មក​ស្គាល់​អតីត​បេក្ខជន​ឆ្នើម​បំបែក​កំណត់​ត្រា​ពិន្ទុ ​១០០ ពេញ​ ក្នុង​ការ​ប្រលង​បាក់ឌុប​នា​ឆ្នាំ​កន្លង​មក​

  • 2019-08-16 09:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់ឌុប)​ នឹង​ចាប់​​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ ថ្ងៃ​នេះ សូម​បង្ហាញ​មុខ​អតីត​បេក្ខជន​ប្រលង​ជាប់​បាន​ពិន្ទុ​ ១០០ ពេញ​ចាប់​តាំងពី​ឆ្នាំ​២០១៤មក​។ ​ឆ្នាំ​ ២០១៤ គឺ​ជា​ឆ្នាំ​ដំបូង ដែល​ក្រសួង​អប់​រំ​យុវជន ​និង​កីឡា ​ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្ដម ហង់ ជួនណារ៉ុន ​ជា​រដ្ឋមន្ត្រី​បាន​ដាក់​ចេញ​វិធាន​ការ​កំណែទម្រង់​ការ​ប្រលង​ថ្នាក់​ជាតិ​មួយ​នេះ។

បេក្ខជន​ទទួល​បាន​ ពិន្ទុ ១០០ ​ពេញ​កាលពី​ឆ្នាំ​២០១៤ គឺ​បាន​ទៅ​លើ​យុវជន ​ចាន់ ​ពិចិត្រ ​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះបាទ សុរាមឫទ្ធិ ​ខេត្ត​កំពង់ឆ្នាំង ។ ​ពិចិត្រ ​ជា​កូន​ទោល ​មាន​ឪពុក​ម្ដាយ​ជា​អ្នក​លក់​ចាប់ហួយ។ ពិ​ចិត្រ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ខ្លួន​មិន​សូវ​មាន​ពេល​ជួយ​ការងារ​លក់ដូរ​ឪពុកម្ដាយ​ប៉ុន្មាន​ទេ ក្រៅ​ពី​រៀន​នៅ​សាលា​រដ្ឋ ​ត្រូវ​ទៅ​រៀន​គួរ​បំប៉ន និង​រៀន​ខ្លួន​ឯង​នៅ​ផ្ទះ​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់ ៣ ទៅ ៤​ម៉ោង​។

នៅ​​ឆ្នាំ​២០១៥ បេក្ខជន​ទទួល​បាន​ពិន្ទុ១០០ ​ពេញ​បាន​លើ​យុវជន យុវជន ម៉ាន កូតា​ មកពី​វិទ្យាល័យ​បាក់​ទូក រាជធានី​ភ្នំពេញ​ ខណៈ​ការ​ប្រលង​បាក់​ឌុប​ពេល​នោះ​មាន​បេក្ខជន​ប្រលង​បាន​និទ្ទេស ​A ​១០៨​នាក់។ ​យុវជន ម៉ាន កូតា​ ​បាន​សម្រេច​ជ្រើស​រើស​ជំនាញ ​«វិស្វកម្មជីវ​សាស្រ្ត​» ​ដើម្បី​សិក្សា​បន្ត ​នៅ​កម្រិត​ឧត្ដម​សិក្សា​។ ចំណែក​ប្រលង​​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​(បាក់ឌុប) ​កាលពី​ឆ្នាំ​២០១៦ ​បេក្ខជន​ទទួល​បាន​ពិន្ទុ ​១០០​ ពេញ​ បាន​លើ​យុវជន ​កាំង ​ស៊ីញលី ​មក​ពី​សាលា​ប៊ែល​ធី​អន្តរ​ជាតិ​ទី​៥​ ភ្នំពេញ​។ ​ពេល​នោះ​មាន​បេក្ខជន​ប្រលង​​ជាប់​ជា​ស្ថាពរ​ជាង​៥​ម៉ឺន​នាក់ ​បេក្ខជន​ជាប់​និទ្ទេស ​A ​ចំនួន ​៤០៥ ​នាក់​ ។​

បេក្ខជន​ប្រលង​បាក់​ឌុប​កាល​ពី​ឆ្នាំ​២០១៧ គឺ​បាន​ទៅ​លើ​យុវជន​​ ស គឹមស៊ា ​មក​ពី​សាលា​ប៊ែល​ធី​អន្តរជាតិ​ទី​៩​ ទទួល​បាន​និទ្ទេស​ A ​និង​មាន​លំដាប់​ពិន្ទុ​១០០​ពេញ​​។ យុវជន​ ស ​គឹមស៊ា ​ទទួល​បាន​និទ្ទេស​​ A លើ​មុខ​វិជ្ជា​ ខ្មែរ គណិតវិទ្យា ​ជីវៈ​វិទ្យា ​គីមី ​ភាសាបរទេស ​និង​រូប​វិទ្យា ​និង​បាន​និទ្ទេស ​B​ លើ​មុខ​វិទ្យា​ប្រ​វត្តិ។

ឆ្នាំ ​២០១៨ ​បាន​ទៅ​លើ​យុវតី ​ថន រតនា ជា​សិស្ស​មក​ពី​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ​ជាប់​និទ្ទេស​A ​ទទួល​លំដាប់​ពិន្ទុ​ ១០០​ពេញ​។ ​យុវតី ​ថន ​រតនា ​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ពិន្ទុ១០០ពេញ​ បន្ទាប់​ពី​ប្រកាស​លទ្ធផល​លើក​ទី២ ក្រោយ​​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា រក​ឃើញ​មាន​បញ្ហា​ខុស​បច្ចេកទេស​លើ​លទ្ធផល​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រលង​ ២០ ​សីហា ​២០១៨។

រតនា ​ជា​សិស្ស​ក្រីក្រ ​ដែល​មាន​ឪពុក​ជា​អ្នក​រត់​ម៉ូតូឌុប ។ នាង​ជា​សិស្ស​មាន​ការ​តស៊ូ​ស្វិតស្វាញ​​សិក្សា​យ៉ាង​មោះមុត​ បើ​ទោះ​បី​គ្រួសារ​គ្មាន​លទ្ធភាព​ផ្ដល់​ថវិកា​ឲ្យ​រៀន​ក៏​ដោយ​។ ​រតនា​ប្រាប់​ថា ​ក្នុង​មួយ​ថ្ងៃ​នាង​​មាន​លុយ​តែ​ ៣ពាន់​រៀល​ប៉ុណ្ណោះ ​ហើយ​ចំនួន​លុយ​នេះ​ គឺ​ពុក​នាង​ឲ្យ​ថេរ​តាំង​ពី​ថ្នាក់​ទី៨ ​មក​ម្ល៉េះ​។

ការ​ប្រលង​​សញ្ញាប័ត្រ​​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​មាន​បេក្ខជន​សរុប ១១៩, ២១៧នាក់ ខណៈ​ដំណើរ​ការ​ប្រលង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី១៩​ខែ​សីហា ឆ្នាំ​២០១៩នេះ។ ការ​ប្រលង​​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នេះ ត្រូវ​បាន​បែង​ចែក​ជា​ ២ ​គឺ​សម្រាប់​សិស្ស​ថ្នាក់​វិទ្យា​សាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។​ តើ​បេក្ខជន​រូប​ណា​នឹង​ជាប់​បាន​ពិន្ទុ ១០០ ពេញ​នៅ​ឆ្នាំ​នេះ​?

អត្ថបទ៖ សុផល

អត្ថបទពេញនិយម