លុយច្រើនមែន​ តែ​ជីវិតទិនហ្វី​ឯកាបំផុត ឯសុខភាពកាន់តែខ្សោយ​ទៀត

  • 2019-09-20 03:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាល់​ពេល​រម្លឹក​ដល់​ឈ្មោះ​ ទិនហ្វី​ នោះ​​ប្រាកដ​ជា​មាន​អ្នក​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​ ពិសេស​អ្នក​ស្នេហា​វិស័យ​ភាពយន្ត​ចិន​បែប​កំប្លែងៗ។ ជាង​ ៣០​ឆ្នាំ​ទៅ​ហើយ​ដែល​តារា​ប្រុស​រូប​នេះ​សាង​ស្នាដៃ​រាប់​មិនអស់​លើ​វិថី​សិល្បៈ រហូត​ទទួល​ជោគជ័យ​លើស​លប់​ ទាំង​អាជីព​ជាតារា​សម្ដែង​ និង​អ្នក​ដឹកនាំរឿង។

មក​ដល់​ពេល​នេះ​ ទិនហ្វី​ ដែល​មាន​ឈ្មោះ​ពិត​ Stephen Chow មាន​អាយុ​ ៥៧ឆ្នាំ​ហើយ​ ដូចនេះ​បើ​គិត​ពី​ភាព​ល្បីល្បាញ​ និង​លុយ​ដែល​សន្សំ​បាន​ពីការងារ​សិល្បៈ​រយៈ​ពេល​ដ៏​សែន​យូរ​នេះ​ក៏​មិន​តិច​ដែរ។

តាមពិត​ទៅ​ត្បិត​មាន​អាយុ​ ក្បែរ​៦០​ក៏ពិត​មែន​ ប៉ុន្តែ​សភាព​លោក​នៅ​ពេល​នេះ​ប្រៀប​ដូច​តាចាស់​ងាយុ​ ៧០ប្លាយ សក់​វិញ​ឡើង​ស​ស្គុះ​រឹត​តែ​ធ្វើ​ឲ្យ​លោក​មើល​ទៅ​កាន់​តែ​ជរា។ មូលហេតុ​ពីក្រោយ​ មនុស្ស​ជា​ច្រើន​ជឿ​ជាក់​ថា​ ក៏ដោយសារ​លោក​បរិច្ចាគ​ខួរ​ឆ្អឹង​ ទើប​សុខភាព​លោក​ប្រែ​ជា​ទ្រុឌទ្រោម​បន្តិច និង​មិន​អាច​ទទួល​ការងារ​សម្ដែង​បាន​ដូចមុន។

អ្វី​ដែល​កាន់​តែ​ព្រួយបារម្ភ​នោះ​ សុខភាព​របស់​ទិនហ្វី​ពេលនេះ​កាន់​តែ​ខ្សោយ​ ហើយ​លោក​មិន​រវីរវល់​នឹង​រក​ការ​ព្យាបាល​ទៀត។ ងាក​ទៅ​រក​ជីវិត​ស្នេហា​វិញ​ក៏​ត្រូវ​រលត់​សូន្យឈឹង​ទៀត រហូត​ធ្វើ​ឲ្យ​ជីវិត​លោក​ពេល​នេះ​កំព្រា​ឯកា​ រស់​នៅ​តែ​ម្នាក់​ឯង​គត់ ធ្វើអ្វីគ្រប់យ៉ាង និងទៅណាមកណាក៏តែឯង គ្មាន​ប្រពន្ធ​ គ្មានកូន សូម្បី​មិត្តជិតស្និទ្ធ​ក៏អត់​ទៅ​ទៀត។

ការ​រស់​នៅ​របស់​លោក​បែប​នេះ​ ថ្វីត្បិត​ឯកា​ តែ​លោក​ពេញ​ចិត្ត​ ហើយ​ក៏​មិន​ចង់​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកណា​ទៀត​ដែរ។ បើ​តាម​ប្រភពព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នាពេល​កន្លងមក​ Stephen មាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​ ៨២លានដុល្លារ។ ចំណូល​ដែល​បាន​នេះ​ លោក​ក៏​ត្រូវ​យក​ទៅ​ចំណាយ​ក្នុង​ការ​មើល​ថែ​ម្ដាយ​ និង​បងប្អូន​ស្រី​របស់​លោក​ ក៏ដូចជា​បរិច្ចាគ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ផ្សេងៗ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី