សហព័ន្ធ​កីឡា​ការ៉ាតេ​ បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ជាតិ​ ២០១៩​ ព្រឹក​នេះ​ហើយ​

  • 2019-10-03 08:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ បើក​យុទ្ធនាការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិរបស់​ខ្លួន​ព្រឹក​មិញ​នេះ​ហើយ ​នៅ​ឯ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ខណៈ​ការ​ប្រកួត​ធ្វើ​ឡើង​រយៈ​ពេល​៣ថ្ងៃ​ទើប​បញ្ចប់។​

ទិដ្ឋភាពបើកកម្មវិធីព្រឹកមិញ

លោក​ ឡាច​ ច័ន្ទដារ៉ា​ អគ្គលេខាធិការ​រង​សហព័ន្ធ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​នេះ​ គឺ​មាន​កីឡាករ​ កីឡា​ការិនី​ រួម​និង​គណៈប្រតិភូ​សរុប​ទាំង​អស់​ ១៦៦នាក់​ចូលរួម។​ ក្នុង​នោះ​កីឡាករ​មាន​ចំនួន​ ៨៦នាក់​ និង​កីឡា​ការិនី​មាន​ ៣៥នាក់​ មក​ពី​២១​ក្លឹប។​

ទិដ្ឋភាពបើកកម្មវិធីព្រឹកមិញ

ឯកឧត្ដម​ លឹម​ គានហោ​ អនុប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ការ​ប្រកួត​នេះ​គឺ​ជា​ការ​វាស់​ស្ទង​សមត្ថភាព​ ប្រាជ្ញា​ស្មារតី​ និង​ជ្រើសរើស​អ្នក​ខ្លាំង​ពិតប្រាកដ​ ដូច្នេះ​កីឡាករ​ចូលរួម​ទាំង​អស់​ត្រូវ​ខំប្រឹង​ប្រែង​ប្រកួត។​ បន្ទាប់​ពី​នេះ​ទៀត​នោះ​សិស្ស​គុន​ការ៉ាតេ​ទាំង​អស់​ត្រូវ​ពង្រឹង​សមត្ថភាព​ ខំ​ប្រឹង​ហាត់​ និង​យក​ចិត្ត​ទុក​ដាក់ឲ្យ​ខ្លាំង​មែន​ទែន​ ក្នុង​ការ​បង្កើន​សមត្ថភាព​ដើម្បី​ឈាន​ទៅ​រកភាពជោគជ័យ​លើ​ឆាក​អន្តរជាតិ​ដូច​ប្រភេទ​កីឡា​ផ្សេង​ៗ ជា​ពិសេស​នៅ​ព្រឹត្តិការ​ធំៗ​ដូច​ជាជើងឯកអាស៊ីលើកទី៩ នៅហ្វីលីពីន ឆ្នាំ​២០២​០​ និងនៅស៊ីហ្គេម​ ២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ច្ចាស់ផ្ទះជា​ដើម។​

ទិដ្ឋភាពបើកកម្មវិធីព្រឹកមិញ

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​កីឡា​ការ៉ាតេ​ ឆ្នាំ​២០១៩​ នេះ​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៣​ ដល់​ទី៦​ ខែ​តុលា​ ២០១៩​ នៅ​ក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​