ស្ថាបនិក​ផ្សារ​អនឡាញ​ថ្មី​មួយ​ប្រាប់​​មូលហេតុ​ប្រលូក​​ជំនួញ​ឌីជីថល បើទោះមានការប្រកួតប្រជែងខ្លាំង

  • 2019-09-17 03:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ទីផ្សារ​ឌីជីថល​នៅ​កម្ពុជា​ ហាក់​ដូច​ជា​កំពុង​ហក់​ឡើង​គួរ​ឲ្យ​គត់​សម្គាល់​ ដោយ​សារ​តែ​មាន​សហគ្រិន​ជា​ច្រើន​រូប​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​វិស័យ​ពី​ការ​ធ្វើ​ជំនួញ​បែប​ជីវិត​ពិត​ ទៅ​ជា​ការ​ធ្វើ​ជំនួញ​ក្នុង​ពិភព​អនឡាញ​វិញ​ម្តង​។

ក្នុង​នោះ​ លោក​ ធាប សុវណ្ណារ៉េត ក៏​ជា​មនុស្ស​ម្នាក់​ ដែល​ទើប​តែ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ទិញ​ទំនិញ​ថ្មី​មួយ​ មាន​ឈ្មោះ​ថា​ Smile Shop ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​ចាប់​ពី​អាយុ​ចាប់​ពី​ ១៨​ ឆ្នាំ​ ទៅ​ ៣៥ ឆ្នាំ​។

លោក​បាន​ប្រាប់​មក​កាន់​ Sabay ថា​មូល​ហេតុ​ដែល​លោក​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ឌីជីថល​ ព្រោះ​លោក​ចង់​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​សន្សំ​សំចៃ​ពេល​វេលា​ និង​លុយ​កាក់​របស់​ពួក​គាត់​ ហើយ​ជា​ពិសេស​នោះ​ គឺ​ ពួក​គាត់​អាច​ទិញ​ទំនិញ​ដែល​មាន​គុណភាព​ល្អ​ និង​មាន​តម្លៃ​សមរម្យ​ ដោយ​គ្រាន់​តែ​ប្រើ​ទូរស័ព្ទ​ដៃ​ប៉ុណ្ណោះ​។

លោក​ ធាប សុវណ្ណារ៉េត ស្ថាបនិក Smile Shop

លោក​ថា​ ៖«បេសកកម្ម​របស់​ពួក​យើង​គឺ​ចង់​ក្លាយ​ជា​អាជីវកម្ម​អនឡាញ​ ដែល​អតិថិជន​ជឿ​ជាក់​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។យើង​ចង់​ក្លាយ​ជា​អាជីវកម្ម​អនឡាញ​ ដែល​មាន​បែប​ផែន​ស្រដៀង​ទៅ​នឹង​ក្រុមហ៊ុន​ Amazon »។

ហើយ​មូល​ហេតុ​មួយ​ទៀត​ ដែល​ជំរុញ​ឲ្យ​លោក​ បង្កើត​អាជីវកម្ម​អនឡាញ​នេះ​ គឺ​ដោយ​សារ​លោក​មើល​ឃើញ​ពី​កំណើន​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ការ​ទិញ​ទំនិញ​អនឡាញ​កាន់​តែ​ច្រើន​ឡើង​ជា​លំដាប់​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ចូល​ចិត្ត​ចំណាយ​ពេល​វេលា​ជា​មួយ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ ជា​ពិសេស​គឺ​យុវវ័យ​តែ​ម្ដង​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ស្ថាបនិក​រូប​នេះ​ បាន​បញ្ជាក់​ថា​ បញ្ហា​ប្រឈម​នៅ​តែ​កើត​មាន​ឡើង​ ចំពោះ​អាជីវកម្ម​វិស័យ​អនឡាញ​ ពេល​ទើប​តែ​ចាប់​ផ្ដើម​ដំបូង​ តែ​ក្រុមហ៊ុន​របស់​លោក​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ​។

លោក​ថា​ ៖«ស្មាយិ៍សប (Smile Shop) មិន​ត្រឹម​តែ​ជា​កម្មវិធី​ទូរស័ព្ទ​ដៃ​ ដែល​អាច​ឲ្យ​អតិថិជន​ទិញ​ទំនិញ​មាន​គុណភាព​ល្អ​នោះ​ទេ​ តែ​វា​ក៏​ជា​កម្មវិធី​ទូរស័ព្ទ​ដៃ​ទី​ ១ ដែល​ផ្ដល់​បទពិសោធន៍​ទិញ​ទំនិញ​ល្អ​ ងាយ​ស្រួល​ និង​រហ័ស​ទាន់​ចិត្ត​។

លោក​បន្ថែម​ថា​ ៖« ពួក​យើង​ក៏​មាន​ផ្ដល់​សេវាកម្ម​ធានា​មួយ​ចំនួន​ក្រោយ​ពេល​អតិថិជន​ទិញ​ទំនិញ​នីមួយៗ​ដូច​ជា​ ,អតិថិជន​អាច​យក​ទំនិញ​មក​ប្ដូរ​យក​ថ្មី​វិញ​ក្នុង​រយៈ​ពេល​ ៧ថ្ងៃ​ ,សេវាកម្ម​សង​ប្រាក់​វិញ​ក្នុង​រយៈ​ពេល​ ១៥ ថ្ងៃ​, និង​មាន​ផ្ដល់​សេវាកម្ម​ធានា​ទៅ​លើ​គុណភាព​រហូត​ដល់​ទៅ​ ២ ឆ្នាំ​សម្រាប់​ទំនិញ​មួយ​ចំនួន​។ មាន​ន័យ​ថា​អតិថិជន​របស់​យើង​អាច​ទិញ​ទំនិញ​ដោយ​មិន​បាច់​ខ្វល់​ខ្វាយ​អ្វី​ទាំង​អស់​ជា​មួយ​ស្មាយិ៍សប (Smile Shop)»។

បញ្ជាក់​ផង​ដែរ​ថា​ អតិថិជន​ ដែល​មាន​បំណង​ជាវ​ទំនិញ​អនឡាញ​តាម​ Smile Shop  អាច​ទូទាត់​ប្រាក់​បាន​តាម​រយៈ​ AliPay, PiPay, Wing, Visa & Master Card និង​សេវាកម្ម​អនឡាញ​របស់​ធនាគារ​ ABA៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ហ្វេសប៊ុកផេក Smile Shop

អត្ថបទ៖ អ៊ឹង ម៉េងគង់