ភ្ញាក់ផ្អើល! បុរសម្នាក់លង់ទឹកស្លាប់ ក្រោយសុំមិត្តស្រីរៀបការក្រោមបាតសមុទ្រ

  • 2019-09-23 02:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​អាមេរិក​ម្នាក់​មក​ពី​រដ្ឋ Louisiana បាន​លង់​ទឹក​ស្លាប់​ក្រោយ​ពេល​ដែល​សុំ​មិត្ត​ស្រី​រៀប​ការ​ក្រោម​បាត​សមុទ្រ​ក្នុង​អំឡុង​ដំណើរ​កម្សាន្ដ​វិស្សមកាល​នៅ​ប្រទេស​តង់ហ្សានី។

យោង​តាម​របាយការណ៍​ក្នុង​តំបន់​ឲ្យ​ដឹង​ថា​លោក Steven Weber និង​មិត្ត​ស្រី Kenesha Antoine បាន​ស្នាក់​នៅ​លើ​កោះ Pemba នៃ​ឆ្នេរ​ភាគ​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក។ ខណៈ​ពេល​ដែល​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ មាន​បន្ទប់​គេង​កញ្ចក់​ក្រោម​សមុទ្រ លោក Steven បាន​ជ្រមុជ​ទឹក​ជាមួយ​ក្រដាស​ដែល​មាន​សរសេរ​ពាក្យ​សុំ​មិត្ត​ស្រី​រៀប​ការ មុន​ពេល​ដែល​ដក​ចិញ្ចៀន​ចេញ​មក​បង្ហាញ។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​មិត្ត​ស្រី ឆ្លើយ​តប​ថា​យល់​ព្រម​រៀប​ការ​ជាមួយ​ខ្លួន លោក Steven បាន​លង់​ទឹក​ស្លាប់​ដោយ​សារ​មិន​អាច​ងើប​ចេញ​ពី​ទឹក​វិញ​បាន​ក្នុង​ជម្រៅ​ជិត ១០​ម៉ែត្រ។

ហេតុការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម​ក្រោយ​ពេល​ដែល​មិត្ត​ស្រី​បង្ហោះ​វីដេអូ​នៃ​ហេតុការណ៍​ទាំង​ស្រុង។ ជាមួយ​គ្នា​ដែរ នាយក​ប្រតិបត្តិ​នៃ​រីហ្សត បាន​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​លោក Steven។

គួរ​បញ្ជាក់​ថា រីហ្សត​ដែល​ពួកគេ​ស្នាក់​នៅ​មាន​ឈ្មោះ Manta Resort ដែល​មាន​បន្ទប់​ក្រោម​ទឹក​ប្រមាណ​ជា ១០​ម៉ែត្រ​ស្ថិត​នៅ​ចម្ងាយ​ជាង ២៥០​ម៉ែត្រ​ពី​ឆ្នេរ​ជាមួយ​តម្លៃ​ស្នាក់​នៅ​ប្រហែល ១ ៧០០​ដុល្លារ​ក្នុង​មួយ​យប់៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ រ័ត្ន