រំឭក​សម្ដី​របស់អតីតទូតអាម៉េរិក​នៅ​ខ្មែរ​ឆ្នាំ១៩៧៥ ពេលអាម៉េរិកទៅ​ចោល​កម្ពុជា​

  • 2019-10-14 03:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​ទាហាន​តួកគី​​វាយ​ប្រ​ហារលើ​ពួកឃឺត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​កាលពី​ថ្ងៃពុធសប្ដាហ៍​មុន​ សហរដ្ឋអាម៉េរិក​នៅពេល​នេះ បាន​ប្រកាស​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ភាគខាង​ជើង​ប្រទេស​នេះ​ដែរ។

ពួក​ឃឺត​កាលដើម​ឡើង​មាន​អាម៉េរិក​ជាអ្នក​គាំទ្រ​ ដើម្បី​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​ពួក​ISIS។ ប៉ុន្តែ​នៅ​ពេល​នេះ​​តួកគីដែលជា​សម្ព័ន្ធ​មិត្ត​របស់​NATO បាន​វាយ​ប្រ​ហារ​លើ​ពួក​ឃឺត​ដោយ​ថា​ដើម្បី​ដេញពួកឃឺតចេញពី​ព្រំដែន​នៅស៊ីរីនិង​បង្កើត​តំបន់​សុវត្ថិភាព​មួយ​សម្រាប់​ការ​វិល​ត្រឡប់​របស់ជន​ភៀស​ខ្លួនស៊ីរី។

ការ​សម្រេច​ដក​ទ័ព​របស់ អាម៉េរិក​ត្រូវ​បាន​មេដឹក​នាំ​ឃឹត​និយាយថា​នេះ «ជាការ​លួច​ចាក់ពី​ក្រោយ​ខ្នង» ប៉ុន្តែ​លោក​ត្រាំ​បាន​ការពារ​ចំណាត់​ការ​របស់​ខ្លួនថានេះ​ជា​ពេល​ដែលត្រូវ​ដកខ្លួន​ពី​សង្គ្រាម​ដែល​គ្មាន​ទី​បបញ្ចប់​នេះ។​ នេះបើតាម​សេចក្ដី​រាយការណ៍​របស់​BBC។

ការ​ចាក​ចេញរបស់​អាម៉េរិក​នេះ​ធ្វើ​ឲ្យ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​កម្ពុជា​មួយចំនួន​បាន​រំឭក​ដល់​ពេល​ដែល​អាម៉េរិក​បោះបង់កម្ពុជា​កាលពី​ឆ្នាំ១៩៧៥ និងទុក​ឲ្យ​កម្ពុជា​ធ្លាក់ក្នុង​ដៃ​ខ្មែរ​ក្រហម និង​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ប្រហែល​ពីរ​លាន​នាក់​បាន​បាត់​បង់ជីវិត។

(អាម៉េរិកចាកចេញពីកម្ពុជា)

ការ​ដក​ទព័ព​អាម៉េរិកចុងក្រោយ​​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ១៩៧៥ នេះ​ត្រូវ​បាន​អតីត​រដ្ឋទូតអាម៉េរិក​លោក John Gunther Dean ចាត់ទុកថា៖ «ជាការ​បោះ​បង់កម្ពុជា​ទុក​ឲ្យ​ពួក​ឃាតករ»។

ខាងក្រោម​នេះ​ជា​សម្រង់​សម្ដី​របស់​លោកJohn Gunther Dean ដែល​ត្រូវ​បាន​សារព័ត៌មាន​ Business Insider ដក​ស្រង់​យក​មក​ចុះ​ផ្សាយ​កាលពី​ឆ្នាំ២០១៥។

លោក​មាន​ប្រ​សាសន័ថា៖ «នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ១៩៧៥ ជា​ថ្ងៃដែល​អាម៉េរិក​បោះ​បង់​កម្ពុជា និង​បាន​​ប្រគល់​វា​ទៅ​ឲ្យ​ឃាតករ»។

លោក​មាន​ប្រ​សាសន៍ទៀតថា៖ «យើង​បានទទួល​ធ្វើជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កម្ពុជា ហើយ​ក្រោយ​មក​យើង​ក៏​បាន​ដើរ​ចេញ ដោយមិនបានបំពេញ​តាមការ​សន្យា​របស់​យើង នេះជា​រឿង​អាក្រក់​មួយ​ដែល​ប្រ​ទេស​មួយ​​បាន​ធ្វើ...​ពេល​នោះ​ខ្ញុំ​យំ ព្រោះ​ខ្ញុំ​បាន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​កម្ពុជា​»។

​លោក​រំឭកពី​ពេល​នោះទៀតថា៖ «ខ្ញុំ​បរាជ័យ...​ខ្ញុំបាន​ព្យាយាម​យ៉ាងខ្លាំងនាពេលនោះ...​ខ្ញុំបាន​យកមនុស្ស​ជាច្រើន​តាមដែល​អាច​ធ្វើ​បាន មាន​ជាច្រើន​រយនាក់​ ខ្ញុំបាន​យកពួកគេ​ចេញពី​កម្ពុជា ប៉ុន្តែ​ខ្ញុំ​មិន​អាច​នាំមនុស្ស​មួយ​ប្រ​ទេស​ចេញ​បាន​ទេ​»។

លោក​បញ្ជាក់ទៀតថា៖ «​ពេល​នោះ​យើង​បាន​ស្រែក​ប្រាប់ក្រុង​វ៉ាស៊ីនតោន​តាម​ទូរសព្ទ ជួយ​ពួកយើង​ផង​ យើង​ត្រូវ​ទុក​ប្រទេសនេះចោល​ ដោយគ្មាន​អ្នក​ការពារ...​ប៉ុន្តែ​ក្រុង​វ៉ាស៊ីន​តោន​មិន​តប​អ្វីទេ»។

គួរបញ្ជាក់ថា​លោក​John Gunther Dean ​បាន​ផ្ដល់​បទសម្ភាសន៍នេះ​កាលពី​ឆ្នាំ២០១៥ ក្នុង​វ័យ​៩៣​ឆ្នាំ ហើយ​លោក​បាន​ទទួល​មរណភាព​កាលពី​ខែ​កក្កដា ឆ្នាំ២០១៩៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ទូច សុខា