អែម សុវណ្ណារី មាន​ឈ្មោះ​ប្រកួត​នៅ​ជប៉ុន​កម្មវិធី ONE Warrior Series 8

  • 2019-09-05 07:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី បង្ហើបអំពីការហ្វឹកហាត់ត្រៀមជួបជើងខ្លាំងប្រេស៊ីលនាដើមខែតុលា នៅសង្វៀន ONE

កីឡាការិនី អែម សុវណ្ណារី ដែលជាអ្នកលេងគុនចម្រុះកូនខ្មែរកើតនៅអាមេរិក កំពុងរៀបចំគម្រោងមួយចំនួនដើម្បីផ្ដួលដៃគូនៅសង្វៀន ONE Championship នាដើមខែតុលាខាងមុខ។ អែម សុវណ្ណារី កំពុងហ្វឹកហាត់ខ្លាំងក្លានៅក្លិប Modern Martial Arts and Fitness ស្ថិតនៅក្រុង Pasadena រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងបំណងត្រៀមបង្ហាញខ្លួនជាលើកទី២ នៅសង្វៀនអន្តរជាតិ ONE។ សុវណ្ណារី មិនបានប្រាប់ឈ្មោះអំពីគូបដិបក្ខទេ ប៉ុន្តែ គ្រាន់តែដឹងថាជាកីឡាការិនីសញ្ជាតិប្រេស៊ីល ដែលត្រូវប៉ះគ្នានៅថ្ងៃទី ៥ តុលាខាងមុខនៅសង្វៀន ONE Warrior Series 8 នាក្រុងតូក្យូប្រទេសជប៉ុន។

កីឡាការិនីដែលជាសមាជិកនៃសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានរៀបរាប់ថា ៖«គូប្រកួតរបស់ខ្ញុំដែលត្រូវជួបនៅ ONE Warrior Series 8 គឺជាជើងខ្លាំងមកពីប្រេស៊ីល ប៉ុន្តែខ្ញុំអ្វីដែលខ្ញុំត្រូវធ្វើគឺមិនចុះញ៉មងាយៗនោះឡើយ និងត្រៀមជើងព្រួលដើម្បីឈ្នះ។ ខ្ញុំគិតថាខ្ញុំមានប្រសិទ្ធភាពលើក្បាច់ប្រយុទ្ធរបស់ខ្ញុំ។ ប៉ុន្តែកីឡាការិនីប្រេស៊ីល ឮថាល្អជើងក្រោមជាងខ្ញុំ។ រឿងដែលខ្ញុំត្រូវធ្វើ គឺចាប់ផ្ដួល និងប្រើក្បាច់នៅផ្ទាល់នឹងរេញ»។

សុវណ្ណារី សង្កត់ធ្ងន់ថា៖«ខ្ញុំនឹងរៀបចំគម្រោងប្រកួតនៅលើសង្វៀនជាមួយនឹងគ្រូបង្វឹករបស់ខ្ញុំ។ ហើយយើងនឹងមើលលើភាពជាក់ស្ដែងបន្តទៀត»។ ជើងខ្លាំងតំណាងឲ្យកម្ពុជារូបនេះប្រលូកលើសង្វៀនគុនចម្រុះតាំងពីឆ្នាំ ២០១៦ មក ក្រោយចាប់ហ្វឹកហាត់ប្រដាល់សកលតាំងឆ្នាំ ២០១២។ នៅឆ្នាំ ២០១៤ សុវណ្ណារី បានចាប់ផ្ដើមក្បាច់គុន ជីជិតស៊ូ ដែលត្រូវគេស្គាល់ថាជាក្បាច់គុនមួយក្នុងជំនាញក្បាច់ទាំងឡាយអាចប្រើបោក កាច់ ឬ ឃ្លេ ដើម្បីជាទុនសម្រាប់ប្រកួតគុនចម្រុះ។ ក្រៅពីនេះកីឡាការិនីសម្បុរស្រអែមបានចូលហ្វឹកហាត់ចំបាប់ យូដូ និង ប្រដាល់សេរី ផងដែរ។

គួរដឹងថា អែម សុវណ្ណារី ប្រកួតលើសង្វៀនគុនចម្រុះចំនួន ៣ លើក មិនដែលចាញ់។ សុវណ្ណារី ឈ្នះកីឡាការិនីអាមេរិក Lanikqua Robins នាទឹកទី១ កាលខែធ្នូឆ្នាំ ២០១៦ និង ឈ្នះកីឡាការិនីអាមេរិក Evelyn Nieves នៅទឹកទី១ កាលខែ កុម្ភៈ ឆ្នាំ ២០១៧ ក្នុងការប្រកួតដាក់ទ្រុងនៅអាមេរិក។ ចំណែកការប្រកួតចុងក្រោយ សុវណ្ណារី ឈ្នះកីឡាការិនិអ៊ុយក្រែន Iryna Kyselova នៅសង្វៀន ONE កាលខែ ធ្នូ ឆ្នាំ ២០១៨ នៅ ម៉ាឡេស៊ី។

អ្នកលេងគុនចម្រុះកូនខ្មែរនៅអាមេរិកដែលមានរហស្សនាមថា «Savage Buddha» បានចុះឈ្មោះជាផ្លូវការក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាកាលខែ មិថុនា។ ការចុះឈ្មោះនេះជាប្រយោជន៍សំខាន់ផ្ទាល់ខ្លួនមួយ ហើយមួយទៀត គឺ ឡើងប្រកួតតំណាងឲ្យកម្ពុជា។

អត្ថបទ៖ ស៊ីធី