នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកទស្សនកិច្ចនៅ កម្ពុជា ពីថ្ងៃទី ២ ដល់ ៤ ខែកញ្ញា នេះ

  • 2019-08-27 03:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវ​ការ នៃ​ព្រះរាជាណា​ចក្រកម្ពុជា រយៈពេលបីថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី២ ដល់​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។ នេះ​បើតាមការបញ្ជាក់​របស់លោកកេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និងនិងសហប្រតិបត្តិការអន្តរជាតិ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេសបាន​បន្តថា តាមគម្រោងលោក​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹង​ជួប​សម្តែង​ការគួរសមនិង​ពិភាក្សាការងារ​ជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និង​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា។

ដោយឡែកយោងតាម​ការ​ប្រកាសរបស់សាកល​វិទ្យាល័យ​ភួមិន្ទភ្នំពេញកាលពី​ថ្ងៃទី២៦ ខែសីហាបាន​ឲ្យដឹងថា លោក មហាធៀរ មហាម៉ាត់ នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នឹង​អញ្ជើញថ្លែងបាឋកថាពិសេស នៅសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៣:៣០នាទី រសៀល។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លោក Mahathir Mohamad ដែល​មាន​អាយុជិត៩៤ ឆ្នាំ បានធ្វើសច្ចាប្រណិធានទទួលតំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាណត្តិថ្មី។ ពិធីសច្ចាប្រណិធានត្រូវបានធ្វើឡើងក្រមអធិបតីភាពដោយព្រះមហាក្សត្រម៉ាឡេស៊ី Muhammad ទី V។ ទទួលតំណែងនៅអាយុជិត ៩៤ ឆ្នាំ លោក Mahathir Mohamad ក្លាយទៅជាអ្នកប្រមុខរដ្ឋា​ភិបាល​ជើងចាស់បំផុតលើពិភពលោក។ លោក Mahathir បានចាកចេញពីឆាកនយោបាយ​នៅឆ្នាំ២០០៣ ប៉ុន្តែលោកបានត្រឡប់មកធ្វើនយោបាយវិញនៅឆ្នាំ២០១៨។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក Mahathir បាន​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចំនួន​ពីរ​លើក។ លើក​ទី ១ ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣ ចំណែក​ឯ​លើក​ទី ២ គឺ​ពី​ខែ​ឧសភា ២០១៨ រហូត​ដល់​ពេល​បច្ចុប្បន្ន៕

សម្រាប់ការ​ចុះឈ្មោះចូលរួម សូមចុច https://bit.ly/341a2Hc

ឬនៅទីតាំងផ្ទាល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញអគារធំ ជណ្ដើរកណ្តាល​។ ដោយកន្លែងមានកំណត់ ក្រុមការងារសូមរក្សាសិទ្ធិក្នុងការទាក់ទងទៅលោក លោកស្រី និងប្អូនៗនិស្សិតណា ដែលនឹងត្រូវបានជ្រើសរើសឲ្យចូលរួមតែប៉ុណ្ណោះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម