ទិដ្ឋភាព​ការ​បើក​វិញ្ញាសា​ប្រឡងបាក់ឌុបដោយ​រដ្ឋមន្រ្តីអប់រំព្រឹកនេះ

  • 2019-08-19 01:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចាប់ផ្តើម​នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៩នេះ​ហើយ។ ក្នុងនោះ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម សាយ សំអាល់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​រាជធានី​ភ្នំពេញ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​បាន​អញ្ជើញ​បើក​ហឹប​វិញ្ញាសា នៅ​ក្នុង​មណ្ឌល​ប្រឡង​ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សម្រាប់​​ព្រឹក​ថ្ងៃ​ទី​១។ គោលបំណង​គឺ​ដើម្បី​ពិនិត្យ​ភាព​បិទ​ជិត​ មាន​បិទ​ស្កុត​ និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសា​ នៅ​ចំពោះ​មុខ​បេក្ខជន ដើម្បី​ធានា​បាន​ថា ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

សម្រាប់​ថ្នាក់វិទ្យាសាស្រ្ត៖ នៅ​ព្រឹកថ្ងៃទី១៩ សីហានេះ គឺ​ប្រឡង​មុខវិជ្ជា ប្រវត្តិវិទ្យា និង​ជីវវិទ្យា។ ចំណែកថ្នាក់វិទ្យាសាស្រ្តសង្គម គឺ​ ផែនដី និង​បរិស្ថាន​វិទ្យា និង​ប្រវត្តិវិទ្យា។

សូមជម្រាប​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៩នេះ​ ​មាន​មណ្ឌល​ប្រឡង​សរុប​ ​២០២​ ​មណ្ឌល​ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​ ​៧៥​ ​មណ្ឌល​ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ​១២៧​ ​មណ្ឌល​មាន៤៧២៥​ ​បន្ទប់​ ​ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ ១សែន១ម៉ឺន៧ពាន់ ០២៤​នាក់​ ​ស្រី​ ​៦០ ៤២១​ ​នាក់។ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ ​៤៤ ៦៨៣នាក់​ ​ស្រី២៥ ២៨៥នាក់​ ​មាន១ ៨១០បន្ទប់​ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៧២ ៣៤១នាក់​ ​ស្រី ៣៥ ១៣៦នាក់​ ​មាន២ ៩១៥បន្ទប់​​៕​

អត្ថបទ៖ សំរិទ្ធ កុម្ភៈ