"សង្សារ​មួយ​ខែ​ពីរ​ខែ" ខ្លាំង​ប៉ុណ្ណឹង នៅ​មិន​ទាន់​អាច​បំបែក​កំណត់​ត្រា​ចម្រៀង​១បទ​ក្រោម​ដំបូល​ហង្សមាស​ដូច​គ្នា

  • 2019-08-07 02:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​មនោសញ្ចេតនា "សង្សារ​មួយ​ខែ​ពីរ​ខែ" ច្រៀង​ដោយ​លោក ព្រាប សុវត្ថិ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បទ​ដ៏​ខ្លាំង​មួយ​ដែល​អាច​ទាញ​យក​ការ​គាំទ្រ​យ៉ាង​ច្រើន​សម្បើម​ក្នុង​ចំណោម​បទ​ចម្រៀង​ក្នុង​ផលិតកម្ម ដែល​គិត​មក​ត្រឹម​ថ្ងៃ​នេះ មាន​អ្នក​ចូល​ទស្សនា​ជាង ៣១​លាន​ដង​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​បំបែក​កំណត់​ត្រា​បទ​ចម្រៀង​១​បទ​ក្នុង​គ្រួសារ​ហង្សមាស​ទាំង​មូល​នៅ​ឡើយ។

ចម្រៀង​មួយ​បទ​ក្នុង​ដំបូល​ហង្សមាស ដែល​បាន និង​កំពុង​ឈរ​លើ​ ព្រាប សុវត្ថិ នោះ ​ជា​វីដេអូ​ចម្រៀង​របស់​តារា​ចម្រៀង​តូច​ល្អិត ពេជ្រ ថៃ ដែល​បាន​ឈាន​ជើង​ដំបូង​ឡើង​ឆាក​របស់​ហង្សមាស​ច្រៀង​បទ "បាត់​ដំបង​បណ្ដូល​ចិត្ត" ក្នុង​កម្មវិធី "The Voice Kids Cambodia" កាល​ពី​ឆ្នាំ ២០១៧។ ពេជ្រ ថៃ បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាមួយ​ទេពកោសល្យ​នៃ​ការ​ប្រើ​វោហាសព្ទ​ក្រមិចក្រមើម និង​កំប្លុកកំប្លែង​នា​ពេល​នោះ មុន​ពេល​គេ បង្ហើរ​សំនៀង​ក្នុង​បទ​របស់​អធិរាជ​សំឡេង​មាស​ខាង​លើ។

រយៈ​ពេល​ប្រមាណ​២​ឆ្នាំ​បង្ហោះ​នៅ​លើ​យូធូប វីដេអូ​ចម្រៀង​មួយ​នេះ ទទួល​បាន​អ្នក​ចូល​ទស្សនា​ជាង ៤៣​លាន​ដង គឺ​ច្រើន​ជាង ១០លាន​ដង​ធៀប​នឹង​វីដេអូ​ចម្រៀង "សង្សារ​មួយ​ខែ​ពីរ​ខែ" របស់​លោក ព្រាប សុវត្ថិ។ នេះ​ដោយ​និយាយ​ជា​រួម តែ​បើ​និយាយ​ដោយ​ឡែក បទ​លោក ព្រាប សុវត្ថិ ទើប​តែ​បង្ហោះ​នៅ​យូធូប​បាន​រយៈ​ពេល ៨ខែ​ប៉ុណ្ណោះ។ ដូច្នេះ រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ថា ១៤​ខែ​នៅ​សល់ បទ​របស់​កំពូល​តារា​ចម្រៀង​រូប​នេះ អាច​ឡើង​មក​ដល់​កម្រិត​ទស្សនា​វីដេអូ​ចម្រៀង​របស់ ពេជ្រ ថៃ គិត​ត្រឹម​ថ្ងៃ​នេះ​ឬ​អត់។

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម