លួច​រៀន​ខ្លួន​ឯង​សោះ កូន​កំលោះ ខាត់ សុឃីម ទំនង​អាច​ស្នង​សិល្បៈ​បុរាណ​ពី​ម្ដាយ ដោយ​ចេះ​លេង​ឃឹម​យ៉ាង​ពីរោះ

  • 2019-09-26 08:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​កំលោះ​របស់ ខាត់ សុឃីម ឈ្មោះ បញ្ញា​ស្កាយ យសសក្ដិ ហៅ "ស្កាយ" បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ក្រោយ​ពី​រូប​គេ​បាន​បញ្ចេញ​សមត្ថភាព​លេង​ភ្លេង​បុរាណ​មួយ​ប្រភេទ​ហៅ​ថា "ឃឹម" បាន​យ៉ាង​ពីរោះ ដូច​ទៅ​នឹង​ម្ដាយ​កាល​ពី​អតីត​ដូច្នេះ​ដែរ។

គិត​មក​ដល់​ឆ្នាំ​នេះ បញ្ញា​ស្កាយ យសសក្ដិ មាន​អាយុ ១៤ឆ្នាំ​ហើយ ហើយ​តាម​ម្ដាយ​របស់​គេ គឺ​មិន​ចង់​ឲ្យ​កូន​ប្រុស​ងប់​នឹង​ភ្លេង​បុរាណ​នេះ​ប៉ុន្មាន​ទេ បើ​ទោះ​ខ្លួន​ជា​ពូជពង្ស​អ្នក​សិល្បៈ​បុរាណ​ក៏​ដោយ។ ហេតុផល​តែ​មួយ​គត់ ខាត់ សុឃីម ប្រាប់​ថា អ្នក​នាង​ខ្លាច​គេ​ប៉ះពាល់​ដល់​ការ​រៀន​សូត្រ​របស់​គេ។ តែ​យ៉ាង​ណា ដោយ​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​បុរាណ​ស្រាប់ ផ្សំ​នឹង​និស្ស័យ​មិន​អាច​កាត់​ផ្ដាច់​បាន ….ចេះ​តែ​ឆ្លៀត​រៀន​លេង​ដោយ​ខ្លួនឯង រាល់​ពេល​ទំនេរ​ពី​ការ​សិក្សា។

ដោយ​ការ​ខិត​ខំ​ខ្លួន​ឯង​ផង និង​បាន​ការ​ជួយ​បង្រៀន​តិច​តួច​ពី​ពូ​របស់​គេ​ផង ចុង​ក្រោយ រូប​គេ​ក៏​អាច​លេង​បាន​ប៉ុន្មាន​បទ។“និយាយ​ពី​ដុង គឺ​ដុង​មែន គឺ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​លេង​ទេ ខ្លាច​ប៉ះពាល់​ដល់​ការ​រៀន ប៉ុន្តែ​អត់​ទេ ឲ្យ​តែ​ទំនេរ គឺ​គេ​ឆ្លៀត​រៀន គឺ​រៀន​ដោយ​អត់​គ្រូ​តែ​ម្ដង...ឥឡូវ​មាន​អី​គេ​បាន​របស់​គេ​ដែរ​តើ"។ ខាត់ សុឃីម ថ្លែង។

ដូច​នឹង​ការ​អះអាង​របស់​ម្ដាយ ស្កាយ ត្រូវ​បាន​គេ​ឃើញ​លេង​ឧបករណ៍​បុរាណ​មួយ​ប្រភេទ ហៅ​ថា "ឃឹម" ដែល​វីដេអូ​នេះ បាន និង​កំពុង​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម ក៏​ព្រោះ​តែ​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​ទំនើប​ភ្ញាក់​ផ្អើល ព្រម​ទាំង​សមត្ថភាព​របស់ ស្កាយ។ បទ​ដែល​រូប​គេ​លេង ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម​រសៀល​នេះ គឺ​បទ "សំពោង​ក្លាយ"។

មិន​ត្រឹម​តែ​ចេះ​លេងឧបករណ៍ ឃឹម ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​ម្ដាយ រូប​គេ​ចេះ​លេង​ស្គរ និង​ឧបករណ៍​ភ្លេង​បុរាណ​ជា​ច្រើន​ទៀត។ តោះ...ទស្សនា​សមត្ថភាព និង​ទេពកោសល្យ​របស់​កូន​កំលោះ ខាត់ សុឃីម ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា