​ឧកញ៉ា ​​ភារម្យ វិចិត្រ​ដាតា​ ៖ ​អ្នក​រត់​ម៉ូតូ​ឌុប​​ឆ្លាត​​​ ​​មាន​​​ឱកាស​​ធ្វើ​ជំនួញ​​​​ច្រើន​ជាង ​អ្នក​ធ្វើ​ការងារ​ក្នុង​​ម៉ាស៊ីន​ត្រជាក់ ​

  • 2019-10-28 01:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់​ៗ​រមែង​​មាន​ជំនាញ​ ឬ​ក៏​ការ​គិត​នៅ​​ផ្សេង​ៗ​គ្នា​ ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ក៏​ដូច​ជា​ការ​រស់​នៅ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ​កាន់​តែ​ប្រសើរ​​ឡើង​ តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​រក​ស៊ី​ ឬ​ធ្វើ​ការ​ ដែល​មិន​ខ្លាច​នឿយ​ហត់​ ទាំង​យប់​ទាំង​ថ្ងៃ​។ ​ដោយ​សារ​តែ​ការ​ខិត​ខំ​បែប​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​បុគ្គល​នោះ​កាន់​តែ​រីក​ចម្រើន​នៅ​ក្នុង​ការងារ ​ចំណែក​ឯ​ជីវិត​របស់​ពួក​គេ ​ក៏​កាន​តែ​ឆាប់​រីក​ចម្រើន​លឿន​ជាង​មុន​ទៅ​ទៀត​។​ ​​ជាក់​ស្ដែង​​លោក​ឧកញ៉ា ​ភារម្យ​ វិចិត្រ​ដាតា ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ​ECC​ ​ដែល​​ដើម​ឡើយ​ មាន​ប្រវត្តិ​​​ជា​អ្នក​រត់​ម៉ូតូ​ឌុប​បាន​ចែក​រំលែក​បទ​ពិសោធន៍​ ក្នុង​ឱកាស​អញ្ជើញ​អ្នក​រត់​ម៉ូតូ​ឌុប​ពិសា​អាហារ​សាមគ្គី​​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា​ មនុស្ស​ម្នាក់​ៗ​​ ឱ្យ​តែ​មាន​​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ​នឹង​ទទួល​បាន​ជោគជ័យ​​ជាក់​ជា​មិន​ខាន​ ​មិន​​ថា​​អ្នក​​នោះ​​​​ធ្លាប់​ធ្វើ​ការងារ​ ឬ​រក​ស៊ី​តូច​តាច​ ដូច​ជា​​ អ្នក​​ចាក់​សាំង ​​អ្នក​អនាម័យ​​ និង​អ្នក​រត់​ម៉ូតូ​ឌុប​​​​នោះ​ទេ​​។​

លោក​បាន​ឱ្យ​ដឹង​ថា​ តួយ៉ាង​ដូច​ជា​​​អ្នក​ប្រកប​​មុខ​របរ​អ្នក​រត់​ម៉ូតូ​ឌុប​ ​ដែល​អ្នក​ខ្លះ​គិត​ថា​ ជា​មុខ​របរ​តូច​តាច​​ ប៉ុន្តែ​​សម្រាប់​​លោក​​​មុខ​​របរ​នេះ​​មិន​​អន់​ឡើយ​ ផ្ទុយ​ទៅ​វិញ​​វា​ជា​មុខ​​របរ​មួយ​​​​ផ្ដល់​ឱកាស​ជា​ច្រើន​​​​ ក្នុង​ការ​ឈាន​​ទៅ​ពង្រីក​​មុខ​របរ​ធំ​ទៅ​ថ្ងៃ​ក្រោយ​​បាន​។ ​អ្នក​រត់​ម៉ូតូឌុប​​​​ គឺ​ជា​​​បុគ្គល​ឯក​រាជ​ និង​ជា​​អ្នក​ដែល​អាច​ក្ដាប់​បាន​​នូវ​ព័ត៌មាន​ជា​ច្រើន​​ ព្រោះ​​ពួក​​គេ​អាច​ធ្វើ​ដំណើរ​ទៅ​​​​ស្ទើរ​គ្រប់​ច្រកល្ហក​​​ទាំង​អស់​​។ គ្មាន​​អ្នក​ណា​​ម្នាក់​អាច​ធ្វើ​ដំណើរ​​បាន​ច្រើន​​កន្លែង និង​ច្រើន​ដង​​ជាង​អ្នក​រត់​ម៉ូតូ​ឌុប​ឡើយ​។ ​ករណី​នេះ​បើ​ប្រៀប​ធៀប​ អ្នក​ធ្វើ​ការងារ​នៅ​ការិយាល័យ​គឺ​ខុស​គ្នា​​ឆ្ងាយ​ណាស់។ អ្នក​ធ្វើ​ការ​ ក្នុង​ការិយាល័យ​​ ​អាច​ធ្វើដំណើរ​ ឬ​ចេញ​ក្រៅ​បាន​​តែ​ថ្ងៃ​សៅរ៍​ ឬ​ថ្ងៃ​អាទិត្យ​ ប៉ុណ្ណោះ​។ ​

