OnePlus 7T និង 7 Pro ខុស​គ្នា​ត្រង់​ចំណុច​ណា​ខ្លះ?

  • 2019-10-01 06:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


OnePlus 7T បាន​ប្រកាស​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ហើយ​ទទួល​បាន​​ចំណាប់​អារម្មណ៍​ជា​ច្រើន​។ ទូរសព្ទ​នេះ​បង្កើត​ឡើង​ ដើម្បី​ជំនួស​ឲ្យ​ OnePlus 6T ដែល​ប្រកាស​កាល​ពី​ឆ្នាំ​មុន។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ OnePlus 7T មាន​ចំណុច​ស្រដៀង​នឹង 7 Pro ខ្លាំង ហើយ​ថែម​ទាំង​មាន​ចំណុច​ល្អ​ជាង​ 7 Pro ទៀត​ផង។ ទាំង​នេះ​ជា​ចំណុច​ខុស​គ្នា​រវាង​ទូរសព្ទ​ទាំង​ពីរ៖

អេក្រង់

​​OnePlus 7T ភ្ជាប់​មក​ជាមួយ​នឹង​អេក្រង់​ AMOLED ៩០ Hz ដូច​ 7 Pro ដែរ ប៉ុន្តែ​វា​មាន​អេក្រង់​រាប បង្ហាញ​បាន​កម្រិត FHD+ ​និង​មាន​ក្បាល​ឆក​តូច​នៅ​ខាង​មុខ ផ្ទុយ​ពី 7 Pro ដែល​អេក្រង់​កោង​នៅ​គែម គ្មាន​ក្បាល​ឆក និង​បង្ហាញ​ក្នុង​កម្រិត QHD+ ។

កម្លាំង​ម៉ាស៊ីន

OnePlus 7T ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 855+ ថ្មី​ ដែល​មាន​ល្បឿន​លឿន​ជាង​ 855 ចំនួន ១៥%។ ប៉ុន្តែ​ក្នុង​ការ​ធ្វើ​តេស្ត​ទូរសព្ទ​ទាំង​ ២ ពុំ​មាន​លឿន​ខុស​គ្នា​ប៉ុន្មាន​ទេ។

កាមេរ៉ា

OnePlus 7 Pro និង 7T មាន​កាមេរ៉ា ៣ គ្រាប់​និង​ប្រើប្រាស់ sensor ដូច​គ្នា​បេះ​បិទ ប៉ុន្តែ 7T មាន​រចនា​បថ​កាមេរ៉ា​ជា​រង្វង់​ ហើយ​ថែម​ទាំង​ភ្ជាប់​មុខងារ Macro សម្រាប់​ថត​រូបភាព​ជិត​ខ្លាំង ដែល​ពុំ​មាន​នៅ​លើ 7 Pro។

Super Macro Mode
រូប​គំរូ

ថ្ម​និង​បច្ចេកវិទ្យា​សាក​លឿន

7T មាន​ថ្ម​ទំហំ​ត្រឹម​តែ ៣៨០០ mAh តូច​ជាង​ 7 Pro ដែល​មាន​ ៤០០០ mAh ប៉ុន្តែ OnePlus បាន​ដាក់​បច្ចេកវិទ្យា​សាក​លឿន​ថ្មី​ឈ្មោះ​ថា Warp Charge 30T ។ បច្ចេកវិទ្យា​នេះ​អាច​សាក​បាន​ក្នុង​ល្បឿន​ ៣០ វ៉ាត់​ដូច​មាន​នៅ​លើ 7 Pro ដែរ ប៉ុន្តែ​ OnePlus បាន​ធ្វើ​ការ​កែ​សម្រួល​ ដើម្បី​ឲ្យ​វា​រក្សា​ភាព​ត្រជាក់​ពេល​សាក​និង​លឿន​ជាង​មុន​បន្តិច។

OnePlus 7T នឹង​ដាក់​លក់​ក្នុង​តម្លៃ ៦០០ ដុល្លារ​ មាន​ ២ ពណ៌​ ដូចជា ពណ៌​ប្រាក់់​និង​ពណ៌​ខៀវ រីឯ​ 7 Pro ផ្ដើម​ក្នុង​តម្លៃ ៦៧០ ដុល្លារ

អត្ថបទ៖ អ៊ឹម ដេវីដ