ធ្លាប់​ឆ្ងល់ទេ បើ​ផែន​ដីលែងមាន​ដើម​ឈើ តើជីវិត​មនុស្ស សត្វ ​ទៅជាយ៉ាងណា?

  • 2019-08-26 04:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ឆ្នាំ​២០១៥ មានការ​ប៉ាន់​ប្រ​មាណ​ថា​ដើម​ឈើ​មានចំនួន​៣,០៤​ទ្រីលាន​ដើម​​នៅ​លើ​ផែន​ដី ឬ​ស្មើ​នឹង៣១​ភាគ​រយ​នៃ​ផ្ទៃ​ផែន​ដី។ យ៉ាងណា​មិញ​ក៏មាន​ដែរ​ការ​ប៉ាន់​ប្រមាណ​ថា​ក្នុង​មួយ​ឆ្នាំ​ដើម​ឈើ​ប្រ​ហែល​ជា​១៥​លាន​ដើម​ត្រូវ​បាន​កាប់​បំផ្លាញ។ ចំនួន​នេះ​គេជឿថា​យ៉ាង​យូរ​២០០​ឆ្នាំ​ទៀត​ផែន​ដី​នឹង​លែង​មាន​ដើម​ឈើ​ទៀត​ហើយ។

ចុះ​បើ​លើ​ផែន​ដី​គ្មាន​ដើម​ឈើ​តើ​ជីវិត​មនុស្ស​ទៅជា​យ៉ាង​ណា? A world without trees

កង្វះអុក​ស៊ី​ហ្សែន?

អ្នកទាំង​អស់​គ្នា​ទំនង​ជា​ដឹង​ហើយថា​អុក​ស៊ីហ្សែនមាន​២១​ភាគ​រយ​ក្នុង​បរិយាកាស​ផែន​ដី។ ពាក់​កណ្ដាល​នៃ​អុក​ស៊ីហ្សែន​នេះ​កើត​ចេញ​ពី​ការ​ធ្វើ​រស្មី​សំយោគ​របស់​ដើម​ឈើ និង​រុក្ខជាតិ​ផ្សេង​ទៀត ខណៈ​មួយចំណែក​ទៀត​កើតចេញពី​រុក្ខជាតិ​នៅ​ក្នុង​សមុទ្រ។

បើទោះ​បីជា​គ្មាន​ដើម​ឈើ​នៅ​លើ​ផែនដី ចំនួន​អុក​ស៊ីហ្សែន​ក៏​នៅតែ​មាន​ គ្រាន់តែថាចំនួននេះ​មាន​តិច​ជាង​មុន។​​ ដើម​ឈើ​មួយ​ដើម​ក្នុង​មួយ​ឆ្នាំ​ផលិត​អុក​ស៊ីហ្សែន​បាន​សម្រាប់​មនុស្ស​១០​នាក់​សម្រាប់​ដក​ដង្ហើម ហើយ​បើ​គ្មាន​ដើម​ឈើ​នោះទេ ​អុក​ស៊ីសែន​មាន​នៅ​លើ​ផែន​ដី​អាច​ឲ្យ​ចំនួន​មនុស្ស​បច្ចុប្បន្ន​​ដែលមាន​លើ​ផែន​ដី​ដក​ដង្ហើម​បាន​ដល់​៤០០០​ឆ្នាំ​ទៅ​មុខ​ទៀត។ ប៉ុន្តែ​ចូរចាំ​ថា​ចំនួន​មនុស្ស​កើនឡើង ការ​បំពុល​បរិយាកាស​ក៏មាន ដូចនេះ​ចំនួន​អុក​ស៊ីហ្សែន​ដែល​ផលិត​ដោយ​រុក្ខជាតិ​ក្នុង​សមុទ្រ​មិន​អាច​ទ្រទ្រង់​ជីវិត​មនុស្ស​លើ​ផែន​ដី​រហូត​ដល់​៤០០០​ឆ្នាំទៅ​មុខនោះទេ។

កាត់​បន្ថយ​ឧស្ម័នពុល?

ស្រមៃ​មើល​ថាបើ​គ្មាន​ដើម​ឈើ​តើ​ការ​បំពុល​បរិយាកាស​ពី​​ឧស្ម័ន​ផ្ទះ​កញ្ចក់​កើន​ឡើង​យ៉ាងណា។​ ស្លឹក​ឈើជួយ​ការ​ពារ​ប្រ​ព័ន្ធ​អូហ្សូន និង​ទប់ស្កាក់​ធូលី​ក្នុងបរិយាកាស និង​ស្រូប​យកឧស័្មនកាបូនិច​​ពី​បរិយាស។ ក្នុង​ឆ្នាំ​២០១២ មនុស្ស​ប្រមាណជា៣,៧​លាន​នាក់​បាន​ស្លាប់​ដោយ​សារ​ខ្យល់កខ្វក់។ នៅ​ពេល​គ្មាន​ដើម​ឈើ​តើ​មនុស្សជាតិ​នឹង​ត្រូវពាក់ម៉ាស ឬដប​​អុកស៊ីហ្សែន​ដើម្បីជីវិត​រស់?​

បរិយាកាស​ផែន​ដីកាន់​តែឡើង​កម្ដៅ?

​ព្រៃឈើ​ក្នុង​ផ្ទៃ​ដី​ជិត​កន្លះ​ហិកតា ​ក្នុង​មួយ​ឆ្នាំ​អាច​ស្រូប​យក​ឧស្ម័នកាបូនិច​ស្មើ​នឹង​បរិមាណ​ដែល​ចេញ​ពី​រថយន្ត​រត់​ក្នុង​ចំងា​យជាង​បួន​ម៉ឺន​គីឡូម៉ែត្រ។ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បច្ចុប្បន្ន​​រួម​ចំណែក​១៥ភាគ​រយ​ក្នុងការ​កើន​ឡើង​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ផែន​ដី​។​ ការ​កើន​ឡើង​បរិមាណ​ឧស្ម័ន​កាបូនិច​នឹង​ធ្វើ​ឲ្យ​កម្ដៅ​ផែន​ដី​កើនឡើង​ផងដែរ។​

បាត់​បង់​បរិមាណទឹក​ភ្លៀង?

ព្រៃឈើ​មិន​ត្រឹម​តែ​ទាក់ទាញ​ទឹក​ភ្លៀង​ប៉ុណ្ណោះទេ តែថែមទាំងជួយ​ឲ្យមាន​ភ្លៀង​ទៀង​ទាត់​ទៀត​ផង។ ក្នុងករណី​បាត់​បង់​ព្រៃ​ឈើ​​នឹង​ធ្វើ​ឲ្យ​ភ្លៀង​មិន​ទៀត​ទាត់ ដី​ឆាប់ស្ងួត និង​ខ្វះ​សំណើម។ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ​២០១២ បង្ហាញ​ថា​នៅ​ឆ្នាំ​២០៥០​ខាង​មុខ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​អាម៉ាហ្សូន​ នឹង​ធ្វើ​ឲ្យ​បរិមាណ​ទឹក​ភ្លៀង​ធ្លាក់​នៅ​តំបន់​នោះ​ថយ​ចុះ​ចំនួន២១​ភាគ​រយ​នៅ​រដូវ​ប្រាំង។

បាត់​បង់ដីមានជីវជាតិ?

​ដើម​ឈើ​នឹង​ឫស​ឈើជួយ​រក្សា​គុណភាព​ដី បើ​កាលណា​បាត់​បង់​ដើមឈើ​ធ្វើ​ឲ្យ​ដីឆាប់ច្រោះ រិចរិល ដោយ​សារទឹក​ភ្លៀង។ មិ​នតែប៉ុណ្ណោះ​​ដី​អាច​ក្លាយ​ជាមាន​ជាតិពុល ដែល​រាល់​ដងជាតិ​ពុលទាំង​នេះ​ចម្រោះ​ដោយ​ដើម​ឈើ។ ពេល​ដី​សម្បូរជាតិពុល​មិន​ងាយ​នឹង​ដាំ​អ្វី​បាន​ទៀត​នោះទេ។ រុក្ខជាតិជា​ប្រភព​នៃម្ហូបអាហារ គ្មាន​ដើម​ឈើ​ក៏​គ្មាន​ទេក្រ​ដាស​សម្រាប់​សរសេរ ប៊ិច សូម្បី​តែ​កាហ្វេ​ក៏​គ្មាន​ដែរ។ គ្មាន​ដើម​ឈើ​ក៏ទំនងជាគ្មាន​អាហារ​សម្រាប់​សត្វ​ព្រៃ ឬសម្រាប់មនុស្សជាតិ​ដូច​គ្នា។ គ្រប់គ្នា​ត្រូវ​ដឹង​ថា​ជីវិត​សត្វ​ និង​រុក្ខជាតិ​រស់​នៅ​លើ​ដីគោក​៧០ភាគ​រយ​ពឹង​លើ​ព្រៃ​ឈើ៕

អត្ថបទ៖ ទូច សុខា