អ្នក​រត់​ម៉ូតូ​ឌុប​អាច​ជួប​មនុស្ស​ថ្មី​ៗ​ជា​ច្រើន​ ​​អាច​​ដឹង​​​ពី​​តម្លៃ​​មុខ​ទំនិញ​​ថោក​ ឬ​ថ្លៃ​​ និង​ទី​​​កន្លែង​ ឬ​ផ្សារ​ ដែល​​មាន​តម្រូវ​ការ​ច្រើន​ ឬ​តិច​ ដែល​ជា​ឱកាស​មួយ​​អាចឱ្យ​គាត់​​បោះ​ជំហាន​ ក្នុង​អាជីវកម្ម​។

ទោះ​យ៉ាង​ណា​លោក​បាន​បន្ថែម​ថា​ ដើម្បី​ទទួល​ជោគជ័យ​​​អ្នក​រត់​ម៉ូតូឌុប​ ត្រូវ​​ប្រព្រឹត្តិ​ខ្លួន​​ឱ្យ​​ខុស​ពី​អ្នក​រត់​ម៉ូតូឌុប​​ធម្មតា​។ ​ការ​រត់​ម៉ូតូ​ឌុប​​ជា​អាជីព​ ប៉ុន្តែ​ផ្នត់​គំនិត​របស់​​យើង​ត្រូវ​​មាន​មហិច្ឆតា​​ខ្ពស់​។ ​​​អ្នក​រត់​ម៉ូតូ​ឌុប​វ័យក្មេង​ត្រូវ​ ​សិក្សា​​​រៀន​សូត្រ​ឱ្យ​មានចំណេះ​ ​ការ​ចេះ​សន្សំ​​សំ​ចៃ ភាព​ស្មោះ​ត្រង់​ ​​និង​​ការ​ចេះ​​ក្ដាប់​ឱកាស។ ត្រូវ​ព្យាយាម​មើល​ឱកាស​ សុខ​ចិត្ត​​ទ្រាំ​នឿយ ​​​កុំ​ទ្រាំ​ក្រ​។ ​កុំ​ខ្ជិល​ច្រអូស​។ "ដូច្នេះ​គ្មាន​​មុខ​​របរ​ណា​មួយ​​ ដែល​ថោក​ទាប ​នោះ​ទេ ឱ្យ​តែ​យើង​​រក​ស៊ី​​​ត្រឹម​ត្រូវ​​។ អ្នក​រត់​ម៉ូតូ​ឌុប​​ ត្រូវ​បង្កើន​ទំនុក​ចិត្ត​​ដល់​អតិថិជន​របស់​យើង​​ កាល​ណា​គាត់​មាន​ទំនុក​ចិត្ត​ជាមួយ​​យើង​គាត់​ហាន​ប្រើប្រាស់​សេវាកម្ម​របស់​យើង​​ ធ្វើ​ឱ្យ​ចំណូល​​កើន​​ឡើង​ ។​ ផុត​ពី​នោះ​​មក​​ត្រូវ​ចេះ​សន្សំ​លុយ​ កុំ​ចាយ​​វាយ​​ទៅ​​លើ​ការ​ផឹក​ស៊ី​​អត់​ប្រយោជន៍​។​​​​​​ ឧទាហរណ៍​ថា ​រត់​បាន​​១​​ម៉ឺន​​រៀល​​​ដក​ទុក​ ២​ពាន់​រៀល​ ។ អញ្ចឹង​យើង​អាច​យក​លុយ​ហ្នឹង​វិនិយោគ​​​​លើ​ចំណេះ​ និង​​ ការ​រក​ស៊ី​​បាន​”។

លោកបានបន្ថែម​ថា​ ជីវិត​អ្នក​​នឹង​មាន​ការ​ប្រែ​ប្រួល​ បើ​អនុវត្ត​នូវ​ចំណុច​ដូច​បាន​រៀបរាប់​ខាងលើ​ជោគជ័យ​​​​ ព្រោះ​​​​ប្រទេស​​កម្ពុជា​​នៅ​មាន​ឱកាស​​ធ្វើ​ជំនួញ​ច្រើន​ណាស់​ ​​។ លោក​រីក​រាយ​ជា​និច្ច​ ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ដល់​​សហគ្រិន​​វ័យ​ក្មេង​ និង​អ្នក​រត់​ម៉ូតូឌុប​ជា​ច្រើន​ទៀត​៕ ​​​​ អត្ថបទ៖ សុខផល ​