ពុទ្ធ​សាសនា​៖ ពុទ្ធិ​កើត​ចេញ​ពី​ហេតុ​ ៤​យ៉ាង

  • 2019-10-21 04:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ពុទ្ធិ​ជា​អ្វី​? ពុទ្ធិ ជា​ប្រាជ្ញា ការ​យល់​ដឹង នេះ​បើ​តាម​វចនានុក្រម​ខ្មែរ​។ ពុទ្ធិ​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប ក្នុង​ការ​អប់រំ​កាយ វាចា ចិត្ត​ឲ្យ​ត្រឹមត្រូវ មាន​សណ្ដាប់ធ្នាប់ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដោយ​សេចក្ដី​សុខ​។

យោង​តាម​សៀវភៅ​មង្គល​ជីវិត​រៀបរៀង​ដោយ​ភិក្ខុ គូ សុភាព ក្នុង​ព្រះ​ពុទ្ធ​សាសនា ពុទ្ធិ គឺ​ចំណេះដឹង​នេះ បាន​មក​ដោយ​ហេតុ ៤ យ៉ាង​៖

រូបភាពយកពីផេក Kou Sopheap

១- **ឆន្ទៈ៖** ពេញ​ចិត្ត​នឹង​កិច្ចការ​ចំណេះ​វិជ្ជា បាន​ន័យ​ថា មនុស្ស​ម្នាក់ៗ​ទាល់​តែ​ចង់​ចេះ​ចង់​ដឹង មាន​និស្ស័យ​ក្នុង​ការ​សិក្សា​ទើប​រៀន​បាន​ល្អ​ប្រសើរ ហើយ​ព្យាយាម​រៀន​សូត្រ​។ ឆន្ទៈ គឺ​ការ​ស្រលាញ់​ពេញ​ចិត្ត នឹង​ជំនាញ ឬ​អ្វី​ដែល​ខ្លួន​ចង់​បាន​នេះ ជា​ដើមចម​នាំ​ឲ្យ​មនុស្សតស៊ូ ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​បាន​វា​។

២- វីរិយៈ៖ ព្យាយាម​រៀន​សូត្រ​។ ធម្មតា​ការ​សិក្សា​ទាល់​តែ​មាន​ការ​ព្យាយាម អត់ធ្មត់ និង​មាន​អង្គ​៤​គឺ ស្ដាប់ ពិចារណា សួរ​នាំ និង​កត់ត្រា​ទុក​។ ព្យាយាម​ជា​កម្លាំង ខ្លាំង​ជាង​ដំរី​ទៅ​ទៀត ព្រោះ​ធ្វើ​ឲ្យ​មនុស្ស​តាំង​ចិត្ត​ស៊ុប​ទៅ​ក្នុង​កិច្ចការ​សិក្សា​ស្រាវជ្រាវ មាន​ចិត្ត​រឹង​មាំ មិន​រាយមាយ​។

៣- ចិត្តៈ៖ មាន​ចិត្ត​រឹងប៉ឹង មាន​ស្មារតី​រវៀសរវៃ ចូល​ចិត្ត​គិត​ពិចារណា និង​ស្រាវជ្រាវ​។ ចេះ​ឆ្ងល់ ចេះ​សួរ ចេះ​រក​ចម្លើយ ចេះ​វិភាគ​រក​ខុស​ត្រូវ​។

៤- វីមំសា៖ សាកល្បង​នូវ​កិច្ចការ ចំណេះ​វិជ្ជា ដែល​ខ្លួន​រៀន​រួច​ហើយ​។ ត្រង់​ចំណុច​នេះ​គឺ​ចង់​និយាយ​ពី​ការអនុវត្ត​ធ្វើ​ជាក់​ស្ដែង ដោយ​មាន​ទ្រឹស្ដី ដែល​បាន​រៀន​ជា​មូលដ្ឋាន​គ្រឹះ​។ ការអនុវត្ត​នេះ​ជួយ​ឲ្យ​ប្រាជ្ញា​ស្មារតី កាន់​តែ​រីក​ចម្រើន​រឹងមាំ ជួនកាល​ក៏​អាច​រក​ឃើញ​នូវ​ពុទ្ធិ​ថ្មី​មួយ​ទៀត​ដែរ​។

អ្នក​ដែល​អនុវត្តន៍​នូវ​ចំណុច​ទាំង ៤ ខាង​លើ​បាន រមែង​ទទួល​ជោគជ័យ​ក្នុង​ការ​សិក្សា​របស់​ខ្លួន និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ដើម្បី​បំពេញ​កិច្ចការ​ចិញ្ចឹម​ជីវិត និង​មាន​វិន័យ (​សីលធម៌​) ល្អ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។

អត្ថបទ៖ ឈិន ធារ៉ាត់

អត្ថបទពេញនិយម