ឡៅ​ ចន្រ្ទា​ វេន​ សុភ័ក្រ​ ឈ្នះ​ផុយៗ​ ខណៈ​ ឡុង​ សំណាង​ គង់​ សំបូរ ​៥ទឹក​ពេញ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​

  • 2019-10-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បើក​ឆាក​ថ្ងៃ​ទី១​ ជើងឯក​ថ្នាក់​ជាតិ​ម្សិលមិញ​នេះ​ជើង​ខ្លាំង​ ឡៅ​ ចន្រ្ទា​ និង​ វេន​ សុភ័ក្រ​ ឈ្នះ​ផុយៗ​ក្នុង​ទឹក​ទី១​ ខណៈ​ ឡុង​ សំណាង​ និង​ គង់​ សំបូរ​ វ៉ៃ​គ្នា​ពេញ​៥ទឹក​ទម្រាំ​អាច​រក​អ្នក​ឈ្នះ​ឈាន​ទៅ​វគ្គ​បន្ត។​

វេន​ សុភ័ក្រ

**កីឡាករ​ វេន​ សុភ័ក្រ​ ប៉ះ​ វ៉ាន់​ ចំរើន៖​**

អ្នក​ទាំង​ពីរ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ សម្រាប់​ វេន​ សុភ័ក្រ​ តំណាង​ឲ្យ​ក្រសួង​ការពារ​ជាតិ​ ខណៈ​ វ៉ាន់​ ចំរើន​ តំណាង​ខេត្ត​រតនគីរី។​ គូ​នេះ​អ្នក​ប្រដាល់​ វេន​ សុភ័ក្រ​ ទាត់​ចូល​ប៉ុន្មាន​ជើង​ប៉ុណ្ណោះ​ក្នុង​ទឹក១​ ធ្វើ​ឲ្យ​ដៃគូ​ចុក​ឆ្អល់​បោះបង់​ការ​ប្រកួត​តែ​ម្ដង។​

ឡៅ​ ចន្រ្ទា​

កីឡាករ​ ឡៅ​ ចន្រ្ទា​ ប៉ះ​ នួន​ ណាក់​(ពុយ​ វណ្ណៈ)៖​

កីឡាករ​ទាំង​ពីរ​នាក់​នេះ​ប្រកួត​លើ​ទម្ងន់​៦៧​គីឡូក្រាម។​ ចន្រ្ទា​ ប្រកួត​តំណាង​ឲ្យ​ក្រសួង​ការពារ​ជាតិ​ ខណៈ​ វណ្ណៈ​ ត្បូងឃ្មុំ។​ គូ​នេះ​ក៏​មិន​ខុស​ពី​គូ​ខាង​លើ​នេះ​នោះ​ដែរ​ ពោល​ ចន្រ្ទា​ មិន​ទាន់​ប្រឹង​ផង​ កីឡាករ​ ពុយ​ វណ្ណៈ​ សន្លប់​ដោយ​សារ​ជង្គង់​បោះ​ទៅ​ហើយ។​

ឡុង​ សំណាង​ ពេលឈ្នះ គង់ សំបូរ

ឡុង​ សំណាង​ ប៉ះ​ គង់​ សំបូរ៖​

ជើង​ខ្លាំង​គុន​ខ្មែរ​ទាំង​ពីរ​រូប​នេះ​ ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម។​ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​នាក់​នេះ​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​តែ​ម្ដង​ ពោល​បញ្ចេញ​ស្នៀត​ ឬ​បុក​គ្នា​ទៅ​វិញ​ទៅ​មក​ពេញ​៥ទឹក​ទម្រាំ​រក​ឃើញ​អ្នក​ឡើង​ទៅ​ជុំ​បន្ទាប់។​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ពេញ​៥ទឹក​នោះ​ ពិន្ទុ​ហាក់​ប្រកៀកប្រកិត​គ្នា​មែនទែន​ ប៉ុន្តែ​យ៉ាង​ណា​ជ័យជម្នះ​បាន​លើ​ ឡុង​ សំណាង។​

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​នេះ​ធ្វើ​ឡើង​រយៈពេល​៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០១៩​ ដល់​ថ្ងៃ​ទី១១​ តុលា។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ឯ​ស្តាតចាស់។​ ប្រកួត​បើក​ឆាក​ម្សិលមិញ​នេះ​មាន​ ១៨​គូ៕​

អត្ថបទ៖ នួន ស៊ីណា​