​ទីក្រុង​ជាង ៥០ នៅ​ចិន ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។

ការ​បញ្ចេញ​លក់​របស់ ZTE នេះ​ដែរ មាន​ន័យ​ថា​ក្រុមហ៊ុន​អាច​​​ឈ្នះ​ Huawei ក្លាយ​ជា​ក្រុមហ៊ុន​លក់​ទូរសព្ទ 5G មុន​គេ​នៅ​ចិន។ Huawei ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដាក់​លក់ Mate 20 X 5G នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ប៉ុន្តែ​ស្មាតហ្វូន​នេះ​បាន​ចេញ​លក់​រួច​​ហើយ​នៅ​ទីផ្សារ​បរទេស​ដូច​ជា​ចក្រភព​អង់គ្លេស កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ។

Axon 10 Pro 5G មាន​តម្លៃ​លក់​ចាប់​ពី​ប្រមាណ ៤៥៤ ដុល្លារ​សម្រាប់​ប្រភេទ RAM ទំហំ ៦ GB/ROM ១២៨ GB, តម្លៃ ៥២៥ ដុល្លារ​សម្រាប់ RAM ៨ GB/ROM ២៥៦ GB និង​តម្លៃ ៥៩៦ ដុល្លារ​សម្រាប់ RAM ១២ GB/ROM ២៥៦ GB៕​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម