យុវវ័យ​កម្ពុជា ដែល​ច្រៀងជា​ភាសា​អង់គ្លេស​ធ្វើ​ឲ្យ​កក្រើក​ឆាក​កម្មវិធី​លំដាប់​អន្តរជាតិ​

  • 2019-08-19 05:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​ចម្រៀង​តាម​រយៈ​កម្មវិធី​លំដាប់​ពិភព​លោក "The Voice Cambodia” “Cambodian idol” និង X Factor Cambodia” ជា​ដើម​បាន​បង្ហាញ​ឲ្យ​ឃើញ​បេក្ខជន​មាន​សមត្ថភាព​របស់​កម្ពុជា​ច្រើន នេះ​និយាយ​ជា​រួម​ទាំង​ការ​ច្រៀង​ចម្រៀង​ជាតិ និង​អន្តរជាតិ។ តែ​បើ​និយាយ​ដោយ​ឡែក​តែ​បទ​ជា​ភាសា​អន្តរជាតិ ក៏​គេ​ឃើញ​បេក្ខជន​ដែល​សុទ្ធ​ជាយុវវ័យ​កម្ពុជា​ជា​ច្រើន​មាន​សមត្ថភាព​ច្រៀង​ភាសា​អន្តរជាតិ​នេះ​បាន​ល្អ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

យ៉ាង​ណា គេ​ឃើញ​មាន​បេក្ខជន​ប៉ុន្មាន​រូប កាន់​តែ​លេច​ធ្លោ​ក្នុង​ចំណោម​បេក្ខជន​ដែល​ច្រៀង​ជា​ភាសា​អន្តរជាតិ​ដូច​គ្នា ពោល​គឺ រាល់​ពេល​ការ​បញ្ចេញ​សមត្ថភាព​របស់​ពួក​គេ គឺ​បាន​ដាស់​រំញោច​បេះដូង​ទស្សនិកជន​ឲ្យ​ស្ទើរ​តែ​លោត​ចេញ​ពី​ប្រអប់​ទ្រូង ដោយ​សារ​តែ​ការ​មិន​នឹក​ស្មាន​ថា ពួកគេ​ធ្វើ​បាន​ល្អ​យ៉ាង​នេះ៖

១.រ៉េត ស៊ូហ្សា៖ យុវតី​រូប​នេះ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ហ៊ោ​កក្រើក​ស្ទូឌីយ៉ូ​របស់​ហង្សមាស ក្រោយ​សំឡេង​ដ៏​ស្រួយ​ស្រេះ​របស់​នាង​បាន​បន្លឺ​ឡើង ក្នុង​ពេល​នាង​លេច​មុខ​លើក​ដំបូង​បំផុត​ក្នុង​កម្មវិធី "The Voice Cambodia” កាល​ពី​ឆ្នាំ ២០១៦។ ពេល​នោះ​នាង​ច្រៀង​បទ "Power of Love" ហើយ​ជា​លទ្ធផល​នាង​ទទួល​បាន​ការ​បង្វិល​កៅអី​ពី​គណៈកម្មការ​ទាំង​៤រូប។

២.អួន ​រតនៈបណ្ឌិត៖ កំលោះ​វ័យ ២៦​ឆ្នាំ​ទើប លេខ​មុខ​ក្នុង​ការ​ប្រឡង "X Factor Cambodia” នៅ​ឆ្នាំ​នេះ។ លោក​គ្រូ​ពេទ្យ​រូប​នេះ បាន​ជ្រើស​រើស​បទ "Perfect” របស់ Ed Sheraan មក​ច្រៀង។ មិន​ធម្មតា​ទេ យុវជន​រូប​នេះ ធ្វើ​បាន​ល្អ​បំផុត​ក្នុង​បទ​របស់​តារា​ចម្រៀង​អង់គ្លេស ធ្វើ​ឲ្យ​ទស្សនិកជន​រំភើប​ស្ទើរ​ងើប​ផុត​ពី​កៅអី។ ជា​លទ្ធផល បណ្ឌិត ទទួល​បាន "Yes” ទាំង​៤ដែរ។

៣.កែវ ច័ន្ទដាលីន៖ យុវតី​វ័យ ១៨​ឆ្នាំ​រូប​នេះ រឹត​តែ​អស្ចារ្យ​ថែម​ទៀត ក្នុង​ការ​ប្រឡង​ដែល​ពោរពេញ​ដោយ​ទំនុក​ចិត្ត។ គ្រប់​វគ្គ​ដែល ដាលីន បាន​បង្ហើរ​សំនៀង គ្មាន​ថា​វេលា​ណា ដែល​មិន​កង​រំពង និង​ហោរកញ្ជ្រៀវ​ពី​ទស្សនិក​នោះ​ទេ។ ចំណុច​នេះ កញ្ញា សុខ សីឡាលីន ក៏​ទទួល​ស្គាល់​ដូច​គ្នា។ យុវតី​មក​ពី​រាជធានី បាន​លេច​ដំបូង​ជាមួយ​បទ "I Have Nothing” ក្នុង​កម្មវិធី "X Factor Cambodia” ដែរ។

នាង​ទទួល​បាន "Yes” ពី​គណៈកម្មការ​ទាំង​៤ ។ លុះ​មក​ដល់​វគ្គ​ទី​២ លីន រឹត​តែ​អស្ចារ្យ​ថែម​ទៀត​ក្នុង​បទ "Listen” របស់​អ្នក​ចម្រៀង​អាមេរិក Beyonce។ នាង​ធ្វើ​បាន​អស្ចារ្យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ក្នុង​បទ​ដែល​រាប់​ថា​ជា "បទ​មេ" នេះ។ នាង​បាន​ឈ្នះ​កៅអី​មួយ​ក្នុង​ចំណោម​​កៅអី​ទាំង ៦ របស់​កម្ពុជា។

ក្រៅ​ពី​ពួក​គេ​ទាំង​៣ មាន​បេក្ខភាព​យុវវ័យ​កម្ពុជា​ជា​ច្រើន​ទៀត​ដែល​អាច​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រឡង​ចម្រៀង​ជា​ភាសា​អន្តរជាតិ​ដែរ​នោះ​មាន៖ ពិន ណាតច័ន្ទឆដា ជឿន លីលី និង ផានិត ជា​ដើម។ គណៈកម្មការ ណុប បាយ៉ារិទ្ធ លើក​ឡើង​ថា សមត្ថភាព​របស់​យុវជន យុវតី កម្ពុជា ទាំង​នេះ គឺ​ជា​មោទកភាព​របស់​កម្ពុជា៕

អត្ថបទ៖ ទារិកា