គម្រោង​លេចធ្លោជាងគេបី​កើត​ឡើង​ក្នុង​អាណត្តិ​ឯកអគ្គរាជទូតជប៉ុនហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា​

  • 2019-08-17 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​បី​ឆ្នាំ​ក្នុង​តំណែង​ជា​ឯកអគ្គរាជទូតជប៉ុន​​​វិសាមញ្ញ និង​ពេញ​សមត្ថភាពប្រ​ចាំ​ប្រ​ទេស​កម្ពុជា​​ ឯកឧត្តម​ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ​បានបង្កើត​ស្នា​ដៃ​លេច​ធ្លោ​ជា​ច្រើន​ទាំង​ទំនាក់ទំនង​ការ​ទូត និង​សេដ្ឋកិច្ច។

បើ​តាម​ព័ត៌មានពី​ស្ថាន​ទូត​ជប៉ុន​ប្រ​ចាំកម្ពុជា​ក្នុង​រយៈពេល​បី​ឆ្នាំនេះ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​រវាង​កម្ពុជា​ និង​ជប៉ុន​មានការរីកចំរើន។ ការ​វិនិយោគពី​សំណាក់​ក្រុម​ហ៊ុន​ជប៉ុន​មក​កម្ពុជា​មាន​ការ​កើន​ឡើង​៣,៣​ដង​ក្នុង​ឆ្នាំ​២០១៨ ច្រើនជាង​ឆ្នាំ២០១៥។

សម្រាប់ទំហំពាណិជ្ជកម្មរវាង​ប្រ​ទេសទាំងពីរវិញ​កើន​ឡើង​៣៤​ភាគរយគិតក្នុង​ឆ្នាំ២០១៨ ធៀប​នឹង​ឆ្នាំ២០១៥។​ ជាមួយ​គ្នានេះ​ដែរ ការ​ផ្ដល់ទិដ្ឋាការ​ដល់ជនជាតិ​ខ្មែរ​ទៅ​កាន់ប្រទេសជប៉ុន​ក៏បាន​កើន​ឡើង​២,៨៥​ដង​ក្នុង​ឆ្នាំ២០១៨ លើ​ស​ឆ្នាំ២០១៥។​

សម្រាប់ជំនួយ​ផ្នែក​សេដ្ឋកិច្ច​វិញ​ឯកឧត្តមហូរីណូអ៊ុជិ ហ៊ីដេហ៊ីសាបាន​ចុះ​ហត្ថលេខា​លើ​១០០​គម្រោង​មាន​ទឹក​ប្រាក់​ចំនួន​៧០០​លាន​ដុល្លារ​ក្នុង​អាណត្តិ​របស់​ឯកឧត្តម។​ ក្នុង​គម្រោង​ទាំងនេះ មាន​គម្រោង​ធំៗបី​គួរឲ្យកត់សម្គាល់​គឺ​គម្រោង​ជួស​ជុល​ឡើង​វិញ​ស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន​ ជ្រោង​ចង្វារទី១ គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវ​ជាតិ​លេខ​១ និង​បញ្ចប់​គម្រោង​កំពង់​ផែ​ពហុបំណង​ក្រុង​ព្រះ​សីហនុ។​

បើ​និយាយ​ដល់​ទំនាក់ទំនង​ការ​ទូត​វិញ​កាលពី​ឆ្នាំ២០១៨ ជា​ខួប​៦៥​ឆ្នាំនៃ​ចំណងការ​ទូត​រវាង​ប្រ​ទេសទាំងពីរ ក្នុង​នោះ​មាន​កម្មវិធី​រំឭក​ខួប​នេះ​ចំនួន​៨០​ត្រូវ​បានធ្វើឡើង។ មុន​នេះ​ដែរ​កាលពី​ឆ្នាំ២០១៦ ក៏មាន​ការ​ដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រ​ចាំខេត្ត​សៀម​រាប។

អ្វី​ដែល​កាន់តែ​ពិសេស​នោះគឺ​ដំណើរទស្សនកិច្ច​កម្រិត​ខ្ពស់​បស់​សម្តេច​តេជោ ហ៊ុន​ សែន ទៅ​កាន់​ប្រទេស​ជប៉ុន​បី​ដង​ជាប់គ្នា និង​មានជំនួប​កំពូលជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​Abe ផង​ដែរ៕

អត្ថបទ៖ ទូច សុខា