រឿង «ភរិយាសម័យថ្មី» ពីដើមដល់ចប់ ត្រឡប់មកវិញនូវសារអប់រំក្នុងជីវិតគ្រួសារប្តីប្រពន្ធ

  • 2019-10-14 04:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីទស្សនិកជនបានទស្សនារឿង ភរិយាសម័យថ្មី ដែលទើបតែនឹងបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ គឺហាក់ដូចជាទទួលបាននូវបទពិសោធន៍ដំណោះស្រាយជីវិតមួយ ជាពិសេសសម្រាប់ស្ត្រីៗដែលឆ្លងកាត់នូវរឿងរ៉ាវគ្រួសារ ដូចតថភាពពិតក្នុងសង្គមនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ វាមិនត្រឹមតែជាប្រភេទរឿងដែលបង្ហាញពីស្នេហាទាំងស្រុងនោះទេ ក្នុងនោះ រឿងភាគខ្មែរមួយនេះ បានបញ្ជ្រៀបគំនិតអប់រំជាច្រើនទៅដល់អ្នកមើល បានយល់បន្ថែមពីតម្លៃរបស់មនុស្សស្រី និងបញ្ហាមួយចំនួនដែលជាដើមហេតុបណ្តាលឱ្យកើតមាននៅក្នុងជីវិតប្តីប្រពន្ធនាសម័យកាលដ៏ជឿនលឿនមួយនេះ។

តួយ៉ាង ដូចជា តួឯកស្រី នាង បុស្បា បានជួបនូវរឿងរ៉ាវវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរពីសំណាក់ស្វាមីជើងល្អ លោកយុទ្ធ ដែលមានពេលខ្លះ បង្ខំចិត្តឱ្យនាងលែងចង់រស់នៅបន្តទៅទៀត។ ចុងក្រោយ បុស្បាក៏ជម្នះចិត្តទន់ជ្រាយនេះបាន និងជួបមនុស្សដែលស្រឡាញ់ខ្លួនយ៉ាងពិតប្រាកដ ហើយអ្នកដែលស្តាយក្រោយគឺ លោក យុទ្ធ។

ទាំងអស់នេះ គឺចង់អប់រំមនុស្សពីរនាក់ដែលបានចាប់ដៃគ្នា សាងជាគ្រួសារតូចមួយហើយ ត្រូវចេះស្រឡាញ់គ្នា ជឿជាក់លើគ្នាទៅវិញទៅមក មិនត្រូវឱ្យអ្នកដទៃមកបំផ្លាញសុភមង្គលរបស់យើងបានឡើយ។ ដូចពាក្យចាស់ពោលថា ចានក្នុងរាវតែងរន្តំ តែក៏កុំឱ្យវាឈានដល់ដំណាក់កាលបែកប្រេះស្រាំធ្វើអ្វី ជាក់ស្តែងដូចជាក្នុងសាច់រឿងនេះយ៉ាងដូច្នោះដែរ។ បើយើងស្រឡាញ់អ្នកណាម្នាក់ ហើយគេស្មោះត្រង់នឹងយើង ដូចនេះយើងគួរតែថែរក្សាអ្នកនោះឱ្យបានល្អ កុំចាំដល់ពេលបាត់បង់ទើបស្តាយក្រោយនូវទង្វើរបស់ខ្លួន ក៏ហួសពេលដែរ ដូចជាលោកយុទ្ធជាដើម។

ដោយឡែក សម្រាប់ស្ត្រីដែលជាភរិយា បើធ្លាក់ខ្លួនចូលក្នុងបញ្ហាគ្រួសារបែបនេះ ហើយដល់ដំណាក់ចុងក្រោយបែកផ្លូវគ្នា គួរតែរឹងមាំ ខំប្រឹងងើបឡើង និងជ្រើសរើសផ្លូវល្អមួយសម្រាប់ដើរ កុំបណ្តោយឱ្យខ្លួនឯង ឈានចូលក្នុងភាពងងឹត។ មួយវិញទៀត បើទោះបីប្តីប្រពន្ធធ្លាប់បែកបាក់គ្នាក៏ពិតមែន បើសិនជាអាចគួររាប់អានគ្នាជាមិត្តល្អ មិនគួរចងកំហឹងនឹងគ្នារហូតទេ ធ្វើនេះគឺដើម្បីកូនផងដែរ ហើយអ្នកដែលសាងកំហុស គួរចេះទទួលស្គាល់ និងពេញចិត្តពេលឃើញគេមានសេចក្តីសុខ។

ដោយឡែក ភីអិនអីនក៏បានពាំនាំយករឿងភាគល្អៗមើល មកបម្រើជូនដល់ទស្សនិកជនទស្សនាបន្តទៀតផងដែរ។ យ៉ាង ណា​មិញ ការមកដល់នៃរឿងភាគថ្មីបន្ទាប់ទៀតនោះ គឺកាន់តែធ្វើឱ្យទស្សនិកជនជក់ចិត្ត នឹងសាច់រឿង ដោយមានលក្ខណៈប្លែកជាងមុន និងឈុតឆាកសម្តែងដែលចូលរួមពីតារាល្បីៗជាច្រើនដួង ។ ក្នុងនោះ ក៏មានការបញ្ចូលនូវសិល្បៈល្ខោនខ្មែរថែមទៀតផង គឺរឿង «តួគេ ខ្ញុំសម្តែង»។ សូមកុំភ្លេចរង់ចាំតាមដានទស្សនា មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ និង ៥០នាទីយប់ ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ៕

ចុចអាន៖ រឿងភាគខ្មែរ «តួគេ ខ្ញុំសម្តែង» ត្រៀមចាក់ផ្សាយជាផ្លូវការហើយ!

អត្ថបទ៖ ឈិន មិថុនា