រឿងធំៗ កើតមាន​ក្ដៅគគុក​ នៅខេត្តព្រះសីហនុ ក្នុងសប្ដាហ៍នេះ

  • 2019-08-09 02:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


- ជំនន់ទឹកភ្លៀង​

- ដាច់ផ្លូវ​ ផ្អាកចរាចរណ៍

- អាគារ​ខ្ពស់៩ជាន់ទើបសង់រួច ប្រេះស្នាម

- ការ​ទម្លាក់​យីហោ​របស់​កឺកឺ សរសេរ​អក្សរ​ខុសបច្ចេកទេស

រឿង​សំខាន់​ខាង​លើ​នេះ បាន​កើត​មាន​ឡើង​នៅ​ក្នុង​សប្ដាហ៍​នេះ នៅ​ក្នុង​ខេត្តព្រះសីហនុ ដែល​ធ្វើ​ឲ្យ​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម និង​បណ្ដា​សារព័ត៌មាន​មួយ​ចំនួន​ ដែល​បាន​ចេញ​ផ្សាយ​ជាហូហែរ។

- ជំនន់​ទឹក​ភ្លៀង

ជំនន់​ទឹកភ្លៀង នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ក្ដៅគគុក​មួយ​នៅក្នុង​សប្ដាហ៍​នេះ។ ជំនន់​ទឹក​ភ្លៀង​ក៏​បាន​បង្ខំ​ឲ្យ​អគ្គិសនី​ខេត្តព្រះសីហនុ សម្រេច​ចិត្ត​ផ្អាក​ចរន្ត​អគ្គិសនី នៅ​វេលាម៉ោង​ ១រំលង​អធ្រាត ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ ២០១៩។ ការ​ផ្អាក​ចរន្ត​អគ្គិសនី​នេះ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ នៅ​អំឡុង​ជំនន់​ទឹក​ភ្លៀង។

- សមត្ថកិច្ច​បញ្ចេញ​កម្លាំង​ទាំង​យប់​

នៅយប់ថ្ងៃដដែល​ ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាល​​ខេត្តព្រះសីហនុ បានបញ្ជូន កងកំលាំងអន្តរាគមន៌ ស្នងការដ្ធាននគរបាលខេត្តព្រះសីហនុ ចេញទៅអន្តរាគមន៌ កន្លែងជន់លិចទឹកភ្លៀង នាយប់ថ្ងៃទី០៨ សីហា ២០១៩ វេលាម៉ោង ២៤.00។

- អំពី​ស្ថានភាពភ្លៀង និង​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ និងកោះកុង

ខេត្តព្រះសីហនុ​នៅតែប្រឈម​នឹងការជន់លិច​ ដោយសារឥទ្ធិពល​ភ្លៀង។ បន្ថែម​លើ​ខេត្ត​មួយ​នេះ ក៏មាន​ខេត្ត​កោះកុង បណ្តា​ខេត្ត​នៅភាគ​ខាងកើត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម អាចនៅមានបន្ត ខណៈ​លើផ្ទៃសមុទ្រ អាចនឹងមានភ្លៀង ខ្យល់​ខ្លាំង និង​រលកសមុទ្រ​អាចមាន​កម្ពស់ ១ ទៅ ២ម៉ែត្រ។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ស្តីពី​ស្ថានភាព​អាកាស​ធាតុ​ ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែសីហា ឆ្នាំ​២០១៩។

រូបភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្តព្រះសីហនុ

- ឥទ្ទិពល​ជំនន់​ទឹក​ភ្លៀង កាត់​ផ្ដាច់​ផ្លូវ​ដោយអន្លើ នៅ​ខេត្តព្រះសីហនុ

យោងតាម​សេចក្ដីរាយការណ៍​ពី លេខាធិការដ្ឋាន មូលដ្ឋានសមុទ្រ នៅក្នុងសប្ដាហ៍​នេះដែរ បាន​ជូន​​ដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤៥ ត្រូវប្រុងប្រយ័ត្នពីព្រោះនៅចន្លោះគីឡូម៉ែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទឹកហូរច្រោះបាក់ផ្លូវ ជាពិសេសចំពោះរថយន្តធុនធំសុំផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសិនរង់ចាំជំនាញមកពិនិត្យ និងធ្វើការជួសជុលឡើងវិញ។

- អាគារ​ខ្ពស់៩ជាន់ទើបសង់រួច ប្រេះស្នាម

នៅក្នុងសប្ដាហ៍​នេះ​ដែរ មន្រ្តីក្រសួង​ដែនដីនគររូបនីយកម្ម និង​សំណង់​ និង​មន្រ្តីរដ្ឋបាល​ក្រុងព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ​អាគារ​មួយ​ ដែល​មាន​កម្ពស់​៩ជាន់​ទើបសាងសង់​រួចរាល់ ប៉ុន្ដែ​មាន​ស្នាម​ប្រេះ​នៅ​តាម​បន្ទប់​មួយចំនួន​ ហើយ​ខ្លះ​ថា ទ្រេតផង។ អាគារ​មួយ​នេះ ស្តិ​នៅ​ភូមិ​៤ សង្កាត់ ៤ ខណ្ឌ/ក្រុង ព្រះសីហនុ។

លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បាន​ប្រាប់​ Sabay តាមទូរសព្ទ​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ភ្លាម ខាង​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើត​ហេតុ ឥលូវ​នេះ ខាង​មន្រ្តីជំនាញ របស់​ក្រសួង​ដែន​ដី បាន​ដាក់​ម៉ាស៊ីន​វាស់​ អំពី​កម្រិត​ស្ដង់ដារ​​​របស់​អាគារ​នេះ ដែល​លទ្ធផល​រាល់​ ៣ម៉ោង​ មាន​ចម្លើយ​ម្ដង។ «ដូច្នេះ​យើង​មិនទាន់​សន្និដ្ឋាន​បែប​ណា​នៅ​ឡើយទេ យើង​កំពុង​ពិនិត្យ​ និង​សិក្សា​អំពី​បច្ចេក​ទេស​នៅឡើយ»។

- ការ​ទម្លាក់​យីហោ​របស់​កឺកឺ សរសេរ​អក្សរ​ខុសបច្ចេកទេស

ក្នុង​ចំណោម​យីហោ​ជាច្រើន​ដែល​បាន​ទម្លាក់​ គឺ​មាន​យីហោ​មួយ​របស់​ហាង​ចិន ដែល​បាន​ដាក់​ឈ្មោះ​ថា «ភោជនីយដ្ឋាន​ ទ្វារមាស» បាន​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ និង​ចូលរួម​ Comment និង Share ច្រើន​នៅក្នុង​សប្ដាហ៍​នេះ។

លោក​ ​លឹម ភត្រី​ ​មន្ដ្រី​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ​ទទួល​បន្ទុក​រដ្ឋបាល​សាធារណៈ​ ​និង​បរិស្ថាន​ បាន​ប្រាប់ Sabay ថា «យើង​បាន​អប់រំ​ដល់​ម្ចាស់​ហាង​ និង​បាន​​តម្រូវ​ឲ្យ​ម្ចាស់​ហាង​ធ្វើ​ការ​ស្នើសុំ​លើកផ្លាក​សារថ្មី នៅ​ការិយាល័យច្រកចេញចូលតែមួយ​»។

ប្រភពរូប៖ ហ្វេសបុក និង​ មន្រ្តីរដ្ឋបាល​ក្រុងព្រះសីហនុ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា