មិនធម្មតា! ចិនប្រើ Drone ឃ្លាំមើលអ្នកល្មើសច្បាប់ចរាចរណ៍ (វីដេអូ)

  • 2019-09-19 02:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ប្រទេស​ចិន​តែង​តែ​នាំ​មុខ​គេ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​​អនុវត្តន៍​ច្បាប់​ ដូច​ជា​ប្រើ​ប្រាស់​ AI និង​ប្រព័ន្ធ​ចំណាំ​ផ្ទៃ​មុខ​ ដើម្បី​​វែក​រក​មុខ​ជនល្មើស​​ពី​ចម្ងាយ​ជា​ដើម។

ពេល​នេះ​សមត្ថកិច្ច​ចិន​ ថែម​ទាំង​បាន​ប្រើ​ប្រាស់​រ៉ូបូត និង​ Drone ដើម្បី​​​ត្រួត​ពិនិត្យ​ចរាចរណ៍ និង​ព្រមាន​ដល់​អ្នក​ដែល​ល្មើស​នឹង​ច្បាប់​ទៀត​ផង។ ជាក់​ស្ដែង​ដូច​បាន​ឃើញ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ គឺ​ Drone ដែល​កំពុង​ហោះ​លើ​​មេឃ បាន​​បញ្ចេញ​សំឡេង​ថា ៖ "យើង​គឺ​ជា​​ប៉ូលិស​ចរាចរណ៍​​ក្រុង Putian! បុរស​សង្ហា​ដែល​ជិះ​ម៉ូតូ​អូតូ​​ពណ៌​ខ្មៅ ពាក់​អាវ​ពណ៌​បៃតង​ចាស់ និង​វ៉ែនតា​ សូម​មេត្តា​ពាក់​មួក​សុវត្ថិភាព​​”។

តាម​ការ​ចុះ​ផ្សាយ​របស់​ Beebom វីដេអូ​នៃ​ហេតុការណ៍​នេះ ទទួល​បាន​ការ​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​សង្គម​ចិន Weibo និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពលរដ្ឋ​ជា​ច្រើន​នាក់។ បង្ហោះ​ត្រឹម​​៤ ម៉ោង វា​អាច​ទាក់ទាញ​អ្នក​ចូល​មើល ៣៤ លាន​ដង​ឯណោះ។

គេ​ដឹង​ថា​ Drone ក្នុង​វីដេអូ​គឺ​គ្រប់​គ្រង​ដោយ​ស្នងការ​ប៉ូលិស​ខេត្ត​ Fujian ដោយ​ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​មុន គឺ​មាន​ Drone ចំនួន​ពីរ​ ហោះ​ល្បាត​នៅ​លើ​ដង​ផ្លូវ​ក្នុង​ខេត្ត​ Fujian។ Drone ទាំង​ពីរ​បាន​​ឃ្លាំ​មើល​​ករណី​ល្មើស​ច្បាប់​ចរាចរណ៍​បាន​ ២​១៨៤ ករណី។

Drone ម៉ាក​ DJI ទាំង​ពីរ អាច​ហោះ​ហើរ​បាន​កម្ពស់​ ៥០ ម៉ែត្រ ពី​មុខ​សញ្ញា និង​ហោះ​បាន ៣០ នាទី។ បច្ចុប្បន្ន​ពួក​វា​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​ក្រុម​ប៉ូលិស​ដែល​មាន​សមាជិក ១០ នាក់។ គេ​ប្រើ​ប្រាស់​សម្រាប់​​ស្វែង​រក​រថយន្ត​គ្មាន​ផ្លាក​លេខ, ត្រួត​ពិនិត្យ​អ្នក​បើកបរ​ល្មើស​នឹង​ភ្លើង​ស្តុប, បើកបរ​ខុស​គន្លង និង​មិន​ពាក់​មួក​សុវត្ថិភាព៕

ចុចអាន ៖ Facebook ​គ្រោង​ផលិត​វ៉ែនតា​ឆ្លាតវៃ ​អាច​ធ្វើ​ការ​ហៅ​ចេញ​ចូល​ដូច​ស្មាតហ្វូន

ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម