អាន់ដា បញ្ចេញ​ស្ថានភាព​ពិត​បេក្ខនារី X Factor Cambodia ឃើញ​ហើយ​រឹត​តែ​គួរ​ឲ្យ​ស្រណោះ!

  • 2019-08-08 08:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មក​ហើយ រឿង​ពាក់​ព័ន្ធ​នឹង​បេក្ខនារី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក X Factor Cambodia កញ្ញា លៀង ចាន់ឡា នៅ​តែ​មាន​ពុះកញ្ជ្រោល អំពី​ស្ថានភាព​នាង​ដែល​គេ​បាន​លើ​ឆាក​នៃ​កម្មវិធី។ ប៉ុន្តែ​ថ្ងៃ​នេះ ស្ថានភាព​ជីវិត​ពិត​របស់​នាង ត្រូវ​បាន​បង្ហាញ ដែល​ឃើញ​ហើយ ពិត​ជា​គួរ​ឲ្យ​ស្រណោះ​មែន។

ចាន់ឡា បេក្ខនារី មក​ពី​ខេត្ត​កំពង់ឆ្នាំង នាង​បាន​ឆក់​យក​ដួង​ចិត្ត​ទស្សនិកជន ជា​មួយ​រូបរាង​មាន​សម្បុរ​ខ្មៅ និង​មាន​ស្ថានភាព​ជីវិត​មិន​ប្រសើរ។ នោះ​ជា​មូលហេតុ​ដែល​នាង​បាន​លេច​លើ​ឆាក​ជាមួយ​ការ​តុប​តែង​ខ្លួន ដែល​មើល​ទៅ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្រណោះ។ រូបភាព​ប៉ុន្មាន​សន្លឹក​នៅ​ថ្ងៃ​នេះ បាន​ឃើញ​ថា ចាន់ឡា ពិត​ជា​មាន​ជីវភាព​លំបាក​ភ្នែក​ពិត​មែន មិន​ខុស​ភាព​ខ្វះ​ខាត​ដែល​ប្រិយមិត្ត​បាន​ឃើញ​លើ​ឆាក​នោះ​ឡើយ។

ជីវិត​ពិត​របស់​នាង គឺ ចាន់​ឡា កុំ​ថា​ឡើយ​​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ សូម្បី​ជម្រក​ឲ្យ​សមស្រប​នាង​ស្ទើរ​គ្មាន​ផង នៅ​ក្នុង​រូប​នេះ គឺ​នាង​មាន​ត្រឹម​ជា​ខ្ទម​ប្រក់​ស័ង្កសី​ពណ៌​បៃតង ខណៈ​ដែល​ខាង​ក្នុង​ផ្ទះ​ទៀត​សោត ក៏​មាន​សម្បត្តិ​ទ្រព្យ​អ្វី​ជា​ដុំ​កំភួន ក្រៅ​ពី​គ្រែ​ឈើ​ចាស់​មិន​មាំ​ទាំង​ចំនួន​២ ហ៊ឹង​កុង​ម៉ា និង​កង់​កញ្ចាស់​មួយ​នោះ​ទេ។ ក្រៅ​ពី​នេះ សុទ្ធ​ជា​របស់​កំប៉ិកកំប៉ុក មើល​ទៅ​គួរ​ឲ្យ​សង្វេគ។

ស្ថានភាព​នេះ ចាន់ឡា ក៏​បាន​ទទួល​ការ​ជួយ​ជ្រោមជ្រែង​ពី​សប្បុរសជន​ជា​ច្រើន រួម​ទាំង​អ្នក​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ​ផង ខ្លះ​ជួយ​ជា​ថវិកា ខ្លះ​ជួយ​ជា​ការ​តុបតែង​ខ្លួន​សម្រាប់​ឡើង​ប្រឡង ខ្លះ​ទៀត​ជួយ​ដោយ​ការ​ធានា​កែ​កុន​សម្ផស្ស​នាង​ឲ្យ​មាន​ភាព​ទាក់​ទាញ​ជាង​នេះ។ នៅ​ក្នុង​ចំណោម​សប្បុរសជន​ទាំង​នោះ ក៏​មាន​ការ​វាយ​ប្រហារ​ពី​បុគ្គល​ខ្លះ​ដែរ​ថា ជា​សកម្មភាព​ចូល​ខ្លួន​មក​ដើម្បី​ទាញ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​ជាង​ទឹក​ចិត្ត​សប្បុរស​១០០%​ចំពោះ​បេក្ខនារី។

