អ្នកថតរូបល្បីកម្ពុជា១០រូប បង្ហាញមុខ និងស្នាដៃក្នុងខួប១០ឆ្នាំមហោស្រពរូបថតភ្នំពេញ

  • 2019-10-18 09:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកថតរូបសហសម័យល្បីឈ្មោះនៅកម្ពុជា និងលើឆាកអន្តរជាតិ១០រូបនឹងបង្ហាញមុខចែករំលែកបទពិសោធន៍ និងបង្ហាញស្នាដៃរូបថតបែបសិល្បៈក្នុងខួប១០ឆ្នាំនៃមហោស្រពរូបថតភ្នំពេញដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ តុលា ដល់២៤ វិច្ឆិកា ឆ្នាំ២០១៩នៅទីតាំងសំខាន់ៗនានាក្នុងក្រុងភ្នំពេញ និងសៀមរាប។

វិចិត្រសាលនៅវិទ្យាសា្ថនបារាំង

សិល្បករ និងសិល្បករិនីផ្នែកថតរូបទាំង១០នាក់ដែលចូលរួមក្នុងមហោស្រពរូបថតអន្តរជាតិធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំនេះរួមមាន ម៉ក់ រ៉េមីស្សា, ខ្វៃ សំណាង, សុវណ្ណ ភីឡុង, នាក់ សុផល, គឹម ហាក់, លឹម សុខចាន់លីណា, តាំង ឈិនសុធី, ផា លីណា, ឃុន វណ្ណៈ និង ទី ទិត្យ។ រូបថតស្នាដៃទាំង១០របស់អ្នកថតរូបទាំង១០រូបនេះនឹងដាក់តាំងបង្ហាញជាសាធារណនៅជាប់នឹងជញ្ជាំងសា្ថនទូតបារាំងដែលជាទីកន្លែងនិមិត្តសញ្ញាប្រវត្តិសាស្ត្រនៃមហាស្រពរូបថតភ្នំពេញ។

សិល្បករថតរូប ម៉ក់ រ៉េមីស្សា នៅវិចិត្រសាលនៅវិទ្យាសា្ថនបារាំង

ក្រៅពីជញ្ជាំងស្ថានទូតបារាំងនៅមានទីតាំង១១ផ្សេងទៀតដែលនឹងចូលរួមតាំងបង្ហាញនៅឆ្នាំនេះមានដូចជា៖ វិទ្យាស្ថានបារាំង, ជញ្ជាំងនៃប្រតិភូសហភាពអឺរ៉ុប , វិទ្យាល័យព្រះស៊ីសុវត្ថិ, អនុវិទ្យាល័យចតុមុខ, កោះពេជ្រ, JAVA Creative Café សាខាវិមានឯករាជ្យ, សណ្ឋាគារ Plantation, Future Factory, Sra’ Art Gallery, មជ្ឈមណ្ឌលបុប្ផាណា, និង វិចិត្រសាល បាឡាសារេម នៅខេត្តសៀមរាប។

លោក សុវណ្ណ ភីឡុង នាយកសមាគមរូបថតភ្នំពេញ បានលើកឡើងថា នេះខួប១០ឆ្នាំរបស់មហោស្រពរូបថតភ្នំពេញ។ រយៈពេល១០ឆ្នាំនេះអ្នករៀបចំមហោស្រពមានការឆ្លងកាត់ការលំបាកជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យមហោស្រពមួយនេះកើតឡើង និងធ្វើយ៉ាងណាឲ្យវិស័យថតរូបមានការរីកចម្រើនទៅដល់អ្នកជំនាន់ក្រោយ។

លោក សុវណ្ណ ភីឡុង នាយកសមាគមរូបថតភ្នំពេញថ្លែងក្នុងថ្ងៃសន្និសីទសារព័ត៌មាន

បើទោះជាមហោស្រពនេះមិនមែនជាសាលារៀនមួយ តែនេះជាឳកាសមួយបានជួបជាមួយសិល្បករផ្សេងៗមកពីជុំវិញពិភពលោកដើម្បីផ្លាស់ប្តូរបទពិសោធន៍ បានឃើញពីការងារដែលពួកគាត់បានធ្វើ។ វាផ្លូវមួយបង្ហាញដល់អ្នកថតរូបជំនាន់ក្រោយឲ្យគាត់ស្គាល់ ដឹងថាធ្វើយ៉ាងណាដើម្បីក្លាយជាអ្នកថតរូបម្នាក់ដែលមានអ្នកទទួលស្គាល់។ លោក សុវណ្ណភីឡុងបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថាមហោស្រពឆ្នាំ២០១៩ដែលជាខួបទី១០នេះ មានស្នាដៃសិល្បករដល់ទៅជាង៤០នាក់មកពីប្រទេសនានាមកពីតំបន់អឺរ៉ុប និងអាស៊ី ដោយក្នុងនោះមានអ្នកថតរូបជនជាតិខ្មែរចំនួន ១៣នាក់ផងដែរ៕

រូបថតស្នាដៃរបស់សិល្បករថតរូប ផា លីណា
រូបថតស្នាដៃរបស់សិល្បករថតរូប តាំង ឈិនសុធី
រូបថតស្នាដៃរបស់សិល្បករថតរូប ទី ទិត្យ
រូបថតស្នាដៃរបស់សិល្បករថតរូប នាក់ សុផល
រូបថតស្នាដៃរបស់សិល្បករថតរូប ​លឹម សុខចាន់លីណា
រូបថតស្នាដៃរបស់សិល្បករថតរូប ឃុន វណ្ណៈ
រូបថតស្នាដៃរបស់សិល្បករថតរូប គឹម ហាក់
រូបថតស្នាដៃរបស់សិល្បករថតរូប ខ្វៃ សំណាង
រូបថតស្នាដៃរបស់សិល្បករថតរូប សុវណ្ណ ភីឡុង
រូបថតស្នាដៃរបស់សិល្បករថតរូប ម៉ក់ រ៉េមីស្សា

រូបថតរបស់សិល្បករ៖ ផ្តល់សិទ្ធដោយសមាគមរូបថតភ្នំពេញ

អត្ថបទ៖ លន ហ្សាឌីណា