គម្រោង​ស្ពាន​ធំ​ៗ ​ឆ្លងកាត់​ទន្លេ​ចំនួន​ ៤ ​នឹង​ត្រូវ​សាងសង់​ ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​

  • 2019-10-17 02:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​ស្ពាន​ធំ​ៗ​ ឆ្លងកាត់​ទន្លេ​ចំនួន​ ៤ ទៀត​​នឹង​ត្រូវ​សាង​សង់​​ ក្នុង​ពេល​ខាងមុខ​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​បង​ប្អូ​ន​ប្រជាពលរដ្ឋ​ពល​ធ្វើ​ដំណើរ។ នេះ​បើ​តាម​របាយការណ៍​របស់​​ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​។ ​ស្ពាន​ទាំង​ ៤ ​កន្លែង​នោះ​រួម​មាន​៖

ទី​១ ស្ពាន​​ឆ្លងកាត់​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ​

គម្រោង​សាង​សង់​​ប្រវែង ១៧៦១ ​ម៉ែត្រ ​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ​ នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ធ្វើដំណើរ​ពី​ខេត្ត​ស្ទឹង​ត្រែង​ទៅ​កាន់​ខេត្ត​កំពង់​ធំ និង​ខេត្ត​សៀមរាប ​នឹង​ផ្ដល់​​​ផល​ចំណេញ​ច្រើន​ទាំង​ពេល​វេលា​ និង​ថវិកា​ច្រើន​ជាង​មុន​។ ​យ៉ាងណាមិញ​យោង​តាម​ប្រសាសន៍​ឯកឧត្ដម​ ស៊ុន​ ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ឱ្យ​ដឹង​ក្នុង​ឱកាស​ចុះ​ទៅ​ពិនិត្យ​ទីតាំង​សាងសង់​សាងសង់​ស្ពាន​កាល​ពី​ពេល​ខែ​កក្កដា​កន្លងមក​ថា ​ដើម្បី​អាច​ដំណើរ​ការ​ទៅ​បាន រាជរដ្ឋាភិបាល​កម្ពុជា​ គ្រោង​ខ្ចី​ថវិកា​ពី​រដ្ឋាភិបាល​ចិន​​ ដែល​សំណើ​ថវិកា​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២០ ហើយ ​ដំណើរការ​សាងសង់​អាច​ធ្វើ​នៅ​ឆ្នាំ ២០២១​។ ​​

ទី​២ ស្ពាន​ឆ្លង​កាត់​ខេត្ត​កំពង់​ឆ្នាំង​ទៅ​ ខេត្ត​កំពង់ធំ​

ស្ពាន​ឆ្លង​កាត់​ខេត្ត​កំពង់​​ឆ្នាំង​ឆ្ពោះ​ទៅ​ខេត្ត​កំពង់​ធំ ​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុង​ឆ្នាំ​២០១៩ ​ឬ​ដើម​ឆ្នាំ​២០២០​។​ នេះ​បើ​តាម​ប្រសាសន៍​សម្ដេច​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ តាម​រយៈ​បណ្ដាញ​សង្គម​ ហ្វេ​ស​បុក​កាល​ពី​ពេល​កន្លង​មក​​។​

សម្ដេច​​នាយករដ្ឋមន្ត្រី​បាន​សរសេរ​ថា ​ស្ពាន​ដែល​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ​ឆ្ពោះ​ទៅ​ខេត្ត​កំពង់​ធំ​នេះ​ មាន​ប្រវែង​រហូត​ដល់​ទៅ ​៣,៩០០ម៉ែត្រ ​ដែល​នឹង​ក្លាយ​ជា​ស្ពាន​វែង​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ស្ពាន​នេះ​ នឹង​សាង​សង់​ឆ្លង​កាត់​ដៃ​ទន្លេ​ចំនួន​៣ ​រួម​មាន​ ១​)​ទន្លេ​ផ្សារ​ក្រោម​ ២​)​ទន្លេ​ជល់​មុខ​ ​និង​ ៣)ទន្លេ​កំពង់​ហាវ​។​

ទី៣ ​គម្រោង​សាង​សង់​ស្ពាន​នៅ​តំបន់​ស្វាយ​ជ្រុំ​​អរិយក្សត្រ

គម្រោង​សាងសង់​ស្ពាន​នៅ​តំបន់​ស្វាយ​ជ្រុំ ​អរិយក្សត្រ​ ត្រូវ​បាន​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី ធ្លាប់​បាន​ស្នើសុំ​ប្រទេស​កូរ៉េ​ខាងត្បូង​ជួយ​កសាង​ស្ពាន​នៅ​កម្ពុជា ​ដើម្បី​ទុក​ជា​ចំណង​ដៃ​មិត្ត​ភាព​កម្ពុជា​-​កូរ៉េ​ ខណៈ​ដែល​កម្ពុជា​មាន​តែ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ ​និង​ស្ពាន​មិត្តភាព​កម្ពុជា-​ជប៉ុន​។​ ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ឆ្នាំ​២០១៧ ខណៈ​សម្ដេច​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ផ្លូវ​ ៦០​ម៉ែត្រ​​។ ​

បន្ទាប់​ពី​មាន​ស្នើ​សុំ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ភាគី​កូរ៉េ ​ក៏​មាន​បំណង​សាងសង់​ស្ពាន​នេះ ​និង​យល់​​ព្រម​យក​​សំណើ​សាង​សង់​ស្ពាន​ឆ្លងកាត់​ទន្លេ​ទៅ​កាន់​តំបន់​អរិយ​ក្សត្រ​ ដោយ​ភាគី​កូរ៉េ​កំពុង​ពិនិត្យ​លើ​ផ្នែក​បច្ចេកទេស​។ ​ការ​សាង​សង់​ស្ពាន​មិត្តភាព​កូរ៉េ​-​កម្ពុជា​នឹង​ត្រូវ​បាន​គេ​រំពឹង​ថា ​ជំរុញ​ឱ្យ​វិស័យ​អចលន​ទ្រព្យ​កាន់​តែ​បោះ​ជំហាន​បន្ថែម​ទៀត។​ យ៉ាង​ណា​មិញ​ គម្រោង​សាងសង់​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​។​

ទី​៤ ​គម្រោង​សាង​សង់​ស្ពាន​ក្តី​​តា​កុយ ​ឆ្ពោះ​ទៅ​តំបន់​អរិយក្សត្រ​

គម្រោង​សាង​សង់​ស្ពាន​​នេះ ​ត្រូវ​បាន​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន​ចប់​ជា​ស្ថាពរ​​ហើយ ដោយ​គម្រោង​ស្ពាន​នេះ​អា​ច​សាងសង់​ BOT ​ឬ​ជា​ស្ពាន​បង់​ប្រាក់​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​។​នេះ​បើ​តាម​ប្រសាសន៍​លោក វ៉ាស៊ីម សូរិយា អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​​កាល​ពី​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​​ការ​ចាប់​ផ្ដើម​សាង​សង់​នៅ​មិនទាន់​​កំណត់​នៅ​ទេ។

សម្ដេច​តេជោហ៊ុន ​សែន ​ធ្លាប់​បាន​មាន​ប្រ​សាសន៍​ពី​គម្រោង​សាង​សង់​ស្ពាន​នេះ​នា​ពេល​ខាង​មុខ​​ ដើម្បី​ធ្វើ​ឲ្យ​ផែន​ការ​សាង​សង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣​ ​បាន​តភ្ជាប់​ពេញ​លេញ​ និង​សម្រួល​ការ​ដឹក​ជញ្ជូន​នានា ​ដែល​អាច​វាង​ចេញ​ពី​ក្រុង​ភ្នំពេញ​៕​

អត្ថបទ៖ សុផល