បើ​ទោះ​ជា​បែប​នេះ​ក្ដី លោក អាន់ដា អតីត​តារា​ចម្រៀង ទាត់​ចោល​ការ​រិះគន់​ទាំង​នោះ។ លោក​ថា បើ​ទោះ​ជា​ម្ចាស់​ជំនួយ​ជួយ​ក្នុង​រូបភាព​អ្វី គោល​បំណង​អ្វី​ក៏​ដោយ ក៏​ជំនួយ​ទាំង​នោះ​បាន​ជួយ​សម្រាល​ការ​លំបាក​របស់​បេក្ខនារី​កម្សត់​ដែរ។

"ថា​មិន​ចង់​លូក​មាត់​ទេ! ឃើញ​ស្ថានភាព​ផ្ទះ​គាត់​រស់​នៅ​ប៉ុណ្ណឹង អស់​ចិត្ត​នៅ​អ្នក​ពូកែ​ទើស? មាន​ជន​សប្បុរស​ជា​ច្រើន​បាន​ជួយ​ឧបត្ថម្ភ​ដល់​នាង​ដោយ​សមាន​ចិត្ត ប៉ុន្តែ​អ្នក​ចាំ​តែ​ចាប់​កំហុស​គេ ទើស​គេ វៃ​ប្រហារ​គេ​បែប​នេះ​បែប​នោះ សួរ​ថា​បាន​ធ្វើ​ទង្វើ​ល្អ​ដូច​គេ​ដែរ​អត់? ខ្ញុំ​មិន​ខ្វល់​ថា ជន​សប្បុរស​ដែល​ជួយ​ឧបត្ថម្ភ​ប្អូន​ស្រី​ម្នាក់​នេះ ជា​ជន​ឆ្លៀត​ឱកាស​យក​ភាព​ល្បីល្បាញ ឬ​យ៉ាង​ណា​នោះ​ទេ តែ​យ៉ាង​ហោច​ណាស់ ក៏​គេ​បាន​ជួយ​ដល់​មនុស្ស​ក្រ​ខ្សត់ និង​មើល​ទៅ​គួរ​អោយ​អាណិត​អាសូរ ហើយ​មាន​និស្ស័យ​គួរ​អោយ​គេ​ចង់​ជួយ​ផង​ដែរ”។ លោក អាន់ដា ថ្លែង។

បេក្ខនារី​មក​ពី​ខេត្ត​កំពង់ឆ្នាំង លៀង ចាន់ឡា បាន​បង្ហាញ​ខ្លួន​ចុង​ក្រោយ​ក្នុង​កម្មវិធី​ខាង​លើ​កាល​ពី​សប្ដាហ៍​មុន ដោយ​បាន​ច្រៀង​រួម​គ្នា​ជាមួយ​បេក្ខនារី​៣​នាក់​ផ្សេង​ទៀត ច្រៀង​បទ "ឈប់" របស់ រ៉េត ស៊ូហ្សាណា។ វេលា​នោះ បេក្ខនារី ពិត​ជា​ត្រមង់ត្រមោច ក្រោយ​បេក្ខនារី​៣នាក់​ផ្សេង ត្រូវ​ប្រកាស​ថា​បាន​ឡើង​ទៅ​ជុំ​បន្ត ឯ​នាង ហាក់​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​អស់​សង្ឃឹម។ ប៉ុន្តែ​ស្នាម​ញញឹម​ក៏​លេច​លើ​ផ្ទៃ​មុខ​នារី​កម្សត់​វិញ ដោយ​សារ​នាង​ក៏​ជា​បេក្ខនារី​ត្រូវ​បន្ត​ដំណើរ​ទៅ​វគ្គ​បន្ទាប់​ដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម