ប្រទេស​អាស៊ាន​យើង មាន​សាកលវិទ្យាល័យ​មុន​គេ​នៅ​អាស៊ី

  • 2022-12-20 12:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ​ Santo Tomas ជា​សាកលវិទ្យាល័យ​ ដែល​ចំណាស់​ជាង​គេ​នៅ​ក្នុង​ទ្វីប​អាស៊ី។ សាកលវិទ្យាល័យ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ហើយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៦១១។ សាកលវិទ្យាល័យ​មួយ​នេះ មាន​ប្រវត្តិ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង សាសនា​គ្រិស្ត​កាតូលិក សម្ដេច​ប៉ាប និង​ព្រះរាជា​អេស្ប៉ាញ។

មុន​ដំបូង​ឡើយ អាចារ្យ​កាតូលិក​នៃ​ទីក្រុង​ម៉ានីល Miguel de Benavides បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី បង្កើត​ជា​ថ្នាក់​សម្រាប់​បួស​យុវជន​ ឲ្យ​ក្លាយ​ជា​បព្វជិត​នៃ​សាសនា​គ្រិស្ត។ លុះ​នៅ​ឆ្នាំ១៦១១ ទើប​ថ្នាក់​នេះ​ លេច​ចេញ​ជា​រូបរាង​មហាវិទ្យាល័យ។ សម្ដេច​ប៉ាប Innocent X បាន​ដំឡើង​ថ្នាក់​ឲ្យ​ទៅ​ជា សាកលវិទ្យាល័យ នៅ​ឆ្នាំ១៦៤៥។ លុះ​ក្រោយ​មក​ទៀត ក៏​ប្រទាន​ងារ​ជា "សាកលវិទ្យាល័យ​សាសនា" ហើយ​ក៏​ប្រទាន​ងារ​ជា "សាកលវិទ្យាល័យ​កាតូលិក​នៃ​ហ្វីលីពីន"។

យ៉ាងណាមិញ នៅ​ឆ្នាំ១៦៨០ សាកលវិទ្យាល័យ​នេះ​ត្រូវ​បាន​ដាក់​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​ដោយ​ខ្សែ​រាជវង្ស​អេស្ប៉ាញ។ ឆ្នាំ១៧៨៥ ព្រះរាជា​អេស្ប៉ាញ​ក៏​ប្រទាន​ងារ​ជា "សាកលវិទ្យាល័យ​ភូមិន្ទ" ចំពោះ​គុណ​បំណាច់​សាលា​នេះ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​អង់គ្លេស។

សាកលវិទ្យាល័យ Santo Tomas នៅ​ឆ្នាំ១៩៤៥

វត្តមាន​ជាង ៤០០​ឆ្នាំ​ សាកលវិទ្យាល័យ Santo Tomas បិទ​ទ្វារ​តែ​ ២​ដង​ប៉ុណ្ណោះ​គឺ នៅ​ឆ្នាំ១៨៨៨-១៨៨៩ ដោយសារ​តែ​បដិវត្តន៍​ហ្វីលីពីន ប្រឆាំង​នឹង​អេស្ប៉ាញ និង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ពេល​ដែល​ជប៉ុន​ឈ្លានពាន។

សព្វថ្ងៃ​ សាកលវិទ្យាល័យ​នេះ​ បើក​បង្រៀន​មុខវិជ្ជា​ធំៗ​ចំនួន ៥គឺ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា សិល្បៈ និង​មនុស្សសាស្ត្រ វេជ្ជសាស្ត្រ និង​សុខភាព និង​សាសនា៕

ប្រភព៖ Timeshighereducation

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម