អេ អាយ អេ បើកសាខាថ្មីនៅខេត្តសៀមរាប ផ្ដោតលើ "សុខភាព និងជីវិតកាន់តែប្រសើរ"

  • 2019-10-21 03:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបើកសាខាថ្មីរបស់ខ្លួននៅខេត្តសៀមរាបនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។ ការអបអរជាពិសេសសម្រាប់ការសម្ពោធនេះ រួមមានពិធីបើកសាខាដ៏អធិកអធមនៅពេលព្រឹក និងពិធីលៀងសាយភោជននៅបរិវេណប្រាសាទក្រវ៉ាន់ដ៏អស្ចារ្យនាពេលល្ងាច។

កម្មវិធីផ្លូវការ ដែលផ្តោតលើការប្តេជ្ញាជួយឲ្យប្រជាជនរស់នៅប្រកបដោយ «សុខភាព និងជីវិតកាន់តែប្រសើរ» សម្រាប់ខេត្តសៀមរាបនេះ បានទទួលការចូលរួមជាអធិបតីពីឯកឧត្តម អ៊ិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និងសោធន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងឥស្សរជន និងមន្ត្រីកិត្តិយសកម្ពុជាដទៃទៀតមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរ មូលដ្ឋាន។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្វឡើងយ៉ាងឱឡារិក ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធ AIA Group Limited (“AIA” ឬ “អេ អាយ អេ”) ក្នុងនោះរួមមានលោក Ng Keng Hooi នាយកប្រតិបត្តិ និងប្រធាននៃសម្ព័ន្ធ អេ អាយ អេ និងលោក Tan Hak Leh ដែលជានាយកប្រតិបត្តិប្រចាំតំបន់។ តំណាងមកពីដៃគូអាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា គឺធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក៏បានចូលរួមក្នុងពិធីនេះ រួមជាមួយទីប្រឹក្សាផែនការជីវិត អេ អាយ អេ ជាច្រើនរយនាក់ថែមទៀត។

លោក Ng Keng Hooi បានមានប្រសាសន៍ថា «ថ្ងៃនេះ គឺជាដំណើរឆ្ពោះទៅមុខយ៉ាងសំខាន់មួយ នៃភាពរីកចម្រើន និងភាពជោគជ័យរបស់ អេ អាយ អេ នៅកម្ពុជា។ ការសម្ពោធសាខាខេត្តសៀមរាបរបស់យើងដែលធ្វើឡើងត្រឹមក្នុងរយៈពេលជាងពីរឆ្នាំបន្ទាប់ពីការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេស ស្របពេលនឹងការអបអរខួប១០០ឆ្នាំរបស់សម្ព័ន្ធទាំងមូលដែរនោះ ធានាថាយើងមានមូលដ្ឋានរឹងមាំ ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ប្រជាជនកម្ពុជាកាន់តែច្រើនដើម្បីជួយឲ្យពួកគាត់រស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ រួមជាមួយគ្នានេះ យើងក៏កំពុងតែជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញរបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឲ្យបានកាន់តែខ្លាំងថែមទៀត»

ជាក់ស្តែងការបើកសម្ពោធសាខាថ្មីនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលក្រុមហ៊ុននេះធ្វើយុទ្ធនាការទីផ្សារពេញមួយខែ គឺ “យុទ្ធនាការសៀមរាបក្រហម” ដែលសំដៅដល់ពណ៌ និងស្លាកសញ្ញា របស់ អេ អាយ អេ។ យុទ្ធនាការនេះ បានចាប់ផ្តើមពីដើមខែនេះផ្ទាល់ ដោយផ្តល់ជូនវត្ថុអនុស្សាវរីយជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន សហគ្រាសតូចៗ សិស្សានុសិស្ស និងសាធារណជនទូទាំងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនឹងលិខិតអញ្ជើញមកធ្វើការពិនិត្យសុខភាពលើស្ថានភាពតម្រងនោម និងលំពែងដោយឥតគិតថ្លៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅសាខា អេ អាយ អេ ខេមបូឌា ប្រចាំសៀមរាប។សកម្មភាពទាំងអស់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ក្នុងការជួយប្រជាជនថែរក្សាសុខភាព និងរស់នៅប្រកបដោយសុខភាពកាន់តែប្រសើរ។

លោកស្រី Pauline Teoh អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌាបានមានប្រសាសន៍ថា «ការបើកសាខាខេត្តសៀមរាបរបស់យើង គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀតនៅក្នុងបេសកកម្មរបស់យើងដើម្បីជួយប្រជាជនកម្ពុជាទាំងអស់ឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ សាខាថ្មីនេះនឹងជួយឲ្យយើងផ្តល់ការការពារឈានមុខគេលើទីផ្សារ ដោយផ្តោតលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជនកាន់តែច្រើន និងបង្កើតការងារថ្មីៗជាច្រើននៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញ។ យើងជឿជាក់ថាការឈានជើងចូលខេត្តសៀមរាបរបស់យើង នឹងប្រែក្លាយទៅជាឥទ្ធិពលវិជ្ជមានជាច្រើនសម្រាប់ប្រជាជនលើដែនដីអច្ឆរិយនេះ»

ជាផ្នែកមួយនៃការប្រារព្ធពិធីនេះ ភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមពិធីលៀងសាយភោជនជាពិសេស ដែលធ្វើឡើងនៅប្រាសាទក្រវ៉ាន់ដ៏ល្អឯកក្នុងឧទ្យានប្រាសាទបុរាណអង្គរ ស្ថិតនៅខាងកើតនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ភ្ញៀវកិត្តិយសទាំងអស់ បានរីករាយនឹងការសម្តែងរបាំបែបប្រពៃណីផ្សេងៗរបស់កម្ពុជា ការទទួលទានអាហារពេលល្ងាចដ៏អស្ចារ្យជាមួយនឹងតន្រ្តីប្រពៃណីខ្មែរ និងការសម្តែងរបាំអប្សរាជាការបញ្ចប់ពិធីសម្ពោធដ៏ឱឡារិកនេះ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ តុលានេះ អេ អាយ អេ ខេមបូឌា បានផ្តល់ការពិនិ្យសុខភាពដោយឥតគិតថ្លៃលើស្ថានភាពតម្រងនោម និងលំពែងដល់ប្រជាជននៅខេត្តសៀមជាង ១០០០នាក់៕

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។ AIA ក៏ទទួលបានការអនុញ្ញាតសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ១០០ភាគរយ។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៥៦ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៤លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

ទំនាក់ទំនងសារព័ត៌មាន

ហាក់ បញ្ញារ័ត្ន ប្រធានផ្នែកទំនាក់ទំនងសាធារណៈ អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក ០១៦ ៣៦៩ ១៥៥ Panharath.Hak@aia.com

អត្ថបទ៖ វិបុត្រ