Nissan បង្ហាញរថយន្តអគ្គិសនីអនាគត Ariya
- 2019-10-25 04:11:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nissan បង្ហាញរថយន្តអគ្គិសនីអនាគត Ariya
ចន្លោះមិនឃើញ
ក្រុមហ៊ុន Nissan បានបង្ហាញនូវប្រភេទរថយន្តគ្រួសារថ្មីដើរដោយថាមពលអគ្គិសនីដ៏ខ្លាំងក្លាម៉ាក Ariya ដែលសន្យាថានឹងមានកម្រិតបើកបរដូចជារថយន្តស្ព័រ។
រថយន្តនេះគ្រោងនឹងមកដល់ចក្រភពអង់គ្លេសនៅឆ្នាំ ២០២១ ក្នុងនាមជាគូប្រជែងនឹងរថយន្តឈ្នះជ័យលាភី I-Pace របស់ក្រុមហ៊ុន Jaguar និង រថយន្ត Model-X របស់ក្រុមហ៊ុន Tesla ជាមួយនឹងបច្ចេកវិជ្ជាបើកបរដោយស្វ័យប្រវត្តិកម្រិតខ្ពស់។
ដោយរំពឹងមានតម្លៃប្រហែល ៤០ ០០០ ផោន (ប្រមាណ ៥១ ៦៦៨ ដុល្លារ) រថយន្ត Ariya ក៏បង្ហាញពីទិសដៅនៃការរចនាម៉ូតនាពេលអនាគតរបស់ក្រុមហ៊ុនយក្សជប៉ុននិងម៉ូដែលអនាគតផ្សេងទៀតផងដែរ។
ដោយមិនចាំបាច់ប្រើម៉ាស៊ីនសាំងឬម៉ាស៊ីនម៉ាស៊ូតធម្មតាដែលស៊ីកន្លែងផ្ទុកច្រើន និងជាមួយអាគុយដាក់នៅបាតឡាន រថយន្ត Ariya ទ្វារ ៥ ដ៏ធំទូលាយនេះនឹងក្លាយជាបងធំធៀបទៅនឹងរថយន្តអគ្គិសនី Nissan Leaf ដែលមានស្រាប់ដទៃទៀត ជាមួយនឹងផ្ទៃខាងក្នុងមានកន្លែងអង្គុយធំទូលាយ។
ជាមួយនឹងការរចនាម៉ូតដំបូលទាប ប្រធានរចនាម៉ូតរបស់ក្រុមហ៊ុន Nissan និយាយថា គោលបំណងគឺដើម្បីធ្វើឱ្យរថយន្តមាន “ភាពរលោងនិងសិចស៊ី”។
បំពាក់ដោយម៉ូទ័រអគ្គិសនីភ្លោះ ដែលអនុញ្ញាតឱ្យបើកបរកង់ទាំងបួនបាន ក្រុមហ៊ុន Nissan និយាយថា រថយន្ត Ariya សន្យានូវបទពិសោធន៍បើកបរដូចជារថយន្តស្ព័រ ជាមួយការរំពឹងទុកថាវានឹងស្ទុះដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើពេលត្រឹម ៥ វិនាទី ជាមួយនឹងល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និង អាចបើកបរបានចម្ងាយ ៤៨២ គីឡូម៉ែត្ររាល់ការសាកភ្លើងពេញ៕