ភ្ញាក់​ផ្អើល ស្រាប់​តែ​ឃើញ កែវ រំចង់ សម្ដែង​ក្នុង​ភាពយន្ត​មួយ​រឿង!

  • 2019-08-23 09:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតកម្ម បាដិហារ្យ​ភាពយន្ត​បាន​បញ្ចេញ​ស្នាដៃ​ថ្មី​មួយទៀត​ហើយ​គឺ​រឿង "បំណុល​ឈាម​អ្នក​ប្រយុទ្ធ” ដោយ​នៅ​ក្នុង​នោះ ស្រាប់​តែ​មាន​មុខ​កីឡាករ​ប្រដាល់​ក្បាច់​គុន​បូរាណ​ខ្មែរ កែវ រំចង់ គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

រឿង”បំណុល​ឈាម​អ្នក​ប្រយុទ្ធ” គឺ​ជា​សាច់​រឿង​បែប​វាយតប់​ថ្មី​របស់​ផលិតកម្ម​​ខាង​លើ។ បើ​តាម​លោក ស៊ុម ភារិន ផលិតករ និង​ជា​ចាងហ្វាង បាដិហារ្យ​ភាពយន្ត និយាយ​ថា ដោយ​សារ​តែ​​លោក​ចង់​ផ្លាស់​ប្ដូរ​រសជាតិ​សម្រាប់​ទស្សនិកជន ដោយ​ភាគ​ច្រើន​មាន​តែ​រឿង​កំប្លែង ខ្មោច និង​ស្នេហា​ជា​ដើម ទើប​លោក​សម្រេចចិត្ត​​ផលិត​ស្នាដៃ​នេះ​ឡើង​មក។

"ដោយ​សារ​កត្តា​រសជាតិ​នៃ​សាច់រឿង​នេះ​ហើយ​ទើប​ខ្ញុំ ចំណាយ​ពេល​ច្រើន​មក​ផលិត​ស្នាដៃ​មួយ​នេះ ដើម្បី​​កុំ​ឱ្យ​ទស្សនិកជន​ខ្មែរ​គាត់​គិត​ថា កុន​ខ្មែរ​គ្មាន​រសជាតិ​អ្វី​ក្រៅ​តែ​ពី​ ខ្មោច និង​កំប្លែង”។ ស៊ុម ភារិន ថ្លែង។ ក្រៅ​តែ​បន្ថែម​រសជាតិ​ទៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ ផលិតករ​បញ្ជាក់​បន្ថែម​ថា តាម​រយៈ​រឿង​នេះ លោក​ក៏​ចង់​ជួយ​លើក​កម្ពស់ ក្បាច់​គុន​ល្បុក្កតោ ក្បាច់​គុន​ប្រដាល់​បូរាណ​ខ្មែរ​ផង​ដែរ ទើប​លោក​ទាយ កែវ រំចង់ ដែល​ជា​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ និង​​តួអង្គ​ម្នាក់​ជា​គ្រូ​ល្បុក្កតោ​គឺ​លោក ឆន ចាន់​វីរៈ។

ភាពយន្ត​រឿង”បំណុល​ឈាម​អ្នក​ប្រយុទ្ធ” គឺ​ជា​ស្នាដៃ​ទី៧​ហើយ​របស់​ផលិតកម្ម បាដិហារ្យ​ភាពយន្ត។ ស្នាដៃ​នេះ​នឹង​ដាក់​បញ្ចាំង​ផ្លូវ​ការ​តាម​រោង​ភាពយន្ត​នានា​ចាប់​ពី​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​តទៅ​ហើយ៕

តោះ...ទស្សនា​វីដេអូ Trailer ភាព​យន្ត​របស់​កីឡាករ កែវ រំចង់ ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា