La Liga ចង់​ឲ្យ​ប្រកួត​ El Clasico ខែ​តុលា​នេះ លេង​នៅ​ដី Real ក្រោយ​មាន​បញ្ហា​នៅ Barca

  • 2019-10-16 13:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​លីគ​កំពូល​អេស្ប៉ាញ La Liga បាន​ស្នើ​​សហព័ន្ធ​ភូមិន្ទ​បាល់ទាត់​អេស្ប៉ាញ​ឲ្យ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ការ​ប្រកួត​ El Clasico នៅ​ខែ​តុលា​នេះ ពី​ទឹកដី​កីឡដ្ឋាន Camp Nou មក​កាន់​ទឹកដី​របស់​ Real Madrid នា​កីឡដ្ឋាន​ Santiago Bernabeu។

ការ​ស្នើសុំ​នេះ​ធ្វើ​ឡើង​ក្រោម​ហេតុផល​ថា ស្ថានភាព​នៅ​តំបន់​កាតាឡាន់​មាន​ភាព​ជ្រួលច្របល់ ដោយសារ​តែ​មាន​ការ​តវ៉ា​ចំពោះ​ការ​កាត់ទោស​លើ​សកម្មជន​ទាមទារ​ឯករាជ្យ​កាតាឡាន់​ឲ្យ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ (កាត់​ទោស​ពី ៩ឆ្នាំ ទៅ ១៣ឆ្នាំ) កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

បើ​តាម​សារព័ត៌មាន AS បាតុករ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប៉ូលិស​នៅ​អាកាសយានដ្ឋាន​របស់​តំបន់​នេះ ដែល​ធ្វើ​ឲ្យ​ព្រលាន​នេះ​ផ្អាក​ដំណើរ​ការ​មួយ​រយៈ ខណៈ​មាន​បាតុករ​មួយ​ចំនួន​បម្រុង​នឹង​ចូល​ក្នុង​អគារ​នៃ​គណៈ​អភិបាល​ក្រុង​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត​ ចលនា​ផ្ដាច់​ឯករាជ្យ​ពី​អេស្ប៉ាញ​បាន​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ Barcelona នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា​នេះ ដែល​ជា​ថ្ងៃ​នៃ​ប្រកួត El Clasico។

ការ​សម្រេច​ចិត្ត​នេះ នឹង​ធ្វើ​ឡើង​​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រវាង​ La Liga សហព័ន្ធ​ស្ដីពី​ការ​ផ្លាស់ប្ដូរ​ទីតាំង​នៃ​ការ​ប្រកួត​ El Clasico នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី