ដូណាល់ ត្រាំ ថា​នឹង​ជួយ​សម្រួលមេ Apple ប្រកួត​នឹង Samsung

  • 2019-08-22 02:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​មួយ​នាយក​ប្រតិបត្តិ​ Apple លោក Tim Cook ដើម្បី​និយាយ​អំពី​ផល​ប៉ះពាល់​កើត​មាន​ចំពោះ​ជំនួញ​ Apple ពី​ការ​កំណត់​យក​ពន្ធ​នាំ​ចូល។

ក្នុង​បទ​សម្ភាសន៍​ក្រៅ​សេតវិមាន​នា​ថ្ងៃ​នេះ លោក ត្រាំ បាន​និយាយ​លម្អិត​បន្ថែម​ទៀត​អំពី​ទំនាក់ទំនង​របស់​ខ្លួន​ជា​មួយ​លោក Tim Cook។ លោក ត្រាំ បាន​ពន្យល់​ថា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​លោក​ជា​មួយ​លោក Tim Cook ពិសេស​ប្លែក​គេ គឺ​ត្រង់​ថា​​មេ Apple តែង​តេ​ទូរសព្ទ​ទៅ​កាន់​លោក ដោយ​ផ្ទាល់។

លោក​ប្រធានាធិបតី​និយាយ​ថា​នេះ​ជា​ចំណុច​ខុស​ប្លែក​មួយ​ វា​ខុស​ប្លែក​ពី​ទំនាក់ទំនង​ដែល​លោក​មាន​ជា​មួយ​​នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ទៀត។ លោក​ត្រាំ បាន​លើក​ឡើង​ដូច​នេះ ៖ "អ្នក​ផ្សេង​ទៀត​ទៅ​រក ឬ ជួល​អ្នក​ប្រឹក្សា​យោបល់​ដែល​ស៊ី​ថ្លៃ។ Tim Cook វិញ តេ​ទូរសព្ទ​មក​ ដូណាល់ ត្រាំ ដោយ​ផ្ទាល់​តែ​ម្ដង”។

លោក​​ ដូណាល់ ត្រាំ បាន​បន្ត​​លើក​ឡើង​ដែរ​ថា​ ៖ "បញ្ហា​នោះ​គឺ​ Samsung ជា​​គូ​ប្រជែង គូ​ប្រជែង​របស់​ គាត់ (Tim Cook) មិន​ត្រូវ​បង់​ពន្ធ​នាំ​ចូល ហើយ Tim Cook ត្រូវ​បង់​ពន្ធ។ ខ្ញុំ​ត្រូវ​ជួយ​គាត់ (Tim Cook) ក្នុង​រយៈពេល​ខ្លី ព្រោះ​ថា​វា​គឺ​ក្រុមហ៊ុន​អាមេរិក​ល្អ​មួយ”។

គួរ​ដឹង​ថា​រដ្ឋបាល​​លោក​ ត្រាំ មាន​គម្រោង​នឹង​យក​ពន្ធ​ ១០% លើ​ផលិតផល​នាំ​ពី​ចិន​​ចូល​អាមេរិក​ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កញ្ញា ដែល​មាន​រួម​បញ្ចូល​ផលិតផល​ Apple ស្ទើរ​គ្រប់​មុខ។ ក្រោយ​មក​សេតវិមាន​បាន​ប្រកាស​ពី​ផែនការ​ពន្យារ​ពេល​ការ​យក​ពន្ធ​នេះ​លើ​ផលិតផល​មួយ​ចំនួន រួម​មាន​ទូរសព្ទ និង​កុំព្យូទ័រ​យួរ​ដៃ រហូត​ដល់​ខែ​ធ្នូ៕​​​

ចុចអាន ៖ មេ Apple ​រអ៊ូ​ប្រាប់​លោក ដូណាល់ ត្រាំ ថាពិបាកប្រកួតនឹង Samsung

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង