គូស្នេហ៍ទេសចរជនជាតិបារាំង ប្រឈមមុខជាប់ទោសធ្ងន់ក ក្រោយលួចខ្សាច់ពីឆ្នេរអ៊ីតាលី

  • 2019-08-20 04:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍ទេសចរជនជាតិបារាំង​មួយ​គូ កំពុង​ប្រឈម​មុខ​នឹង​ការ​ជាប់​ទោស​ក្នុង​ប្រទេស​អ៊ីតាលី​ក្រោយ​ពេល​ដែល​ពួកគេ​បាន​លួច​យក​ខ្សាច់​ពី​ឆ្នេរ Sadinia អំឡុង​ដំណើរ​កម្សាន្ត​វិស្សមកាល។

ប៉ូលិស​ក្នុង​ទីក្រុង Porto Torres ឲ្យ​ដឹង​ថា​ពួកគេ បាន​ឆែកឆេរ​រក​ឃើញ​ខ្សាច់​ចំនួន ១៤​ដប​ទឹកសុទ្ធ​ (ស្មើ​ប្រមាណ ៤០​គីឡូក្រាម) ក្នុង​ឡាន​គូ​ស្នេហ៍​ទាំង​ពីរ​ខណៈ​ពេល​ដែល​ពួកគេ​បម្រុង​នឹង​ឡើង​សាឡាង​ឆ្លង​ទៅ​កាន់​ទីក្រុង Toulon ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។ ខ្សាច់​ពណ៌​ស​នៅ​ឆ្នេរ Sardinia ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សម្បត្តិ​សាធារណ​ហើយ​ស្ថិត​ក្រោម​ការ​ការ​ពារ​យ៉ាង​តឹងរឹង​ដោយ​មិន​ឲ្យ​យក​ចេញ​ពី​កោះ​នោះ​ទេ។ អ្នក​ដែល​ហ៊ាន​ល្មើស អាច​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ​រហូត​ដល់​ជាង ៣ ៣០០​ដុល្លារ និង​ជាប់​ពន្ធនាគារ​ពី ១​ដល់៦ ឆ្នាំ​ទៀត​ផង។ ប៉ូលិស​បន្ថែម​ថា ការ​លួច​ខ្សាច់ និង​ថ្ម​ពី​ឆ្នេរ Sardinia គឺ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​ដោយ​សារ​មាន​ទីផ្សារ​ខុស​ច្បាប់​នៅ​ក្នុង​អ៊ីនធឺ​ណេត។

យ៉ាង​ណា​មិញ គូ​ស្នេហ៍​ជាប់​ចោទ​ទាំង​ពីរ​នាក់ អះអាង​ថា​ពួកគេ​មិន​បាន​ដឹង​ពី​ច្បាប់​នៃ​ការ​ថែ​រក្សា​ខ្សាច់​លើ​កោះ​នេះ​ទេ ប៉ុន្តែ​ប៉ូលិស​បញ្ជាក់​ថា​នៅ​លើ​កោះ មាន​សញ្ញា​ជា​ច្រើន​ជាមួយ​ភាសា​ផ្សេង​ៗ​គ្នា​ដើម្បី​ប្រាប់​ទេសចរ​ឲ្យ​ដឹង​ពី​ការ​ហាមប្រាម៕

ប្រភព៖ Foxnews   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី