មហាសេដ្ឋីជប៉ុនលាឈប់ពីការងារ​ ត្រៀម​ខ្លួនហោះទៅឋានព្រះចន្ទ

  • 2019-09-16 08:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Yusaku Maezawa អ្នក​បណ្ដាក់​ទុន​ដ៏​ធំ​មួយ​ក្នុង​​ប្រព័ន្ធ​រ៉ុកកែត​ជំនាន់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន SpaceX គ្រោង​នឹង​លក់​ភាគ​ហ៊ុន​ ៣០% ក្នុង​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​របស់​ខ្លួន​ឈ្មោះ Zozo ទៅ​ឲ្យ​ក្រុមហ៊ុន Yahoo Japan។

លោក Maezawa នឹង​លា​លែង​តំណែង​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Zozo ជា​ថ្នូរ​នឹង​​​​​ទ្រព្យ​ ៣,៧ ពាន់​លាន​ដុល្លារ ដែល​លោក​នឹង​ទទួល​បាន​សាច់​ប្រាក់​សុទ្ធ ២,៣ ពាន់​លាន​ដុល្លារ និង​អាច​រក្សា​ទុក​ភាគ​ហ៊ុន ៦% ក្នុង​ក្រុមហ៊ុន​ដែល​ខ្លួន​បង្កើត។

លោក Maezawa បាន​និយាយ​អំពី​ការ​ជួញដូរ​នេះ នៅ​ក្នុង​សន្និសីទ​ពោរពេញ​ដោយ​មនោសញ្ចេតនា​​មួយ​​មាន​រយៈ ២ ម៉ោង ដែល​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ។ ការ​ចុះ​ផ្សាយ​របស់ Forbes បាន​និយាយ​ថា​ ការ​ចាក​ចេញ​របស់​លោក Maezawa គឺ​ជា​ហេតុផល​​ផ្ទាល់​ខ្លួន​ច្រើន​ជាង គឺ​ក្នុង​គោល​បំណង​ត្រៀម​ខ្លួន​សម្រាប់​ការ​ហោះ​ទៅ​ឋាន​ព្រះចន្ទ​នៅ​ឆ្នាំ ២០២៣ នៅ​ក្នុង​រ៉ុកកែត Starship របស់ SpaceX។

​លោក​មហាសេដ្ឋី​រូប​នេះ បាន​ប្រកាស​អំពី​គោល​បំណង​​ហោះ​ជុំវិញ​ឋាន​ព្រះចន្ទ​កាល​ពី​អំឡុង​ខែ​កញ្ញា​ ឆ្នាំ ២០១៨ ក្នុង​​ពេល​​ដែល​លោក Elon Musk នាយក​ប្រតិបត្តិ និង​ស្ថាបនិក​របស់ SpaceX បាន​ធ្វើ​បទ​បង្ហាញ​អំពី​ប្រព័ន្ធ​បាញ់​បង្ហោះ​ថ្មី។

គួរ​ដឹង​ថា​លោក Maezawa គ្រោង​នឹង​ជ្រើស​រើស​នាវិក​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះចន្ទ​ជា​មួយ​ខ្លួន​ដោយ​ផ្ទាល់​ដៃ ដែល​ក្នុង​នោះ​លោក​ចង់​រើស​យក​វិចិត្រករ, តន្ត្រីករ និង​អ្នក​ថត​ភាព​យន្ត រួម​ទាំង​សិល្បករ​ដទៃ​ទៀត និង​អវកាសយានិក​ប៉ុន្មាន​នាក់​ផង​ដែរ។

នៅ​ថ្ងៃ​ទី ២៨ កញ្ញា​នេះ លោក Elon Musk សន្យា​ថា​នឹង​ផ្ដល់​ជូន​ដំណឹង​ចុង​ក្រោយ​ជុំវិញ​កម្មវិធី​អភិវឌ្ឍន៍​គ្រាប់​រ៉ុកកែត Starship សម្រាប់​ហោះ​ទៅ​ឋាន​ព្រះចន្ទ។ លោក Elon បាន​និយាយ​កាល​ពី​ខែ​កញ្ញា​​ឆ្នាំ ២០១៨ ថា​ ត្រូវ​ចំណាយ​ពី ២ ទៅ ១០ ពាន់​លាន​ដុល្លារ ក្នុង​ការ​អភិវឌ្ឍ​ Starship ឲ្យ​មាន​ដំណើរ​ការ​បាន៕

ចុចអាន ៖​ ដឹងអត់ថា ក្នុងចំណោម៣ប្រទេស មួយណា​ចុះចតលើភពព្រះចន្ទ​ដោយ​ជោគជ័យ?

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង