អ្នកស្រី ស មុន្នីរ័ត្ន បុគ្គល​ជិតខ្លួនជាអ្នកជួយឲ្យ​អ្នកស្រីមានឱកាស​ទៅ​សិក្សាក្រៅប្រ​ទេស​

  • 2019-08-21 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​មាន​គ្រួសារ និង​កូន​តូច​ដល់​ទៅពីរ​នាក់​ក្ដី ក៏មិន​មែន​ជាឧបសគ្គ​សម្រាប់​អ្នក​ស្រី ស មុន្នីរ័ត្ន ​ឲ្យ​បោះ​បង់ឱកាស​រៀន​បន្ត​ថ្នាក់​បណ្ឌិត​នៅបរទេស​ជប៉ុន​នោះទេ។​

អ្នកស្រី​បាន​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ពី​សាកល​វិទ្យាល័យ​ហេរ៉ូស៊ីម៉ា​ប្រ​ទេស​ជប៉ុន​កាលពី​ឆ្នាំ២០១៤ ហើយ​នៅចុង​ខែកញ្ញា ខាង​មុខនេះ​អ្នកស្រី​នឹង​បន្តការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅសាកល​វិទ្យាល័យ​នេះ​ជា​ថ្មី​​ម្ដងទៀត។

(អ្នកស្រី ស មុន្នីរ័ត្ន ពេល​ផ្ដល់បទសម្ភាសន៍ជាមួយSabay/រូបភាព៖ Heng Sokchea)

ដោយ​មានការ​ជួយ​ជ្រោម​ជ្រែង​ពី​ស្វាមី និង​គ្រូ​នៅ​ប្រ​ទេសជ​ប៉ុ​ន​អ្នក​ស្រី​ក៏បាន​សម្រេច​ចិត្ត​ដាក់ អាហារូបករណ៍​មួយ​នេះ និង​ទទួលបានជោគជ័យ។

​បញ្ហា​ប្រ​ឈម​មួយ​ចំនួន​ចំពោះ​ស្រ្តីមាន​គ្រួសារ និងកូនបែបនេះ អាច​មាន​ស្រ្តី​ខ្លះ​ក៏​បោះ​បង់​ការសិក្សា​បន្ត តែ​សម្រាប់អ្នក​ស្រី​វិញជាសំណាង​មាន​ឪពុក​ម្ដាយ និង​ស្វាមី​ជួយ​ជាកម្លាំង​ចិត្ត​ជាប់​រហូត ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​ងាយ​សម្រេច​ចិត្ត​បន្តការ​សិក្សានេះ។​

ថ្វី​បើ​អ្នក​ស្រីបាន​ទទួលអាហារូបករណ៍​ដល់ទៅពីរ​ដង​ទៅ​រៀន​នៅ​ជប៉ុន​បែបនេះ​ក៏​ដោយ ក៏​មុនបាន​អាហារូបករណ៍​អ្នកស្រី​ធ្លាប់​បរាជ័យ​មិន​តិច​ដង​នោះទេ។ ទោះ​យ៉ាងការ​ព្យាយាម​ស្វែង​យល់ពីចំណុច​ខ្វះខាត និង​ចំណុច​ខ្លាំង​របស់​ខ្លួន និង​តម្រូវការ​របស់​កម្មវិធីអារូបករណ៍​ធ្វើ​ឲ្យ​អ្នក​ស្រី​បានជោគ​ជ័យ​លើ​រឿង​នេះ។​

អ្នកស្រី​ ស មុន្នីរ័ត្ន បន្ថែមថា​ថ្វី​បើ​មាន​គ្រួសារ និងមាន​កូន​តូច​ក៏​ដោយ បើ​ស្រ្តី​ខ្លួន​ឯង​ចង់​ទទួលការ​អប់រំ​ឲ្យ​បាន​​ខ្ពង់​​ខ្ពស់​ដូច​បុរស​ដែរ ​ស្រ្តី​ខ្លួន​ឯង​ត្រូវ​ពង្រឹក​សមត្ថភាពខ្លួន​ និង​ហ៊ាន​ដាក់​មហិច្ឆតា​ចង់រៀន​បន្ត​ដោយ​មិន​រួញរា។​​

ការ​សម្រេច​ចិត្ត​ទៅរៀន​បន្ត​របស់​អ្នក​ស្រី​ថ្វីដ្បិត​មាន​ចាស់ទុំ​ខ្លះយល់ថា​មិន​សូវ​ល្អ ដោយ​ត្រូវ​ទៅ​ចោល​​ស្វាមី និង​កូន​តូច​រហូត​ដល់ទៅ​បី​ឆ្នាំ​ក៏​ដោយ តែ​ក៏មាន​ស្រ្តីជា​ច្រើនទៀត​បាន​យក​អ្នកស្រីជា​គំរូ​ផង​ដែរ។

គួរ​បញ្ជាក់ថា​គិត​ចាប់ពី​ឆ្នាំ១៩៩២ រហូត​ដល់​ឆ្នាំ២០១៩នេះ ស្ថាន​ទូតជប៉ុន​ប្រ​ចាំ​កម្ពុជា​ឲ្យ​ដឹងថា​និស្សិត​ខ្មែរ​បាន​អាហារូបករណ៍ទៅ​សិក្សា​នៅ​ប្រ​ទេស​ជប៉ុន​មាន​ចំនួនប្រមាណជា​១១០០​នាក់៕

ទស្សនាវីដេអូ៖

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម