ទង្វើទាំងនេះហើយធ្វើឲ្យ​ Hye Sun ចង់លែង Jae Hyun តែមិនដាច់ចិត្តព្រោះហេតុផលខ្លះ

  • 2019-08-21 04:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ព័ត៌មាន​ស្នេហា​ប្រេះឆា​របស់​តារា​សម្ដែង​ជួរ​មុខ​របស់​កូរ៉េ Goo Hye Sun និង​ Ahn Jae Hyun បាន​ក្លាយ​ជា​ដំណឹង​ក្ដៅ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត។

រឿង​រ៉ាវ​កាន់​តែ​បែក​ធ្លាយ​បន្តិច​ម្ដងៗ​ទៅ​កាន់​សាធារណៈ​ ពី​ជីវិត​ពិរបស់​អ្នក​ទាំង​ ២ត​ក្រោយ​រៀបការ។ ដោយឡែក​ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា​ Ahn Jae Hyun មាន​បំណង​ចង់​បញ្ចប់​ចំណង​ស្នេហា​ជា​ប្ដី​ប្រពន្ធ​ជាមួយ​ Goo Hye Sun អ្នក​គាំទ្រ​ច្រើន​បំផុត​មាន​ការ​ព្រួយបារម្ភ​ចំពោះ​សាមី​ខ្លួន​ខាង​ស្រី​ ហើយ​ម្នាក់ៗ​ពិត​ជា​ចង់​ដឹង​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ទៅជាយ៉ាងណា?

យ៉ាង​ណា​មិញ​ បន្ទាប់​ពី​មាន​រឿង​ហូរហែ​មក​ ពេល​នេះ​ Hye Sun សម្រេច​ទម្លាយពី​​ទង្វើ​មួយ​ចំនួន​របស់ Jae Hyun ដែល​ធ្វើ​ដាក់​នាង​ មក​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ផ្លូវច្បាប់ មុន​ឈាន​ដល់​ការ​លែងលះ​ជាផ្លូវការ។

ខាង​មេធាវី​ផ្ទាល់​របស់​តារា​ស្រី​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា៖ "យើង​នឹង​ប្រកាស​ពី​ជំហរ​ពិត​ប្រាកដ​ និង​​ផ្លូវការ​ទាក់ទង​នឹង​ការ​លែងលះ​របស់​នាង​ (Goo Hye Sun) និង​ Ahn Jae Hyun។ ដំបូង​ យើង​ចង់​ថ្លែង​​សុំទោស​ និង​សម្ដែង​នូវ​ការ​សោកស្ដាយ​ជា​ខ្លាំង​ទៅកាន់​អ្នក​គាំទ្រទាំង​អស់​ ដែលផ្ដោត​ការ​តាមដាន​ និង​គាំទ្រ​​លើក​ទឹកចិត្ត​ Goo Hye Sun ទាំង​ជីវិត​សិល្បៈ និង​ជីវិត​រៀបការ​របស់​នាង។ ពិតណាស់​ Goo Hye Sun ក៏​ធ្លាប់​បាន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​ Ahn Jae Hyun ពី​រឿង​លែងលះ​ ប៉ុន្តែ​នាង​មិន​ដែល​យល់ព្រមនឹង​សំណើរ​លែង​គ្នា​ម្ដង​ណា​ឡើយ។ សូម្បី​បច្ចុប្បន្ន​ នាង​ក៏​គ្មាន​បំណង​ចង់​បែក​គ្នា​ ហើយ​ក៏​មិន​ចង់​បន្ទោស​ចំណងអាពាហ៍ពិពាហ៍​នេះ​ដែរ។

ឯកសារ​នៃកិច្ច​ព្រមព្រៀង​លែង​លះ​ ត្រូវ​បាន​ព្រាង​ទុក​ជា​ស្រេច ក៏​ដូចជា​ត្រូវ​បាន​ផ្លាស់​ប្ដូរ​គ្នា​ចុះ​ហត្ថលេខា​យល់ព្រម​ ប៉ុន្តែ​វា​នៅ​មិនទាន់​បាន​កំណត់​ថ្ងៃ​ខែ​ ហើយ​សាមី​ខ្លួន​ទាំងសង្ខាង​ក៏​មិនទាន់​មាន​អ្នកណា​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​ដែរ។

ដូច​អ្វី​ដែល​ Hye Sun បាន​និយាយ​ដោយ​ខ្លួន​នាង​ផ្ទាល់​ថា​ នាង​ស្ថិត​នៅ​ដំណាក់​កាល​រង​សម្ពាធ​ពី​ Jae Hyun ដោយសារ​តែ​លោក​តែង​បង្ហាញ​អារម្មណ៍​ធុញទ្រាន់​ បំផ្លាញ​ទំនុក​ចិត្ត​នាង​ ប្រែ​ចិត្ត​ស្រឡាញ់​ខុសពីមុន និង​តែង​និយាយ​​ទូរសព្ទ​ឥតដាច់​ជាមួយ​ស្រីៗ ពេល​គេ​ស្រវឹងម្ដងៗ ទាំង​នេះ​ហើយ​ជាមូលហេតុ​ដែល​ធ្វើ​ឲ្យ​ Hye Sun ចង់​លែង ប៉ុន្តែនាង​ក៏បាន​បញ្ជាក់​ច្បាស់​ហើយ​នៅ​លើបណ្ដាញ​សង្គម​ ថា​នាងមិនអាចធ្វើបាន ​ព្រោះ​តែ​ចង់​ការពារ​មុខមាត់គ្រួសារ​ ពិសេស​ម្ដាយ​របស់​នាង​ដែល​កំពុង​មាន​វិបត្តិ​ផ្លូវចិត្ត​ ព្រម​ជាមួយ​សុខភាព​យ៉ាប់យ៉ឺនទៀត។ មក​ទល់​ពេល​នេះ​ បំណង​ចង់​ថែចំណង​អាពាហ៍ពិពាហ៍របស់នាង​ ដើម្បី​ការពារគ្រួសារ និង​ម្ដាយ​នៅ​តែ​រក្សា​ដដែល​ដូចមុន មិន​មាន​ការ​ប្រែប្រួល​ឡើយ។

