គួរ​តែ​គាំទ្រ​ហើយ ភាពយន្ត​ភាគ​ខ្មែរ​មួយ​នេះ​មាន​បញ្ចូល​សិល្បៈ​ល្ខោនខ្មែរ ត្រៀម​បញ្ចាំង​ចុង​ឆ្នាំ​នេះ​ហើយ

  • 2019-09-20 09:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ភាគ​ខ្មែរ​មួយ​រឿង ដែល​បាន​ដាក់​បញ្ចូល​ជា​លើក​ដំបូង​នូវ​សិល្បៈ​ល្ខោន​របស់​ខ្មែរ ត្រៀម​នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​បាន​ទស្សនា​នៅ​ចុង​ឆ្នាំ​នេះ​ហើយ។ នេះ​បើ​តាម​ព័ត៌មាន​ពី PNN ​ស្ថានីយ​ទូរទស្សន៍​មួយ ដែល​ឈាន​មុខ​គេ​បង្អស់​លើ​វិស័យ​ភាពយន្ត​ភាគ​ខ្មែរ​ល្បី​ៗ និង​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ភាពយន្ត​នោះ ត្រូវ​បាន​ឲ្យ​ដឹង​ចំណង​ជើង​ថា "តួ​គេ ខ្ញុំ​សម្ដែង" ដែល​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​របស់​កម្ពុជា​ជា​ច្រើន។ ចាប់​អារម្មណ៍​ទៅ​លើ​ចំណង​ជើង​នៃ​ខ្សែ​ភាពយន្ត​ភាគ​ខ្មែរ​មួយ​នេះ មាន​លក្ខណៈ​ខុស​ពី​រឿង​ដទៃ​បន្តិច ដែល​ទស្សនិកជន​អាច​នឹង​មាន​ការ​ងឿង​ឆ្ងល់​អំពី​ដំណើរ​សាច់​រឿង​មួយ​នេះ។

ជា​ការ​ពិត​ណាស់ ស្ទើរ​តែ​គ្រប់​សាច់​រឿង គឺ​មាន​លាយ​ឡំ​ស្នេហា មនោសញ្ចេតនា កម្សត់ សើច​សប្បាយ ប៉ុន្តែ​សម្រាប់​សាច់​រឿង​ថ្មី​ដែល​ភីអិនអិន​ទើប​តែ​ផលិត​បាន​មួយ​នេះ គឺ​មាន​ការ​បញ្ចូល​នូវ​ការ​សម្ដែង​ជា​ទម្រង់​ល្ខោន មាន​ទាំង​ពាក្យ​ពេចន៍ និង​ការ​តុបតែង​សំលៀក​បំពាក់​ជា​លក្ខណៈ​ប្រពៃណី​បុរាណ​យ៉ាង​ឥត​ខ្ចោះ ទៅ​តាម​បែប​ផែន​នៃ​សិល្បៈ​របស់​ខ្មែរ​ដែល​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ នេះ​បើ​តាម​ប្រភព​ពី PNN។

ប្រភព​បន្ត​ថា ហេតុផល​ផ្សេង​ទៀត គឺ​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ទៅ​ដល់​បណ្ដា​អ្នក​គាំទ្រ ជា​ពិសេស​ក្មេង​ៗ​ជំនាន់​ក្រោយ​ឱ្យ​បាន​ឃើញ និង​ចង​ចាំ​អ្វី​ដែល​ជា​កេរ​ដំណែល​របស់​ខ្មែរ​ពិត​ៗ។ បន្ថែម​ជាមួយ​គ្នា​នេះ​ដែរ ជា​ការ​រួម​ចំណែក​ជាមួយ​សង្គម​ជាតិ ខ្សែ​ភាពយន្ត​ដ៏​ថ្មី​ស្រឡាង​មួយ​នេះ ​ថែម​ទាំង​បាន​ចូល​រួម​បង្កើត​ជា​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់​សង្គម​ផង​ដែរ។

ក្នុង​នោះ ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ដែល​ត្រូវ​បាន​ផលិតករ និង​អ្នកនិពន្ធ​ជ្រើសរើស​យក​មក​សម្ដែង​នោះ គឺ​មាន​ពីរ​ប្រភេទ (ល្ខោន​បាសាក់ និង​យីកេ) ដែល​មាន​ការ​ដក​ស្រង់​ចេញ​ពី​រឿង "ស័ង្ខ​សិល្ប៍ជ័យ" និង​រឿង "ទុំទាវ"។ លើស​ពី​នេះ​ទៀត ក៏​មាន​អម​ទៅ​ដោយ​ដំណើរ​សាច់​រឿង​បែប​ត្រកូល​រាជវង្ស ការ​ស្នង​មរតក និង​ឈុត​ឆាក​កំប្លុកកំប្លែង​ជា​ច្រើន​ទៀត។ តួ​យ៉ាង ដូច​ជា​តួឯក​ប្រុស លោក អេតវីន ដែល​តម្រូវ​ឱ្យ​សម្ដែង​ជា​តួអង្គ​ពីរ​ផ្សេង​គ្នា គឺ​តួ​អង្គ អ្នក​លេង​ល្ខោន​ផង និង​តួអង្គ​ព្រះអង្គ​ម្ចាស់​ផង ជាមួយ​នឹង​តួឯក​ស្រី តារា​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត។

យ៉ាង​ណា​មិញ សូម​ទស្សនិកជន​កុំ​ភ្លេច​រង់ចាំ​ទស្សនា ដំណើរ​សាច់​រឿង​ថ្មី គ្រប់​រសជាតិ គ្រប់​រូប​ភាព និង​បាន​ផ្លាស់​ប្តូរ​អារម្មណ៍​ជាមួយ​ឈុត​សិល្បៈ​បុរាណ​ខ្មែរ​ទាំង​ពីរ​ទម្រង់​នេះ ដែល​មាន​ក្នុង​រឿង "តួ​គេ ខ្ញុំ​សម្ដែង" នឹង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ផ្សាយ​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​មាន​តែ​មួយ​គត់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន៕

អត្ថបទ៖ ទារិកា