គម្រោងកន្ត្រកវិលខ្នាតយក្សតម្លៃជាង ៧លានដុល្លារ នៅសៀមរាប កំណត់ពេលជាក់លាក់ដំណើរការ
- 2019-10-11 03:55:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងកន្ត្រកវិលខ្នាតយក្សតម្លៃជាង ៧លានដុល្លារ នៅសៀមរាប កំណត់ពេលជាក់លាក់ដំណើរការ
ចន្លោះមិនឃើញ
កន្ត្រកវិលកម្ពស់ ៨៥ ម៉ែត្រ នៅខេត្តសៀមរាប ដែលត្រូវសាងសង់ដោយក្រុមហ៊ុនជប៉ុនមួយនៅខេត្តសៀមរាប គ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។ នេះបើតាមតំណាងក្រុមហ៊ុនបានប្រាប់ sabay ។
គម្រោងកន្ត្រកវិលយក្សតម្លៃជាង ៧ លានដុល្លារនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក ដោយក្រុមហ៊ុន ក្រុមហ៊ុន Angkor Eye Co.,Ltd គ្រោងនឹងដាក់ឱ្យដំណើរការនៅចន្លោះថ្ងៃទី២០ ឬ ២៥ ខែធ្នូរ ឆ្នាំ២០១៩ខាងមុន។ តំណាងក្រុម ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា បច្ចុប្បន្ននេះ ការសាងសង់កន្ត្រកវិលនេះសម្រេចបានច្រើនភាគរយហើយ និងត្រៀមដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ជិះកម្សាន្តក្នុងពេលឆាប់ៗនេះ។
យ៉ាងណាមិញយោងតាមទំព័រហ្វេសបុកឈ្មោះ BOX VILLE - Siem Reap ដែលត្រូវបានគេដឹងថា ជាទំព័រផ្លូវការរបស់ក្រុមហ៊ុនក៏បានបញ្ជាក់ពីការដាក់ឱ្យដំណើរឆាប់ៗនេះដែរ។ “កន្ត្រកវិល (Ferris Wheel) ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅព្រះរាជាណាច្រកកម្ពុជា និងសាង់សង់រួចរាល់ក្នុងឆ្នាំនេះនៅផ្សារនិងសួនកម្សាន្តបកស៍ វីល ដែលស្ថិតនៅក្នុងខេត្តសៀមរាប!”។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍ផ្នែកឯកជនបាន ចាត់ទុកនេះគឺជាផលិតទេសចរថ្មីមួយទៀត សម្រាប់ខេត្តសៀមរាប ដែលត្រូវបានចាត់ទុកជាខេត្តប៉ូលទេសចរដ៏សំខាន់របស់កម្ពុជា ។ភ្ញៀវជាច្រើនមកលេងខេត្តសៀមរាបរមែងចង់ឃើញ និងទទួលសេវាកម្មប្លែកៗបន្ថែម។ ដូច្នេះនេះជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងសេវាកម្មទេសចរកម្ពុជា។
លោកចង់ឃើញការបង្កើតនូវផលិតផលទេសចរថ្មីៗជាច្រើនទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កន្ត្រកវិលនេះ មានទីតាំងស្ថិតនៅក្នុងបរិវេណផ្សារ Box Vill នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ពោលគឺស្ថិតនៅខាងកើតមជ្ឈមណ្ឌលភូមិវប្បធម៌ នៃក្រុងសៀមរាប ខេត្តសៀមរាបតែម្ដង។
លោក Takeyoshi Shinomiya ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Angkor Eye Co.,Ltd បានថ្លែងតាមរយៈសន្ទរកថា ក្នុងឱកាសបើកការដ្ឋានសាងសង់កាលពីពេលកន្លងមកថា គម្រោងកន្ត្រកវិល Angkor Eye មានកម្ពស់ខ្ពស់បំផុតនេះ អាចមើលឃើញទេសភាពស្រែចម្ការដ៏ស្រស់ស្អាត ហើយកន្ត្រកសណ្ដោងទាំងអស់សុទ្ធតែបំពាក់ដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលអាចផ្ទុកមនុស្សចំនួន ១៩២ នាក់ ប្រកបដោយផាសុកភាព និងមានរយៈពេល ១៨នាទី ក្នុង១ជុំ។
លោក Takeyoshi Shinomiya បានបន្ថែមថា កន្ត្រកវិលនេះ ត្រូវបានដឹកជញ្ជូនមកពីប្រទេសជប៉ុនពីឆ្នាំមុន តាមរយៈទូរកុងតឺន័រ ៨៥ទូរ និងត្រូវបានតុបតែងកែលម្អពេលយកមកដល់ ហើយមានលក្ខណៈពិសេសប្លែក ដែលត្រូវបានផលិត និងបង្កើតឡើងជាមួយរូបសណ្ឋានមានលក្ខណៈលម្អិតដ៏កម្រ ក្នុងចំណោមកន្ត្រកវិលទាំង ១៤០ ក្នុងប្រទេសជប៉ុន។ ចំណុចពិសេសមួយទៀត កន្ត្រកវិល នេះ ត្រូវបានផលិតឡើងដោយធន់ជាមួយនឹងលក្ខខណ្ឌអាកាសធាតុ ដូចជា កម្លាំងខ្យល់ និងភ្លៀងខ្លាំង ឬស្ថានភាពដីលំបាកពាក់ព័ន្ធនឹងតំបន់ប្រឈមនឹងគ្រោះរញ្ជួយផែនដី។
ទន្ទឹមនឹងចំណុចពិសេសខាងលើនេះ កន្ត្រកមានទម្ងន់រហូតដល់ទៅ ៦១តោន ចំណែកទម្ងន់ទោងកន្ត្រកវិល សរុបមានទម្ងន់ប្រហែល ៧០០តោន។ សម្រាប់ម៉ាស៊ីនស្ទូចប្រើប្រាស់ក្នុងការងារសាងសង់នឹងត្រូវដឹកយកមកពីប្រទេសវៀតណាម ហើយបុគ្គលិកគ្រប់គ្រង និងវិស្វករ ត្រូវបានសម្រិតសម្រាំងមកពីប្រទេសជប៉ុន ដូច្នេះ យើងមានទំនុកចិត្តថា យើងនឹងបញ្ចប់គម្រោងសាងសង់នេះនៅចុងឆ្នាំនេះ។
ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ធ្លាប់បានលើកឡើងថា ការវិនិយោគមណ្ឌលកម្សាន្តមួយនេះ មិនត្រឹមតែធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀមរាបស្នាក់នៅបានកាន់តែយូរថែមទៀតប៉ុណ្ណោះទេ តែបានស្រូបយកកម្លាំងពលកម្មពីការវិនិយោគនេះបានមួយចំនួនធំផងដែរ ដែលពិតជាបានរួមចំណែកដល់ការជំរុញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត៕