ដូច្នេះ​សរុប​មក​ ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ថា​ Goo Hye Sun និង​ Ahn Jae Hyun «យល់ព្រម» លែងលះគ្នាជា​ស្ថាពរ​នោះ​គឺ មិន​ពិត​នោះទេ។

ជាមួយ​គ្នា​នោះ​ដែរ Hye Sun ក៏​បាន​បញ្ជាក់ដែរ​ថា​ នាង​លែង​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ HB Entertainment ហើយ ស្របពេល​ដែល​ក្រុមហ៊ុន​នោះ​បាន​បំផ្លាញ​ទំនុក​ចិត្ត​របស់​នាង​ ដោយ​ពួកគេ​ហ៊ាន​លូក​ដៃជ្រែក​ក្នុង​ជីវិត​ឯកជន​របស់​តារា​របស់​ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាតិ។ នាង​សង្ឃឹម​ថាកុងត្រា​ផ្ដាច់មុខរបស់​នាង​ជាមួយ​ក្រុមហ៊ុន​នោះ​ នឹង​ឈាន​ដល់​ទី​បញ្ចប់​ឆាប់​បំផុត។

ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ​ ប្រសិន​ ក្រុម​ហ៊ុន​ HB Entertainment ខកខាន​មិន​បាន​សហការ​ជាមួយ​យើង​ទាក់ទង​រឿង​នេះ​ទេ យើង​ក៏​គ្មាន​ជម្រើស​ផ្សេង​ដែរ ក្រៅ​ពី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់។

យើង​សង្ឃឹម​ថា​ នឹង​មិនមាន​អត្ថបទ​ព័ត៌មាន​ចុះ​ផ្សាយ​មិន​ពិត​ទាក់ទង​នឹង​ការលែងលះ​របស់​ Goo Hye Sun និង​ Ahn Jae Hyun តទៀត។

ជាថ្មី​ម្ដងទៀត​ យើង​សុំ​ទោស​ដែល​ បញ្ហា​ផ្ទាល់​ខ្លួន​មួយ​នេះ​ ក្លាយ​ជា​រឿង​ក្ដៅ​ត្រូវ​បាន​គេ​លើក​យក​ទៅ​ពិភាក្សា​ពេញ​ទឹកពេញដី​ និង​បែក​ធ្លាយ​រឿង​មិនល្អ​បែប​នេះ។ យើង​នឹង​ព្យាយាម​ជម្នះ​ស្ថានភាព​តានតឹង​នេះ​ឲ្យ​បាន​ល្អ"។

សូម​បញ្ជាក់​ផងដែរ​ថា​ កាល​ពី​ដើម​សប្ដាហ៍​នេះ​ Goo Hye Sun ដែល​គ្រប់គ្នា​ស្គាល់​ច្បាស់​ថា​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ F4 កូរ៉េ បាន​បង្ហោះ​សារ​ ដែល​បង្ហាញ​ច្បាស់ៗ​ថា Ahn Jae Hyun ជា​ស្វាមី​ចាប់​ផ្ដើម​មាន​អារម្មណ៍​ធុញទ្រាន់​ នឿយណាយ​នឹង​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ​នេះ​ហើយ។ មិន​បាន​ប៉ុន្មាន​នាង​ក៏​បាន​លុប​សារ​ដែល​បាន​បង្ហោះ​នោះ​ចោល​វិញ​ ប៉ុន្តែ​ផុស​រូប​ Screenshot សារ​ថ្មី​មួយ​ទៀត​ ក្នុង​បំណង​ការពារ​ម្ដាយ​កំពុង​ឈឺ។ ក្រោយ​មក​ទៀត​ផលិតកម្ម​ HB Entertainment បាន​បញ្ជាក់​ថា​ តារា​ប្រុស​ស្រីទាំង​ ២​ បាន​លែង​លះ​គ្នា​ហើយ។ ឯក្រុមការងារ​នៃ​រឿង​ថ្មី​របស់​ Jae Hyun ក៏​មិន​បាន​និយាយ​អ្វី​ទាក់ទង​នឹង​ដំណឹង​លែង​គ្នា​នេះដែរ។ មួយ​វិញ​ទៀត​ បើ​តាម​ប្រភព​ជិត​ស្និទ្ធ​របស់​ Hye Sun បាន​លួច​ទម្លាយ​ថា​ ការសម្រេច​ចិត្ត​របស់​នាង​ប្ដូរ​ទៅ​ចូល​ទៅ​ជ្រក​ក្រោម​ផលិតកម្ម HB Entertainment នោះ​អាច​ជា​ដើមហេតុ​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ត្រូវ​រង្គោះរង្គើ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី