ឯកឧត្ដម ​ថោង ខុន ៖ ​ការ​ផុស ឬ Share ភាព​អវិជ្ជមាន​លើ​គោល​ដៅ​ទេសចរណ៍​ស្មើ​នឹង​ការ​សម្លាប់​ខ្លួន​ឯង

  • 2019-10-18 04:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ថោង ខុន  រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ​ការ​ផុស ​ឬ Share​​ ការ​ចែក​រំលែក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ឬ​ទង្វើ​អវិជ្ជមាន​ នៅ​តាម​បណ្ដាញ​ព័ត៌មាន​Facebook បណ្ដាញ​ផ្សព្វផ្សាយ​នានា​ទៀត ​ទៅ​លើ​គោល​ដៅ​ទេសចរណ៍​មួយ ​ឬ​គោល​ដៅ​ទេសចរណ៍​នានា​ទៀត  គឺ​ស្មើ​នឹង​ការ​បង្ក​ភាព​គ្រោះ​ថ្នាក់​ និង​ការ​សម្លាប់​ខ្លួន​ឯង​ដោយ​ប្រយោល​។​

ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ចែក​រំលែក ​បទពិសោធន៍​នារី​ឆ្នើម ​នៅ​​ផ្នែក​ឯកជន ក្នុង​វិស័យ​ទេសចរណ៍​កាល​ពី​សប្ដាហ៍​មុន​ ឯកឧត្ដម​​ ថោង ខុន ថា ​បច្ចុប្បន្ន ក្រសួង​ទេសចរណ៍​បាន​ទទួល​ស្គាល់​ចំពោះ​រឿង​រ៉ាវ​អវិជ្ជមាន​មួយ​ចំនួន ​ដែល​កំពុង​បាន​កើត​មាន​នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ ហើយ​ត្រូវ​បាន​គេ​ផុស​បង្ហោះ​ផ្សព្វផ្សាយ​ ចែក​រំ​លែក​ការ​ផ្សព្វផ្សាយ​ច្រើន​យ៉ាង​សប្បាយ​នៅ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​Facebook និង youtube ជា​ដើម ដែល​សកម្មភាព​នេះ ​គឺ​ស្មើ​នឹង​បង្ក​ភាព​គ្រោះ​ថ្នាក់​ និង​ការ​សម្លាប់​ខ្លួន​ឯង​ ដោយ​មិន​ដឹង​ខ្លួន​។​

បើ​តាម​ឯកឧត្ដម ​រដ្ឋមន្ត្រី​ បច្ចុប្បន្ន​ក្រសួងទេសចរណ៍​បាន​កំពុង​ប្រឹង​ប្រែង​ធ្វើ​ការ​អភិវឌ្ឍន៍ ​ចាត់​វិធានការ​ និង​ផ្ដល់​ណែ​នាំ​ជា​បន្ត​បន្ទាប់​ទៅ​ដល់​អ្នក​ប្រព្រឹត្តិ​ទង្វើ​កំហុស​ឆ្គង​ទាំង​នោះ​ ហើយ​បញ្ហា​នេះ​ បាន​ធ្វើ​ឱ្យ​ភាព​អវិជ្ជមាន​នៅ​តាម​គោល​ដៅ​ទេសចរណ៍​ទាំង​អស់​បាន​ធ្លាក់​ចុះ​ច្រើន​ ​។​

ឯកឧត្ដម​បន្ថែម​ថា ការ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ទៅ​ទស្សនា​ច្រើន ​គឺ​បាន​បង្កើត​ឱកាស​ការងារ​ លក់​ដូរ​របស់​របរ និង​ផ្ដល់​ប្រភព​ចំណូល​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​តំបន់​គោលដៅ​ទេសចរ​។​ ដើម្បី​ទប់​ស្កាត់​ភាព​អវិជ្ជមាន​ទាំងឡាយ​ ដែល​កើត​មាន​នៅ​តាម​គោល​ដៅ​ទេសចរណ៍ ​ពិសេស​នៅ​តាម​ច្រក​ទ្វារ​​ព្រំដែន​អន្តរជាតិ  នៅ​តាម​កន្លែង​ផ្ដល់​សេវា​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ​នៅ​តាម​​មូលដ្ឋាន​អាជីវកម្ម​ ក្នុង​វិស័យ​ទេសចរណ៍  និង​នៅ​តាម​គោលដៅ​សហគមន៍​ទេសចរណ៍​នានា​ទៀត ​ គឺ​ក្រសួង​បាន​កំណត់​ឱ្យ​គោល​ដៅ​ទាំង​នោះ​ ត្រូវ​ចូល​រួម​ចលនា​ប្រលង​ប្រណាំង​យក​ដណ្ដើម​ភាព​ឆ្នើម​ទាំង​អស់​គ្នា  ដែល​គ្រប់​ចលនា​នេះ​ គឺ​បាន​ធ្វើ​ឱ្យ​គ្រប់​គោលដៅ​ទេសចរណ៍​នានា ​កាត់​បន្ថយ​នូវ​ទង្វើ​អវិជ្ជមាន​នានា​  ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សតិ​អារម្មណ៍​ភ្ញៀវ​ទេសចរ​អញ្ជើញ​ទៅ​ទស្សនា​កម្សាន្ត​។​

ទាក់​ទង​នឹង​បញ្ហា​នេះ​លោក ហូ វណ្ឌី ទី​ប្រឹក្សា​​សមាគម​​ទី​​ភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា បាន​យល់​ស្រប​ចំពោះ​ប្រសាសន៍​ឯកឧត្ដម​​រដ្ឋមន្ត្រី​ ប៉ុន្តែ​លោក​ថា ​ក្នុង​ករណី​ខ្លះ​ ​គេ​​ត្រូវ​រក​ឱ្យ​ឃើញ​​​ការពិត​​ដូច​ការ​ផ្សព្វផ្សាយ​​ ឬ​មិន​ដូច​​ បើ​កើតមាន​មែន​ហើយ​មិន​ត្រូវ​បាន​ដោះស្រាយ​​បញ្ហា​ ដែល​កើតមាន​​ឡើង​អាច​ក្លាយ​ជា​រោគ​មហារីក​ ហើយ​​អាច​​ធ្វើ​ឱ្យ​មនុស្ស​ ដែល​រកស៊ី​កេងបន្លំ​ភ្ញៀវ​​ទេសចរ​កាន់តែ​​បាន​ចិត្ត​ទៅវិញ​​។ ពេល​នោះ​ហើយ​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ល្អ។ ដូច្នេះ​យើង​ត្រូវ​តែ​មា​ន​ការ​ដាក់​ទោស​ចំពោះ​អ្នក​ប្រព្រឹត្តិ​មិន​ល្អ។

​“អញ្ចឹង​ក្រម​សីលធម៌ វិជ្ជាជីវៈ​ ក្នុង​ផ្នែក​ហ្នឹង​វា​មាន​ច្រើន​ផ្នែក យើង​អាច​ដាក់​ទោស​​គាត់​របៀប​ម៉េច​? ហ្នឹង​តាម​នីតិ​វិធី​រដ្ឋបាល​ទៅ​កុំ​បណ្ដែត​បណ្ដោយ​ទៀត​ បើ​នៅ​តែ​បណ្ដែត​បណ្ដោយ​ទៀត​មានន័យ​ថា គាត់​នឹង​ទៅ​បំផ្លាញ​មនុស្ស​ល្អ ក្នុង​វិស័យ​នេះ​ហើយ​។ ទី១ ក្នុង​វិស័យ​ផ្ទាល់​របស់​គាត់ ទី​២ ក្នុង​វិស័យ​ពាក់ព័ន្ធ ទី៣ នៅ​ពេល​ ដែល​សហគមន៍​របស់​គាត់​អត់មាន​ចំណូល​ រដ្ឋ​ក៏​មិន​មាន​ចំណូល​។ដូច្នេះ​យើង​ឃើញ​ហើយ​ថា វា​នឹង​អាច​ប៉ះពាល់​ទៅ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ដែល​ជា​នយោបាយ​របស់​រាជរដ្ឋាភិបាល​”។

លោក​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​គួរ​មាន​វិធានការ​រដ្ឋបាល​ជាក់លាក់​ ហើយ​តឹង​តែង​ ដើម្បី​ឱ្យ​អ្នក​រក​ទទួល​ទាន​ នៅ​ក្នុង​វិស័យ​ទេសចរ​បាន​ដើរ​នៅ​ក្នុង​ផ្លូវត្រង់​មួយ​។

តាម​របាយការណ៍​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​កាល​ពី​សប្ដាហ៍​មុន​ថា​ នៅ​រយៈ​ពេល​៨​ខែ​ដើម​ឆ្នាំ​២០១៩​នេះ​ ប្រទេស​កម្ពុជា​ទាំង​មូល​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ប្រមាណ​ជិត​ ៤​លាន ៤​សែន​នាក់​ កើន​ឡើង​១០.៤​ភាគរយ​ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១៨​៕