រកឃើញម្ចាស់ពាន ក្នុងការប្រកួតវីដេអូខ្លីរបស់ក្រុមហ៊ុន Davitra

  • 2019-09-11 11:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន Davitra (Cambodia) Co., Ltd និងក្រុមហ៊ុន Apitor Technology Co., Ltd បានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យលាភីប្រកួតផលិតវីដេអូខ្លីស្ដីពី « កុមារ និងយុវជនកម្ពុជាគួរតែងាកមកលេងរបស់ ដែលបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា» ដែលហៅកាត់ជាភាសាអង់គ្លេសថា STEM។

ការប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កម្រិតចំណេះដឹង ក៏ដូចជាឆ្លើយតបទៅនឹងភាពចាំបាច់ តម្រូវការ និងតួនាទីយ៉ាងសំខាន់នៃវិស័យបច្ចេកវិទ្យា ដោយមានបេក្ខជនចំនួន ១៤ ក្រុម ចូលរួមប្រកួត។

ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ សហស្ថាបនិក Davitra (Cambodia) Co., Ltd បានឲ្យដឹងថា ការប្រកួតវីដេអូខ្នាតខ្លីនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីអត្រានៃការចូលរួម និងគាំទ្រ មុខវិជ្ជាវិទ្យា បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ជាពិសេសនោះ គឺយុវនារីតែម្ដង។

លោកថា ៖ « ខ្ញុំពិតជារីករាយ និងកោតសរសើរដល់បេក្ខជនចូលរួមទាំង ១៤ ក្រុម សរុបជាសមាជិកមាន ៤២ នាក់ ចំពោះការចូលរួមជ្រោមជ្រែងចំណាយពេល ក្នុងការលើកស្ទុយវិស័យ STEM នៅក្នុងប្រទេសកម្ពុជា»។

ចំណែកលោក Kenny Wang សហស្ថបនិកក្រុមហ៊ុន Apitor Technology Co., Ltd បានប្រាប់ឲ្យដឹងថា STEM ជាប្រភេទជំនាញមួយ ដែលបង្កើតឡើងដោយសមាគមន៍វិទ្យាសាស្រ្តជាតិនៃសហរដ្ឋអាមេរិច ហើយវាពិតជាមានប្រយោជន៍ណាស់ ចំពោះកុមារកម្ពុជា ក្នុងការរៀនដោះស្រាយបញ្ហា ត្រិះរិះពិចារណា មានគំនិតច្នៃប្រឌិត និងហ៊ានធ្វើការសម្រេចចិត្ត។

ចំពោះលទ្ធផល នៃការផលិតវីដេអូក្រោមប្រធានបទ STEM បន្ទាប់ពីគណៈកម្មាធិការបានដាក់ពិន្ទុយ៉ាងសុក្រឹតនោះ ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុម Sok Sambath ដោយទទួលបានពិន្ទុ ៦៧.៦៦ ចំណាត់ថ្នាក់លេខ ២ បានទៅលើ Media Communication ពិន្ទុ ៥៦.០០ និងលេខ ៣ បានទៅលើក្រុមស្រែអំបិល ពិន្ទុ ៥១.៥៥។

ស្ថិតនៅក្នុងកម្មវិធីនេះដដែល លោកស្រី កុសល កណ្ណិការ តំណាងចែកចាយប្រចាំខេត្តកណ្តាល បាននិយាយថា ៖«ក្នុងនាមជាវេជ្ជបណ្ឌិត ១ រូប នាងខ្ញុំសូមជំរុញ និងលើកទឹកចិត្តឲ្យកុមារកម្ពុជាងាកមកលេងរបស់លេង ដែលបង្កើនចំណេះដឹង ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

បញ្ជាក់ផងដែរថា ក្រុមហ៊ុន Davitra (Cambodia) Co., Ltd ជាក្រុមហ៊ុនដៃគូចែកចាយផ្តាច់មុខនៅកម្ពុជា ពីក្រុមហ៊ុន Apitor Technology Co., Ltd លើផលិតផល Apitor SuperBot ដែលជាឧបករណ៍កម្សាន្ត និងសិក្សាសម្រាប់បង្កើននូវភាពអត់ធ្មត់ និងគំនិតច្នៃប្រឌិត របស់កុមារ។

សព្វថ្ងៃនេះ ក្រុមហ៊ុនមានសាខាចែកចាយចំនួន ៤ ដោយទីតាំងទី ១ នៅទីក្រុងភ្នំពេញចែកចាយដោយផ្សារអនឡាញ MYPHSAR , ទីតាំងទី ២ នៅខេត្តកណ្តាល ចែកចាយដោយគ្លីនិក Mommy Doctor ទីតាំងទី ៣ ខេត្តបាត់ដំបង ចែកចាយដោយលោក ហាង ហ៊ាហួត និងទី ៤ នៅខេត្តរតនគិរី ដោយសាលាចំណេះទូទៅកុលសម្ព័ន ហើយក៏កំពុងស្វែងរកតំណាងចែកចាយបន្តទៀត៕

អត្ថបទ៖ អ៊ឹង ម៉េងគង់