មើល​ទៅ​សប្បាយ​ហ្មង ពិធី​បុណ្យ​ប្រពៃណី​រាំ​វង់​ជប៉ុន​ "Bon Odori Festival” រៀប​ចំ​នៅ​កម្ពុជា

  • 2019-10-22 09:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគម​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា ថ្មី​ៗ​នេះ បាន​រៀប​ចំ​បុណ្យ​ប្រពៃណី​រាំ​វង់​ជប៉ុន​ហៅ​ថា "Bon Odori Festival” នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល សែន​សុខ និង​គ្រោង​ទៅ​ធ្វើ​ពិធី​ដូច​គ្នា​នេះ នៅ​ខេត្ត​សៀមរាប​ថែម​ទៀត។

សមាគម​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា "Bon Odori Festival” គឺ​ជា​កម្មវិធី​បុណ្យ​ប្រពៃណី​ជាតិ​ជប៉ុន​នៅ​រដូវ​ក្ដៅ ដែល​ប្រជាជន​ជប៉ុន​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​សាច់​ញាតិ​របស់​ពួក​គេ​ដែល​បាន​បាក់​បែក​ចែក​ឋាន​ទៅ។ សម្រាប់​មហោស្រព​នេះ ប្រជាជន​ជប៉ុន រមែង​មក​ជួប​ជុំ​គ្នា​នៅ​ពេល​ល្ងាច ដើម្បី​រាំ​កម្សាន្ត​ជាមួយ​នឹង​បទ​ភ្លេង​ប្រពៃណី​ជប៉ុន ដែល​ជា​ទូទៅ គឺ​ពួក​គេ​រាំ​ជា​រង្វង់​ជុំវិញ​ដូច​ចង្វាក់​រាំ​វង់​របស់​ខ្មែរ​ដែរ។

នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​ពិធី​បុណ្យ​រាំ​វង់​ប្រពៃណី​របស់​ជន​ជាតិ​ជប៉ុន​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កម្ពុជា ប៉ុន្តែ​ជា​លើក​ទី​១៥​ហើយ ដែល​ពិធី​បុណ្យ​ដ៏​ចំណាស់​មួយ​នេះ បាន​រៀប​ចំ​ឡើង​នៅ​លើ​ទឹក​ដី​ម្ចាស់​អង្គរ​ដោយ​សមាគម​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា។

ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា

ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ឯកឧត្ដម មាន​សេចក្ដី​សោមនស្ស​រីករាយ​ណាស់ ដែល​បាន​ចូល​រួម​មហោស្រព​នេះ​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ "រាំវង់​បុងអូដូរី គឺ​ជា​សិល្បៈ​ប្រពៃណី​ដ៏​មាន​ប្រជាប្រិយ សម្រាប់​ជន​ជាតិ​ជប៉ុន។ នៅ​កម្ពុជា ខ្ញុំ​បាន​លឺ​ថា ក៏​មាន​វប្បធម៌​ប្រពៃណី​រាំ​វង់​ផង​ដែរ។ មហោស្រព​បុង​អូដូរី​នេះ គឺ​ជា​កម្មវិធី​ផ្លាស់​ប្ដូរ​ទំនាក់​ទំនង​រវាង​ប្រជាជន​ជប៉ុន​រស់​នៅ​កម្ពុជា និង​ប្រជាជន​កម្ពុជា ដែល​អាច​ចូល​រួម​ជាមួយ​គ្នា និង​រីករាយ​ជាមួយ វប្បធម៌​រួម​គ្នា​របស់​ប្រទេស​យើង​ទាំង​ពីរ គឺ​របាំ​រាំ​រង់"។ ឯកឧត្តម​ឯកអគ្គរាជទូត​ថ្លែង។

ក្រោយ​ពី​បាន​រៀប​ចំ​នៅ​ភ្នំពេញ​នេះ ដោយ​មាន​យុវជន​ជប៉ុន និង​យុវវ័យ​កម្ពុជា​ជា​ច្រើន​បាន​ចូល​រួម មហោស្រព​រាំ​វង់​ជប៉ុន​នេះ គ្រោង​នឹង​ទៅ​ធ្វើ​បន្ត​ទៀត​នៅ​ខេត្ត​សៀមរាប​ទៀត។ តាម​កាល​បរិច្ឆេទ​ដែល​បាន​គ្រោង​ទុក កម្មវិធី​នេះ គ្រោង​ធ្វើ​នា​ថ្ងៃ​ទី ០៣ វិច្ឆិកា ខាង​មុខ។

នៅ​ក្នុង​ពិធី​បុណ្យ​រាំ​វង់​ជប៉ុន​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ គេ​ឃើញ​មាន​កម្មវិធី​ជា​ច្រើន​មាន​ទាំង​ការ​តាំង​ពិព័រណ៌ ការ​រាំ​វង់​របស់​ប្រជាជន​ជប៉ុន​នៅ​កម្ពុជា ពិធី​ហែ​អ្នក​តា​ជប៉ុន។ ពិសេស​នេះ​ទៅ​ទៀត គឺ​មាន​ការ​រាំ​របស់​កុមារ​ៗ​ជប៉ុន​ក្នុង​ចង្វាក់​ប្រពៃណី​ជប៉ុន និង​ប្រពៃណី​ខ្មែរ​ថែម​ទៀត​ផង ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់។

តោះ...ទស្សនា​ប្អូន​ៗ​កុមារ​ជប៉ុន​នៅ​កម្ពុជា​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​ប្រពៃណី​របស់​ជាតិ​ខ្លួន​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

អត្ថបទថ្មី